ជប៉ុន៖ ខ្យល់ព្យុះធំជាងគេបំផុត ដែលជប៉ុនមិនធ្លាប់ជួបប្រទះក្នុងរយៈពេលជាងមួយទសវត្សកន្លងមកនេះ ដែលមានឈ្មោះថា Hagibis បានវាយប្រហារប្រជាជន លំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាទ្រព្យសម្បត្តិជាច្រើនរាប់មិនអស់ ធ្វើឲ្យចុងឆ្នាំ ២០១៩ នេះ ជប៉ុនខូចខាត និងខាតបង់ទ្រព្យយ៉ាងច្រើន។ ប្រភពព័ត៌មានអន្តរជាតិ បានចេញផ្សាយត្រឹមថ្ងៃអាទិត្យកន្លងទៅនេះថា ខ្យល់កន្ត្រាក់ លលកខ្ពស់ៗ ជាច្រើន បានវាយប្រហារជប៉ុន កាលពីសៅរ៍ នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរតំបន់ ដែលបានចុះផ្សាយ។
ខ្យល់ព្យុះ Hagibis បានគំរាមកំហែងទ្រព្យសម្បត្តិរបស់ជប៉ុនយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយក្នុងហេតុការណ៍នោះ បានបណ្ដាលឲ្យមនុស្សយ៉ាងតិច ១៦នាក់បាត់ខ្លួន និង១០ នាក់ផ្សេងទៀតបានស្លាប់បាត់បង់ជីវិត (គិតត្រឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩) ខណៈប្រជាជនជប៉ុនជាង ១០០ នាក់ផ្សេងទៀត បានរងរបួសធ្ងន់ ស្រាល។ ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ខ្យល់ព្យុះខ្នាតយក្ស ដែលមានទំហំដល់ទៅ ១,៤០០ គីឡូម៉ែត្រ ដែលទំហំនេះធំជាងប្រទេសជប៉ុនទៀតនោះ បានវាយប្រហារតំបន់សំខាន់ៗរួមមានដូចជា៖ Gunma, Saitama, Kanagawa, Yamanashi, Nagano និង Shizuoka ជាមួយនឹងទឹកភ្លៀង ខ្យល់ រន្ទះ ជាអាទិ៍ ដែលប្រព័ន្ធប្រកាសអាសន្នរបស់ជប៉ុនផ្ទាល់ នៅតែបន្តបង្ហាញអំពីភាពមិនប្រក្រតីនៃចរិកខ្យល់ព្យុះនេះ គឺវានៅតែមានឥទ្ធិពល និងបន្តប្រកាសអាសន្នទៅដល់ប្រជាជនជប៉ុនគ្រប់រូបការពារខ្លួនគ្រប់ពេលវេលាតាមដែលអាចធ្វើទៅបាន។
ជាលទ្ធផល នៃតំបន់ ដែលត្រូវបានទទួលរងការវាយប្រហារ ផ្ទះជាង ៥០ ម៉ឺនខ្នងត្រូវបានកាត់ផ្ដាច់ពីចរន្តអគ្គិសនី និងទឹកស្អាត ថែមទាំងជាង ១៤,០០០ ខ្នាងផ្សេងទៀត បានលិចលង់ក្នុងទឹកជំនន់ ផុកល្បាប់។ មិនតែប៉ុណ្ណោះ វាបានធ្វើឲ្យមានការបាក់ដី បាក់ច្រាំងទន្លេ ធ្វើឲ្យទឹកជំនន់ជន់លិចនៅតំបន់ទាបៗមួយចំនួន។ អាជ្ញាធរក្នុងតំបន់បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា “កម្រិតទឹកទន្លេ រួមមានដូចជាទន្លេ Tama និង Arakawa បានកើនឡើងដល់កម្រិតប្រកាសអាសន្ន ដោយសារតែទឹកភ្លៀងមកជាមួយព្យុះកំណាចមួយនេះ ខណៈទន្លេចំនួន ៥ បានលិចលង់ ហើយអាជ្ញាធរបានបញ្ចេញក្រុមជួយសង្គ្រោះបន្ទាន់រួមមានប៉ូលីស ទាហាន ពេទ្យ ប្រមាណជា ១៧,០០០ នាក់ ក្នុងការចុះជួយសង្គ្រោះប្រជាជន តាមជើងទឹក និងជើងអាកាសផងដែរ”។
អគារលំនៅដ្ឋាន អាផាតមិន ហារលក់ទំនិញខ្នាតតូចធំ នៅក្នុងដែនដី នៃទីក្រុងកូក្យូ ត្រូវបានបិទទ្វាជាបន្ទាប់ កាលពីថ្ងៃសៅរ៍ ស្របពេលសេវាកម្មដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវគោក ផ្លូវដែក និងផ្លូវអាកាស ត្រូវបានផ្អាក ជាបណ្ដោះអាសន្នភ្លាមៗ បន្ទាប់ពីអាជ្ញាធរធ្វើសេចក្ដីប្រកាសអាសន្ន។ មកទល់នឹងពេលនេះ ជប៉ុន នៅមិនទាន់គិចផុតពីការវាយប្រហាររបស់ព្យុះដ៏ធំមួយនេះ បាននៅឡើយទេ ដូច្នេះរបាយការណ៍របស់អាជ្ញាធរ ជុំវិញការប៉ះពាល់ដល់អាយុជីវិត សុវត្ថិភាពប្រជាជន ការខូចខាតខាងទ្រព្យសម្បត្តិ ជាដើម នៅមិនទាន់សរុបសេចក្ដីបាននៅឡើយទេ។ ម្យ៉ាងវិញទៀតចំនួននៃការខូចខាត ការបាតបង់ផ្សេងៗទៀត នឹងត្រូវអាប់ដេតជាបន្តបន្ទាប់ទៀត មានតែសង្ឃឹម និងបន់ស្រន់ជូនប្រជាពលរដ្ឋជប៉ុន ឲ្យរួចផុតពីគ្រោះធម្មជាតិមួយនេះ តែប៉ុណ្ណោះ។