នៅអាស៊ី មានការអភិវឌ្ឍន៍រីសត សណ្ឋាគារលំដាប់ខ្ពស់ច្រើនបំផុតមួយ តំបន់អាស៊ីមាន ប្រទេសរស់នៅច្រើន ហើយក៏មានចំនួនភ្ញៀវទេសចរ ច្រើនជាងគេបំផុតនៅលើ ពិភពលោកផងដែរ។
គេហទំព័រទេសចរណ៍ Travel + Leisure បានរៀបចំការស្ទង់មតិពីមិត្តអ្នកអាន ដើម្បីស្វែងរករីសត ដែលល្អបំផុតប្រចាំនៅអាស៊ីប្រចាំឆ្នាំ ២០២២ ដោយផ្អែកទៅលើគ្រឿងបរិក្ខារចនាបថ ទីតាំងរីសត សេវាកម្ម ម្ហូបអាហារ និងតម្លៃរួមផ្សេងៗទៀត។
១/ រីសត Waldorf Astoria Maldives Ithaafushi ប្រទេសម៉ាល់ឌីវ
រីសតនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន Hilton ក្លាយជារីសតល្អជាងគេបំផុត ប្រចាំឆ្នាំ២០២២ ត្រូវបានគេស្គាល់ថាជា រីសតដ៏ប្រណិតបំផុត នៅមហាសមុទ្រឥណ្ឌា គេអាចធ្វើដំណើរប្រហែល ៤៥ នាទីពីរដ្ឋធានី Malé ប្រទេសម៉ាល់ឌីវ ស្ថិតនៅលើកោះតូចមួយ ហៅថា Malé Atoll ជាបណ្ដុំនៃបឹងហ្គាឡូ បែបវីឡាទំហំ ២ ៥០០ ហ្វីតការ៉េ មានអាងហែលទឹកឯកជន សួនច្បារ និងឆ្នេរខ្សាច់នៅខាងមុខ អមទៅដោយទេសភាព ផ្ទៃសមុទ្រយ៉ាងខៀវស្រងាត់។
២/ រីសត Capella Ubud កោះបាលី ឥណ្ឌូនេស៊ី
ស្ថិតនៅបេះដូងនៃតំបន់ព្រៃត្រូពិក កោះបាលី ប្រទេសឥណ្ឌូនេស៊ី រីសតមួយនេះ ជួយផ្សាភ្ជាប់ភ្ញៀវទេសចរ ទៅនឹងព្រៃធម្មជាតិ ដ៏ស្រស់ស្អាតបំផុត និងផ្ដល់នូវប្រណិតភាព ក្នុងការស្នាក់នៅបែបជំរុំអឺរ៉ុប សម័យឆ្នាំ ១៨០០ មានចំនួន ២១ បន្ទប់គេង គេចចេញពីតំបន់មមាញឹកនៃទីក្រុង គេអាចរីករាយជាមួយធម្មជាតិ និងអាងហែលទឹកឯកជន មានរាលហាលសម្រាប់សម្រាក កន្លែងញ៉ាំអាហារខាងក្រៅ និងមានរចនាបទខាងក្នុង បែបសិល្បៈបាលីផងដែរ។
៣/ សណ្ឋាគារ The Oberoi Udaivilas ប្រទេសឥណ្ឌា
ស្ថិតនៅទីក្រុង Udaipur ឬគេស្គាល់ថា City of Lakes ជាអតីតអាណាចក្រ Mewar សណ្ឋាគារមួយនេះ ស្ថិតនៅលើកំពូលភ្នំធំមួយ ប្រៀបដូចជារាជវាំង និងប្រាសាទដ៏សអស្ចារ្យ អមទៅដោយសួនច្បារ និងទីធ្លារដ៏ធំទូលាយ។ The Oberoi Udaivilas ជាសណ្ឋាគារផ្កាយ ៥ ដែលប្រណិតជាងគេបំផុតក្នុងទីក្រុង និងមានសួនច្បារ ទីធ្លាទំហំជាង ១,២ លានម៉ែត្រការ៉េ ជាមួយអគាររចនាបថ ពីដើមសតវត្សទី១៦។
៤/ The Oberoi Amarvilas ប្រទេសឥណ្ឌា
ស្ថិតនៅទីក្រុង Agra ជាអតីតរាជធានីនៃអាណាចក្រ Mughal ចន្លោះពីសតវត្សទី១៦ និងទី ១៧ សណ្ឋាគារនេះស្ថិតនៅតែចម្ងាយ ៦០០ ម៉ែត្រប៉ុណ្ណោះពី តំបន់បេតិកភណ្ឌពិភពលោក វិមាន Taj Mahal ដែលជាអច្ឆរិយវត្ថុ មួយក្នុងចំណោម ៧ របស់ពិភពលោក។ ទេសភាពនេះ សណ្ឋាគារ Oberoi Amarvilas រៀបចំដូចជាវិមានដ៏ធំមួយ ស្ថិតនៅតំបន់ទេសចរណ៍យ៉ាងសំខាន់ ជាមួយការរៀបចំសួនច្បារ សួនស្មៅបៃតងធំទូលាយ មានអាងទឹករាំ អាងហែលទឹក និងអគារសណ្ឋាគារ បែបប្រាសាទដ៏ពិសិដ្ឋ។ សណ្ឋាគារ លំដាប់ផ្កាយ៥ នេះគេអាចមើលឃើញវិមាន Taj Mahal ពីកញ្ចក់បង្អួចតែម្ដង និងផ្ដល់បទពិសោធន៍ ស្នាក់នៅមិនអាចបំភ្លេចបាន។
៥/ សណ្ឋាគារ Raffles Grand Hotel d'Angkor ប្រទេសកម្ពុជា
បើកដំណើរការតាំងពីឆ្នាំ ១៩៣២ សណ្ឋាគារ Raffles Grand Hotel d’Angkor ជាសណ្ឋាគារដ៏លេចធ្លោបំផុត មួយនៅឥណ្ឌូចិន ដែលផ្សារភ្ជាប់វប្បធម៌ និងប្រវត្តិសាស្ត្រ ជាពិសេសសណ្ឋាគារនេះ ស្ថិតនៅដែនដីសុវណ្ណភូមិ ខេត្តសៀមរាប ដែលជាផ្ទះនៃបណ្ដុំប្រាសាទ អច្ឆរិយជាច្រើន អភិរក្សដោយអង្គការ UNESCO ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ រចនាបថនៃសណ្ឋាគារ Raffles Grand Hotel d’Angkor ត្រូវបានទទួលឥទ្ធិពល ពីបស្ចឹមលោក ដូចទៅនឹងសណ្ឋាគារ Raffles ផ្សេងៗទៀតនៅ តំបន់អាស៊ីប៉ាស៊ីហ្វិកដែរ ប៉ុន្តែ Raffles Grand Hotel d’Angkor មានទីធ្លារសួនច្បារ បែបតំបន់ត្រូពិកទំហំ ៦ ហិកតា និងមានអាងហែលទឹកដ៏ប្រណិត ល្អបំផុតសម្រាប់ សម្រាកបន្ទាប់ពីធ្វើ ដំណើរទស្សនាតំបន់ប្រាសាទខ្មែរ និងកម្សាន្ដនៅក្រុងសៀមរាប។