ពាក្យ «មហាសេដ្ឋី» គឺជាអ្វីដែលមនុស្សភាគច្រើនប្រាថ្នាចង់បាន ព្រោះមហាសេដ្ឋីមានប្រាក់ច្រើន គេអាចធ្វើអ្វីៗដែលខ្លួនចង់បានយ៉ាងងាយស្រួល។ ឧទាហរណ៍ កាលពីយើងនៅជាកុមារ ហើយមានគេសួរយើងថា «ធំឡើងចង់ធ្វើអី?» ប្រសិនបើយើងខ្ជិលគិតរកនឹកច្រើន នោះយើងអាចឆ្លើយបានយ៉ាងងាយថា «ចង់ធ្វើមហាសេដ្ឋី! ឬ ចង់ធ្វើជាអ្នកមាន!» ជាការពិតណាស់ តើអ្នកណាចង់ធ្វើជាអ្នកក្រ?
អញ្ចឹង វាជារឿងសាមញ្ញទៅហើយ ដែលមនុស្សភាគច្រើនចាប់ផ្ដើមយកគម្រូមហាសេដ្ឋីមករៀនសូត្រតាម ក្នុងនោះមានបុគ្គលល្បីៗដូចជា Donald Trump, Jack Ma, Bill Gates, Richard Branson, Warrren Buffet, Steve Jobs -ល-។ អ្វីដែលជាបញ្ហា មនុស្សមួយចំនួនគេតែងតែរៀនសូត្រអំពីភាពជោគជ័យនៃបុគ្គលជោគជ័យ ប៉ុន្តែគេភ្លេចសង្កេតមើលថាតើអ្វីដែលជាជំហ៊ាននីមួយៗអាចធ្វើឲ្យពួកគេជោគជ័យបានហើយធៀបនឹងជំហ៊ានរបស់យើង ជាពិសេសគឺភ្លេចរៀនសូត្រអំពីភាពបរាជ័យរបស់បុគ្គលជោគជ័យ។
ជំហ៊ានជោគជ័យរបស់បុគ្គលនីមួយ គឺសុទ្ធសឹងកើតចេញអំពីទម្លាប់ល្អរបស់ពួកទាំងអស់ បូកផ្សំជាមួយក្ដីស្រមៃ ការរៀបផែនការមេ និងសម័យកាលនៃឱកាសមកដល់។ ចំណែកទម្លាប់ គឺជាជោគវាសនារបស់មនុស្សម្នាក់ៗ ទម្លាប់អាចនាំយើងទៅរកជោគជ័យ និងបរាជ័យបាន អាស្រ័យលើយើងជាអ្នកគ្រប់គ្រងវា ហាក់ដូចជាយើងជាអ្នកកាន់ចង្កូតនាវា សម្រាប់បញ្ជាអញ្ចឹងដែរ ហើយប្រសិនបើអ្នកធ្លាប់អានសៀវភៅ The 7 Habits of Highly Effective People និងសៀវភៅ The 7 Habits of Highly Effective Teens របស់ Stephen Covey និង Sean Covey ទៀតនោះអ្នកនឹងយល់យ៉ាងច្បាស់ថា ភាពជោគជ័យគឺស្ថិតនៅលើទម្លាប់ស្ទើរទាំងស្រុងទៅហើយ។ ដូចនេះ បុគ្គលជោគជ័យខាងលើទាំងអស់នេះ សុទ្ធសឹងជាគ្រប់គ្រងទម្លាប់បានល្អបំផុត។ អញ្ចឹងថ្ងៃនេះយើងនឹងមករៀនអំពីទម្លាប់ទាំង ៦ ដែលមហាសេដ្ឋីតែងតែធ្វើជាប្រចាំ ដើម្បីអាចឲ្យយើងរៀនសូត្រតាម។
១. ក្រោកពីព្រលឹម
ស្ដាប់ទៅហាក់ដូចជាសាមញ្ញ ប៉ុន្តែមនុស្សដែលមានមហិច្ឆតាខ្ពស់សុទ្ធតែក្រោកពីព្រលឹម នៅក្រោមហេតុផលផ្សេងៗពីគ្នា។ ជាក់ស្ដែងលោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple គាត់តែក្រោកតាំងពីម៉ោង ៤:៣០ ព្រឹកដើម្បីចាប់ផ្ដើមមើល email មើលរបាយការណ៍ និងដំណើរការរយៈពេលកន្លះម៉ោង ហើយនៅម៉ោង ៥ គាត់ចាប់ផ្ដើមទៅក្លឹបកីឡា ដើម្បីហាត់ប្រាណ។ មិនមែនតែលោក Tim Cook ទេ! ក៏មានលោក Howard Schultz នាយកក្រុមហ៊ុន Starbucks, លោក Bob Iger និងលោក Richard Branson នាយកក្រុមហ៊ុន Disney, លោក Indra Nooyi នាយកក្រុមហ៊ុន Pepsi -ល- សុទ្ធសឹងជាអ្នកនិយមក្រោកពីព្រលឹមម៉ោង ៤:៣០ ព្រឹកទាំងអស់។ តាមការស្រាវជ្រាវបានបង្ហាញថា នៅពេលព្រលឹម គឺជាពេលដែលយើងអាចធ្វើការបានល្អបំផុត បន្ទាប់ពីខួរក្បាលរបស់យើងបានសម្រាកជាច្រើនម៉ោង។ ដូចនេះហើយបានជា ការរៀនសូត្រនៅពេលព្រឹកធ្វើឲ្យយើងឆាប់ចាំ គិតបានរហ័ស ជាងពេលណាទាំងអស់។ ហេតុនេះហើយ ទើបសាលាល្បីៗនៅប្រទេសមួយចំនួន តម្រូវឲ្យសិស្សចូលរៀនតាំងពីម៉ោង ៦ ព្រឹក ដើម្បីមានឱកាសបានធ្វើអ្វីៗមុនគេ និងរៀនមានប្រសិទ្ធភាពជាងគេ។
២. ចំណាយពេលវេលាឲ្យមានប្រសិទ្ធភាពបំផុត
សម្រាប់មហាសេដ្ឋី ឬបុគ្គលជោគជ័យ គេបែងចែកពេលវេលាច្បាស់លាស់ខ្លាំងណាស់ ហើយមិនងាយនឹងចាយពេលវេលាអត់ប្រយោជន៍នោះទេ ជាក់ស្ដែងលោក Oprah Winfrey និងលោក Warren Buffett គាត់មិនចូលចិត្តយកពេលទៅពិភាក្សាអំពីអ្វីៗដែលនៅឆ្ងាយនោះទេ ប៉ុន្តែគាត់យកពេលវេលាមកចាប់ផ្ដើមបង្កើតវាតែម្ដង។ សម្រាប់អ្នកជោគជ័យ ពេលវេលាគឺមានតម្លៃខ្លាំងណាស់ ដែលសុភាសិតខ្មែរយើងតែនិយាយថា «ពេលវេលាជាមាសប្រាក់» ដូចនេះហើយ មនុស្សម្នាក់ៗគេតែងតែងឲ្យយើងធ្វើកាលវិភាគប្រចាំថ្ងៃ ដែលបែងចែកថា តើថ្ងៃនេះយើងត្រូវធ្វើអ្វីខ្លះ ហើយទទួលបានលទ្ធផលអ្វីខ្លះ? ចំណែកលោក Barack Obama អតីតនាយករដ្ឋមន្ត្រីអាមេរិចវិញ គាត់បែងចែកពេលវេលាល្អិតរហូតដល់ ៥ នាទីឯណោះ! តើ ៥ នាទីនេះនិង ៥ នាទីក្រោយ តើគាត់ត្រូវធ្វើអ្វីខ្លះ? ដើម្បីប្រើប្រាស់ពេលវេលា ២៤ ម៉ោងរបស់គាត់ ឲ្យអស់លទ្ធភាពតែម្ដង។
៣. អ្នកជោគជ័យ មានសិល្បៈក្នុងការបដិសេធ
មហាសេដ្ឋីគ្រប់រូប សុទ្ធសឹងជាអ្នកមានប្រជាប្រិយភាព ដូចនេះគេតែងតែប្រយ័ត្ននូវពាក្យសម្ដីរបស់ខ្លួនខ្លាំងណាស់ ជាពិសេសគឺការបដិសេធចំពោះសំណើរអ្នកដ៏ទៃ ដែលមិនធ្វើឲ្យគេអន់ចិត្ត។ លោក Warren Buffet បានលើកឡើងថា មនុស្សជោគជ័យធម្មតា និងមនុស្សជោគជ័យកំពូល ខុសគ្នាត្រង់ថាមនុស្សជោគជ័យកំពូលតែងតែបដិសេធនូវ ការចង់បានរបស់អ្នកដទៃ ប៉ុន្តែគេមានសិល្បៈខ្ពស់ក្នុងការធ្វើវា។ ជាការពិតណាស់ នៅពេលយើងជាមហាសេដ្ឋី មានកេរ្តិ៍ឈ្មោះល្បីល្បាញ យើងតែងមានអ្នកស្រលាញ់រាប់អានច្រើន ប៉ុន្តែយើងគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់ផ្គាប់ចិត្តមនុស្សគ្រប់គ្នានោះទេ។ អញ្ចឹងហើយ យើងត្រូវរៀនបដិសេធសំណើរអវិជ្ជមានទាំងអស់ចោល ប៉ុន្តែបដិសេធប្រកបដោយវិជ្ជាជីវៈខ្ពស់។
៤. ប្រើប្រាស់លុយ ឲ្យធ្វើការ
ពាក្យមួយនេះ យើងតែងតែលឺជារឿយៗ ថាមនុស្សជោគជ័យគឺជាអ្នកចេះគ្រប់គ្រងនូវទ្រព្យសម្បត្តិរបស់ខ្លួន ព្រោះគេដឹងពីវិធីប្រើលុយបង្កើតលុយ នោះគឺយកលុយមកវិនិយោគ។ ៩០% នៃមហាសេដ្ឋីសុទ្ធសឹងតែកើតចេញពីគ្រួសារត្រកូលអ្នកក្រ ហើយជំនួញភាគច្រើនគឺចេញពីប្រាក់តិចតួច ប៉ុន្តែប្រាក់ ១ ដុល្លារៗរបស់គាត់ គឺអាចសន្សំទៅជាជំនួញរាប់លានបាន។ ការវិនិយោគទាំងអស់នោះ គឺតែងតែមានបរាជ័យខ្លះ ព្រោះអ្នកជំនួញដែលធ្លាប់ក្ស័យធន មានស្ទើរតែគ្រប់រូបទៅហើយ។ យ៉ាងក៏ដោយ ពួកគាត់មានភាពវ័យឆ្លាតក្នុងការប្រើប្រាស់លុយទៅលើអាជីវកម្មត្រឹមត្រូវ និងបង្កើតឱកាសមួយក្នុងការវិនិយោគតែម្ដង។
៥. ដាក់គោលដៅច្បាស់លាស់
មនុស្សជោគជ័យមិនដែលវិលវល់នោះទេ ពោលគេមានក្ដីស្រមៃជាក់លាក់ណាស់ ហើយគេបានដឹងអំពីជំហ៊ាននៃការដើរទៅរកក្ដីស្រមៃទៀត នោះទើបអាចដើរដល់បាន។ ជាក់ស្ដែងលោក Jack Ma ជានាយកប្រតិបត្តិក្រុមហ៊ុន Alibaba គាត់មានក្ដីស្រមៃច្បាស់លាស់ថា គាត់នឹងធ្វើបង្កើតទីផ្សារ E-commerce មួយ ដែលសម្រួលដល់អ្នកលក់ និងអ្នកទិញ អាចមានទំនាក់ទំនងគ្នាបានយ៉ាងស្រួល និងរហ័ស ក្នុងគោលបំណងជំរុញពាណិជ្ជកម្មឲ្យជឿនលឿន។ ការដាក់គោលដៅច្បាស់លាល់ បានជួយឲ្យយើងរៀបចំជំហ៊ានដើរងាយស្រួលថាមួយខែនេះ យើងត្រូវសម្រេចឲ្យបានអ្វី ទើបអាចដើរដល់ដំណាក់កាលនោះ? មិនយូរមិនឆាប់ យើងនឹងអាចដើរដល់គោលដៅដែលយើងបានដាក់។
៦. ព្យាយាមអភិវឌ្ឍន៍ខ្លួន
លោក Dan Lok បាននិយាយនៅក្នុងវីឌីអូឃ្លីបមួយមានចំណងជើងថា 7 Things Poor People DO That The Rich DON’T ហើយចំណុចទី ១ ដែលគាត់លើកឡើងគឺ អ្នកក្រចូលចិត្តមើលទូរទស្សន៍ ចំណែកអ្នកមានព្យាយាមអានសៀវភៅ។ គឺជាការពិតណាស់ ដែលអ្នកមានតែងអានសៀវភៅ និងអភិវឌ្ឍន៍ខ្លួនជាប្រចាំ ដើម្បីឲ្យទាន់សម័យកាល និងពង្រីកសក្ដានុពលក្រុមហ៊ុនរបស់ខ្លួន ព្រោះថាការប្រកួតប្រជែងក្នុងសតវត្សទី ២១ មានច្រើន ប្រសិនបើមិនអភិវឌ្ឍន៍ខ្លួនទេនោះ មហាសេដ្ឋីគ្រប់រូបងាយនឹងក្ស័យធន់បំផុត។ សូម្បីតែលោក Jack Ma ក៏បង្ហាញថាគាត់អភិវឌ្ឍន៍ខ្លួនជាប្រចាំផងដែរ នូវរាល់ម៉ោង ៦ ទៅដល់ម៉ោង ១២ យប់គឺជាពេលដែលគាត់អភិវឌ្ឍន៍ខ្លួនឯង ពិសេសគឺរៀនសូត្រអំពីគូរប្រជែងរបស់គាត់ ដោយគាត់លើកឡើងថា គាត់មិនចាត់ទុកគូរប្រជែងជាសត្រូវនោះទេ ប៉ុន្តែគឺជាអ្នកដែលគាត់អាចរៀនសូត្រពីគេ និងអភិវឌ្ឍន៍សមត្ថភាពខ្លួនឯងឲ្យកាន់តែខ្លាំង។
ជាសរុបមក ទាំងអស់នេះ សុទ្ធសឹងតែជាទម្លាប់ល្អៗរបស់អ្នកមាន ឬមហាសេដ្ឋីជាច្រើនរូប ដែលយើងគួររៀនសូត្រតាម ព្យាយាមអភិវដ្ឍន៍ខ្លួន ដោយយកទម្លាប់អាក្រក់អវិជ្ជមានចេញ និងយកទម្លាប់អ្នកមានមកដាក់ខ្លួន រៀនដើរតាមជំហ៊ានអ្នកជោគជ័យ ព្រោះថាវិថីអ្នកជោគជ័យ គ្មានដានជើងមនុស្សខ្ជិលនោះទេ។