សហគមន៍កំពង់ឃ្លាំង ជាតំបន់អេកូទេសចរណ៍ ដែលភ្ញៀវទេសចរ អាចជិះទូកលំហែកម្សាន្ត ជាមួយទេសភាពធម្មជាតិ និងស្វែងយល់ពីការរស់នៅ របស់ប្រជាជននៅទីនោះបាន


សហគមន៍កំពង់ឃ្លាំង មានទីតាំងស្ថិតនៅ ក្នុងភូមិកំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ដែលមាន ចំងាយប្រមាណជា ៤៥គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។ សហគមន៍កំពង់ឃ្លាំង ជារមណីយដ្ឋាន ទេសចរណ៍បែបធម្មជាតិ និងវប្បធម៌ នៅទីនេះមានសក្តានុពល ទេសចរណ៍ សំខាន់ៗដូចជាបឹងទន្លេសាប អាហារធម្មជាតិ ព្រៃធម្មជាតិ។ នៅទីនេះ ភ្ញៀវទេសចរអាចមក ជិះទូកលំហែកម្សាន្ត ស្វែងយល់ពីជីវភាព រស់នៅរបស់ប្រជាជនក្នុងតំបន់។ ប្រជាពលរដ្ឋនៃឃុំនេះ ភាគច្រើនប្រកបរបរនេសាទត្រី និងកែច្នៃទិន្នផល ត្រីទៅជាប្រហុក ត្រីងៀត ត្រីឆ្អើរជាដើម សម្រាប់ទ្រទ្រង់ជីវភាព ប្រចាំថ្ងៃតជំនាន់។

នាល្ងាចថ្ងៃរៀបនឹងលិច ប្រជានេសាទ ជាពិសេសបុរសៗ បានវិលត្រឡប់ពី ការនេសាទត្រី ចំណែកស្រ្តីៗ នៅរងចាំនៅកំពង់ ដើម្បីប្រមូលទិន្នផល ធម្មជាតិទាំងនោះទុកដាក់ និងបែងចែកលក់បន្តជាដើម។ ជីវភាពរបស់ប្រជាពលរដ្ឋ ឃុំកំពង់ឃ្លាំងនេះ ពឹងលើការនេសាទត្រី ដោយប្រជាពលរដ្ឋខ្លះ ចេញទៅបោះទូកនេសាទ ជាកន្លែងស្នាក់នៅលើផ្ទៃទន្លេ ដើម្បីងាយស្រួល ប្រមូលផលត្រីនាំមកលក់ នៅកំពង់វិញ។ ត្រីឆ្អើរបានក្នុង ១ ថ្ងៃៗ ចាប់ពី ២០ គីឡូក្រាម ទៅជាង ១០០ គីឡូក្រាម ទៅតាមថ្ងៃណាដែលមានត្រីតិច ឬច្រើន។ ក្រៅពីធ្វើត្រីឆ្អើរ អ្នកស្រុកធ្វើប្រហុក ផ្អក និងត្រីងៀត សម្រាប់ទុកលក់ផងដែរ។

ត្រីឆ្អើរ ជាត្រីចង្វារមូល អាចលក់បានមួយចង្កាក់ជាង ១០០០រៀល ហើយបើត្រីធំៗវិញ លក់មួយចង្កាក់ ចាប់ពី ២០០០ ទៅ ៥០០០ រៀល។ មុខរបរធ្វើត្រីឆ្អើរ លក់អាចជួយទ្រទ្រង់ជីវភាពគ្រួសារ អ្នកស្រុកបានល្អប្រសើរ។ ដោយឡែកសម្រាប់ សហគមន៍នានា ជាពិសេសក្នុងនៅឃុំកំពង់ឃ្លាំង ជាដើមតែងតែចុះ កែច្នៃត្រីតាមទម្លាប់នេះ ស្ទើរគ្រប់កន្លែង នៅក្នុងនោះមានសហគមន៍ទួលនាង ក្រៅពីប្រកបការងារស្រែចម្ការពួក គាត់ឆ្លៀតប្រកបរបរនេសាទ ដើម្បីយកត្រីមកធ្វើផ្អក ប្រហុក ត្រីឆ្អើរ សម្រាប់លក់និងហូបជាដើម។ សហគមន៍នេះ មានពលរដ្ឋចំនួន ២៧៧ គ្រួសារ ក្នុងនោះ៨០ភាគរយជាអ្នកនេសាទ។ ប្រជាពលរដ្ឋដែល អាស្រ័យផលទៅលើ ការនេសាទនេះ ភាគច្រើនប្រកបរបរធ្វើត្រីឆ្អើរ ផ្អក និងប្រហុក លក់ សម្រាប់ចិញ្ចឹមជីវិត។ ដើម្បីអភិរក្សត្រីឱ្យគង់វង្សនោះ សហគមន៍បានធ្វើការបែងចែកតំបន់ឱ្យ ពលរដ្ឋរកត្រី ដែលតំបន់ខ្លះសហគមន៍ កំណត់មិនឲ្យរកតែម្តង ដើម្បីរក្សាពូជត្រី។ តែតំបន់ខ្លះអាចរក បានតាមរដូវ ឯតំបន់ខ្លះទៀតពលរដ្ឋ អាចរកបានប្រចាំថ្ងៃ សម្រាប់ចិញ្ចឹមជីវិតធម្មតា ប៉ុណ្ណោះ។

ការធ្វើត្រីឆ្អើររបស់ប្រជាពលរដ្ឋ ធ្វើឡើងតាមរដូវកាល ហើយសម្បូរតែខែវិច្ឆិកា ដល់ ខែកុម្ភៈឬមីនា។ តែនៅ រដូវប្រាំងពុំអា ចរកត្រីបានទៀតទេ។ នៅឆ្នាំនេះ មានការសង្កេតឃើញថា បរិមាណត្រូវអាចប្រហែលនឹងឆ្នាំមុនៗ ក៏ប៉ុន្តែតម្លៃបានធ្លាក់ចុះ។ ឆ្នាំនេះត្រីប្រហុក មានតម្លៃចន្លោះពី ២០០០ ទៅ ២៥០០រៀល រីឯឆ្នាំមុន មានតម្លៃចន្លោះពី ៤០០០ទៅ ៥០០០ រៀល។ យ៉ាងណាប្រជាពលរដ្ឋ បានយល់ដឹងច្រើន ក្នុងការចូលរួម ថែរក្សាធនធានធម្មជាតិ ដូចជាពួកគាត់បាន ចូលរួមអភិរក្សត្រីចម្រុះ ចេះស្រឡាញ់បរិស្ថាន និងសម្អាត អនាម័យតាម ដងស្ទឹងធ្វើឲ្យអាច ទាក់ទាញភ្ញៀវទេសចរ ចូលមកកម្សាន្តតំបន់នេះ ច្រើនគួរសម៕