ឧស្ម័នកាបូនឌីអុកស៊ីត បានបំភាយទៅក្នុងបរិយាកាសប្រមាណ ៤០ ពាន់លានតោន ក្នុងមួយឆ្នាំ!

មកទល់ពេលនេះ ឧស្ម័ននៅក្នុងបរិយាកាសមានការប្រែប្រួលយ៉ាងខ្លាំង ជាពិសេសគឺកំណើនឡើងនៃកម្រិតឧស្ម័នផ្ទះកញ្ចក់ កាបូនឌីអុកស៊ីត (CO2) បានឡើងខ្ពស់ដល់ ៤១៩ ppm (Part Per Million) ដែលជាកម្រិតកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាង ៤ លានឆ្នាំ បរិមាណនេះបានកើនឡើងខ្ពស់ជាងឆ្នាំ២០២០ ប្រមាណ ១.៨២ ppm និងខ្ពស់ជាងមុនបដិវត្តន៍ឧស្សាហកម្មប្រហែល ៥០% ឯណោះ ជាមួយអាត្រាកំណើនឡើងខ្ពស់បំផុត ២.៤ ppm ក្នុងមួយឆ្នាំ។ 

របាយការណ៍ដែលបានសិក្សាស្រាវជ្រាវដោយ The National Oceanic and Atmospheric Administration បានបង្ហាញថា មុនបដិវត្តន៍ឧស្សាហកម្ម កម្រិតឧស្ម័នផ្ទះកញ្ចក់ កាបូនឌីអុកស៊ីត (CO2) ក្នុងបរិយាកាសភពផែនដី មានត្រឹមតែចំនួន 280 ppm ប៉ុណ្ណោះ ប៉ុន្តែមកទល់នឹងឆ្នាំ២០២១ នេះ បរិមាណឧស្ម័នកាបូនឌីអុកស៊ីតក្នុងបរិយាកាស បានកើនឡើងដល់ជាង ៤១៩ ppm ជាមួយអាត្រាកំណើន ២.៤ ppm ឬប្រមាណ ៤០ ពាន់លានតោនបានបំភាយចេញក្នុងមួយឆ្នាំ រយៈពេល ១០ ឆ្នាំចុងក្រោយនេះ ខណៈដែលពិភពលោកបានបាត់បង់ព្រៃឈើជាច្រើន ធ្វើឲ្យការស្រូបយកឧស្ម័នពុលទាំងនេះមានការធ្លាក់ចុះជាងមុនច្រើន។ ទិន្នន័យខាងលើនេះបានកត់សម្គាល់ឃើញថា នៅយុគសម័យ Pliocene កាលពីជាង ៤ លានឆ្នាំមុន មានបាតុភូតនៃកំណើនឡើងបរិមាណកាបូនឌីអុកស៊ីតក្នុងកម្រិតខ្ពស់ដូចបច្ចុប្បន្ននេះ ដែលបានបណ្ដាលឲ្យភពផែនដីមានការប្រែប្រួលយ៉ាងខ្លាំងដូចជា កម្ពស់ទឹកសមុទ្រឡើងខ្ពស់ជាងមុន ២៣ ម៉ែត្រ, កម្ដៅផែនដីឡើងខ្ពស់ជាងមុន 7°F និងមានព្រៃឈើជាច្រើនដុះនៅតំបន់ប៉ូល Artic។ 

ក្នុងបដិវត្ដន៍ឧស្សាហកម្មនេះ យើងកត់សម្គាល់ឃើញថា កំណើនឡើងនៃបរិមាណ CO2 ក្នុងបរិយាកាសបណ្ដាលមកពី៖ ចំហេះយានយន្ដ, ថាមពលអគ្គិសនីធ្យូងថ្ម, ការបាត់បង់គម្របព្រៃឈើ, ភ្លើងឆេះព្រៃ និងបន្ទុះភ្នំភ្លើង -ល-។ បើធៀបទៅចុងយុគសម័យ Ice Age បរិមាណកាបូនឌីអុកស៊ីតក្នុងបរិយាកាសបានកើនឡើងប្រមាណ ៨០ ppm ប្រើប្រាស់រយៈពេល ៦,០០០ ឆ្នាំដើម្បីឲ្យកម្ដៅផែនដីកើនឡើងវិញ។ ប៉ុន្តែបរិមាណកំណើនកាបូនឌីអុកស៊ីត ៨០ ppm នេះប្រើប្រាស់ពេលត្រឹម ៤២ ឆ្នាំប៉ុណ្ណោះ (១៩៧៩-២០២១) នៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មនេះ។ អញ្ចឹងគេអាចសន្និដ្ឋានបានថា យុគសម័យឧស្សាហកម្ម នឹងមានបញ្ហាបម្រែបម្រួលអាកាសធាតុខ្លាំង ជាមួយគ្រោះធម្មជាតិជាញឹកញាប់បំផុតដូចជា៖ ខ្យល់ព្យុះ, ភ្លើងឆេះព្រៃ, ទឹកជំនន់, គ្រោះរាំងស្ងួត, កំណើនកម្ពស់ទឹកសមុទ្រ, និងមានភ្លៀងអាស៊ីតច្រើន -ល-។ ដូចនេះ ទើបនៅក្នុងឆ្នាំ២០១៦ ពិភពលោកបានរៀបចំកិច្ចព្រមព្រៀងទីក្រុងបារីស លើបញ្ហាបម្រែបម្រួលអាកាសធាតុ (Paris Agreement on Climate Change) ដែលមានប្រទេសសមាជិកចំនួន ១៩៦ ប្រទេសបានប្ដេជ្ញាចូលរួមដោះស្រាយផលប៉ះពាល់ទាំងនោះឲ្យមកកម្រិតទាបបំផុត។

គួរកត់សម្គាល់ថា វិបត្តិជំងឺកូវីដ-១៩ ការរាំងខ្ទប់បានកាត់បន្ថយការធ្វើដំណើរ ដឹកជញ្ជូន និងសកម្មភាពយានយន្ដប្រមាណ ៧% មកហើយជុំវិញពិភពលោក ប៉ុន្តែបរិមាណនៃឧស្ម័ន CO2 ពុំមានការធ្លាក់ចុះខ្លាំងឡើយដោយសារកំណើនខ្ពស់ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ហើយអ្នកវិទ្យាសាស្ត្របានបង្ហាញថា ម៉ូលេគុលនីមួយៗរបស់ឧស្ម័ន CO2 នេះអាចស្ថិតនៅក្នុងបរិយាកាសបានរយៈពេល ១,០០០ ឆ្នាំឯណោះ។