ហេតុអ្វីបានជា “លុយ” ជាជម្រើសចុងក្រោយដែលអ្នកត្រូវគិត នៅពេលដែលអ្នកជិតនឹងចូលនិវត្តន៍?

នៅក្នុងដំណើរជីវិតមនុស្សម្នាក់ៗ មានដំណាក់កាលជាច្រើនណាស់ ដែលពួកគេត្រូវឆ្លងកាត់ មិនថាចាប់ផ្តើមពីការសិក្សារៀនសូត្រជាច្រើនកម្រិត រហូតដល់មានការងារ ឬមុខរបររកស៊ីច្បាស់លាស់ជាអចិន្ត្រៃយ៍ បន្តដល់ពេលដែលពួកគេមាន វ័យចំណាស់ និងការរស់នៅពេលចូលនិវត្តន៍ជាដើម។ 

 

ជាការពិតណាស់ថ្វីត្បិតតែមនុស្សគ្រប់រូប មានការរស់នៅ ធ្វើការ និងរកចំណូលទៅតាមប្រភេទខុសៗគ្នាក៏ពិតមែន ប៉ុន្តែចុងក្រោយគឺស្ថិតនៅលើទិសដៅនៃដំណើរជីវិតតែមួយដូចគ្នាដដែល។ ដូចដែលអ្នកទាំងអស់គ្នាបានដឹងស្រាប់ហើយថា “លុយ” គឺជាកត្តាចាំបាច់ធំបំផុតមួយដែល មនុស្សគ្រប់រូបព្យាយាមប្រឹងប្រែងក្នុងការរកវា សម្រាប់ចាត់ចែង និងទ្រទ្រង់ដំណើរជីវិតប្រចាំថ្ងៃរបស់ពួកគេ ហើយ “លុយ” ក៏ជារបស់តែម៉្យាងដែលនឹងទាញជីវិតរបស់ពួកគេ ទៅរកភាពល្អប្រសើរ និងរស់នៅពោពេញដោយ ភាពសុខស្រួលផងដែរ។ ប៉ុន្តែ “លុយ” វានឹងមិនសូវជាមានភាពចាំបាច់ខ្លាំងជាងគេឡើយ នៅពេលដែលអ្នកនឹងត្រូវចូលនិវត្តន៍ ទៅតាមអាយុកាលរបស់អ្នក។ 

 

សម្រាប់អត្ថបទនេះ អ្នកទាំងអស់គ្នានឹងបានដឹងថា ហេតុអ្វីបានជា “លុយ” នឹងក្លាយជាជម្រើសចុងក្រោយគេ ដែលអ្នកត្រូវគិតដល់នៅពេលដែលអ្នក រៀបនឹងចូលនិវត្តន៍? ទៅលើការឆ្លើយសំណួរនេះ ខ្ញុំនឹងសូមលើកយកហេតុផលចំនួនបួនមកធ្វើការបកស្រាយៈ

 

1. ទីកន្លែង: តើអ្នកនឹងចង់ទៅរស់នៅឯណានៅពេលដែលអ្នកចូលនិវត្តន៍?

 

នេះគឺជាសំណួរមួយដែល តែងតែមានមនុស្សជាច្រើន បានកំពុងតែសួរអ្នក ហើយសូម្បីតែអ្នកក៏ចោតសួរសំណួរមួយនេះ ទៅកាន់ខ្លួនឯងផងដែរ។ មិនខុសទេ!! មនុស្សម្នាក់ៗតែងតែមានក្តីស្រម៉ៃ និងការពេញចិត្ត។ សាកសួរខ្លួនឯងជាមុនសិន ថាទីកន្លែងប្រភេទណា ដែលផ្តល់ភាពសប្បាយរីករាយ និងអារម្មណ៍ស្រស់ថ្លាដល់ខ្លួនអ្នក? ទីកន្លែងណាដែលផ្តល់ផាសុកភាព សេចក្តីសុខ និងសុវត្ថិភាពដល់ការរស់នៅរបស់អ្នកជាងគេ? ហើយវាសមរម្យជាមួយនឹងអ្វីដែលអ្នក និងគ្រួសាររបស់អ្នក (ភរិយា/ស្វាមី) ត្រូវការដែរអត់? ទីប្រជុំជន ជាយក្រុង សហគមន៍ មន្ទីរពេទ្យ វត្តអារ៉ាម យ៉ាងម៉េចដែរ? ផ្នែកទីមួយនេះគឺជាផ្នែកសំខាន់ជាងគេ ព្រោះវាជាទីកន្លែងដែលអ្នកនឹងត្រូវរស់នៅយូរ ដែលអាចនឹងយូរ ដល់ជីវិតចុងក្រោយរបស់អ្នកក៏ថាបាន ដូចនេះអ្នកត្រូវធ្វើការពិចារណាឲ្យបានច្បាស់លាស់ជាទីបំផុត។

 

2. ការថែទាំសុខភាព: ប្រព័ន្ធសុខាភិបាល និងសេវាពិនិត្យសុខភាពដ៏ល្អ

 

ផ្នែកនេះ ក៏ជាផ្នែកសំខាន់មួយផងដែរ! ចូលនិវត្តន៍? ជាពេលមួយដែលអ្នកមានអាយុច្រើន វ័យកាន់តែចាស់ទៅ ហើយសុខភាពក៏កាន់តែចុះខ្សោយផងដែរ។ អ្នកខ្លះអាចនឹងប្រឈមមុខ នឹងជម្ងឺប្រចាំកាយជាដើម។ ដូចនេះ អ្វីដែលអ្នកត្រូវគិតនោះ គឺត្រូវរកមន្ទីរពេទ្យណាដែលល្អបំផុតសម្រាប់អ្នក និងគ្រួសារអ្នក (ភរិយា/ស្វាមី) ក៏ដូចជាការផ្តល់សេវាកម្មពិនិត្យសុខភាពប្រចាំខែដ៏ល្អ ដើម្បីធានាក្នុងការថែរក្សាសុខភាពរបស់អ្នកឲ្យបានរឹងមាំ។

 

3. ការងារ: តើអ្នកចង់ធ្វើការងារអ្វី? តើអ្នកត្រូវធ្វើដូចម្តេចខ្លះ?

 

បន្ទាប់ពីលាលែង និងចុះពីការងារដែលអ្នកធ្លាប់ធ្វើពីមុនរួចមក បានន័យថា អ្នកដល់ពេលចូលនិវត្តន៍ហើយ អ្នកមានវ័យកាន់តែចាស់ហើយ មិនអាចធ្វើការងារបានដូចពីមុនទៀតឡើយ។ អ្នកខ្លះគាត់ធ្លាប់មានតំណែងជាអគ្គនាយក ឬម្ចាស់ក្រុមហ៊ុនណាមួយរួចទៅហើយ អញ្ចឹងនៅពេលដែលគាត់ចាស់ទៅ គាត់បានផ្ទេរការងារមួយចំនួនធំទៅដល់កូនរបស់គាត់ សមាជិកគ្រួសារ ឬអ្នកដទៃផ្សេងទៀត ដែលអាចកាន់ការងារធំជំនួសគាត់បាន ដោយរក្សាតំណែងរបស់គាត់នៅដដែល។ ការងាររបស់គាត់ពេលចាស់ទៅគ្រាន់តែចាំសម្រេច និងចុះហត្ថលេខា លើកិច្ចព្រមព្រៀង ឬការសម្រេចធំៗណាមួយ នៅក្នុងអាជីវកម្មឬក្រុមហ៊ុនរបស់គាត់ជាការសេ្រច។ 

 

ប៉ុន្តែអ្នកខ្លះទៀតគាត់ក៏បានរក ការងារតូចៗ ស្រាលៗដែលគាត់គិតថា គាត់អាចធ្វើបានទៅតាមវ័យ នៃសមត្ថភាពដែលគាត់មាន ក្នុងការរកចំណូលខ្លះៗ ក្នុងការទ្រទ្រង់ការរស់នៅរបស់គាត់? ដូចនេះ សាកសួរខ្លួនអ្នកបន្ថែមទៀត ថាតើអ្នកចង់ធ្វើអ្វីបន្តទៀត នៅពេលដែលអ្នកចាស់ទៅ? អ្នកនឹងធ្វើបានដោយរបៀបណា? ចៀសវាងពិបាកនៅពេលក្រោយទៀត។

 

4. “លុយ”: តើអ្នកអាចបង្កើតប្រាក់ចំណូលពេញមួយជីវិតបានយ៉ាងដូចម្តេច?

 

វាធម្មតាទៅហើយទៅលើរឿងនៃការរកលុយនេះ ចាប់តាំងពីវ័យដែលអ្នកចូលប្រឡូកក្នុងការរកស៊ី ឬចាប់ផ្តើមការងារដំបូងរបស់អ្នកមកម៉្លេះ ប៉ុន្តែដែលគិតទេ ថាការរកលុយនេះ ត្រូវបានជម្រុញដោយកត្តាណាខ្លះ? ប្រាកដអ្នកវាត្រូវបានជម្រុញដោយកត្តាទាំងបីខាងលើនេះ ទីកន្លែងដែលអ្នកនឹងត្រូវរស់នៅទៅតាមក្តីស្រម៉ៃដែលអ្នកប៉ង (អ្នកត្រូវរកលុយ និងសន្សំលុយតាំងពីក្មេង ដើម្បីយកមកទិញផ្ទះ ឲ្យបានសមស្របទៅតាមអ្វីដែលអ្នកបានប៉ង)។ ចុះសុខភាពរបស់អ្នកវិញយ៉ាងម៉េចដែរ? (អ្នកត្រូវរកលុយដើម្បីថែទាំ និងព្យាបាលសុខភាព ទៅតាមស្ថានភាពរបស់អ្នក ដើម្បីធ្វើយ៉ាងណាឲ្យសុខភាពរបស់អ្នក បានរឹងមាំជានិច្ច មិនអាចខ្វះលុយសម្រាប់ការចូលទៅ ព្យាបាលជម្ងឺនៅក្នុងមន្ទីរពេទ្យ ជាដាច់ខាតបានឡើយ)។ ចុះបើចាស់ទៅធ្វើអី្វមិនកើត តើអ្នកនឹងមានអ្វីធ្វើ ឬមានមុខរបរណាមួយសម្រាប់ទ្រទ្រង់ជីវភាពរស់នៅ? (វាក៏ជាលុយ ដែលអ្នកត្រូវរកពីក្មេង ដែលអ្នកត្រូវយកមួយផ្នែក មករៀបចំមុខរបរ ឬការងារ ដែលអ្នកនឹងត្រូវធ្វើនៅពេលចាស់ទៅ ធានាថាយ៉ាងណាមិនឲ្យខ្វះខាត និងក្រខ្សត់នៅពេលចាស់ឡើយ)។ ធ្វើបានទាំងបួនជំហ៊ាននេះបាន អ្នកនឹងមានជីវិតបន្ទាប់ពីចូលនិវត្តន៍ ដ៏អស្ចារ្យ និងមានសុភមង្គលជាក់ជាមិនខាន។

 

សរុបមកវិញ ជីវិតនៃការចូលនិវត្តន៍ យើងអាចដឹងហើយថាវាឈានចូលដល់វ័យចំណាស់ និងខ្លះអាចដល់វ័យចាស់ជរាហើយ ដែលពេលនោះ វាមិនសំខាន់នៅលើលុយជាកត្តាទីមួយ ដែលអ្នកត្រូវគិតឡើយ ដូចអ្វីដែលបានលើកឡើងខាងលើនេះ។ ចំណុចសំខាន់ អ្នកត្រូវធានាថាជីវិតនៃការរស់នៅ ពេលចូលនិវត្តន៍នោះ បានល្អនិងរលូន ជាមុនសិន។ សម្រាប់ “លុយ” វាគឺជាគម្រោងយូរអង្វែង ដែលចាប់ផ្តើមតាំងពីវ័យដែលអ្នកមានការងារធ្វើដំបូងមកម៉្លេះ វាស្ថិតនៅលើអ្នកក្នុងការរៀបចំចំណូលទាំងនោះ ជាមួយនឹងគម្រោងមួយច្បាស់លាស់ ក្នុងការប្រើប្រាស់ “លុយ” ឲ្យមានប្រយោជន៍ និងអាចបម្រើប្រយោជន៍របស់អ្នក បានពេញមួយជីវិត និងនៅគ្រប់កាលៈទេសៈ។ ចុះសម្រាប់ខ្លួនអ្នកផ្ទាល់ បានរៀបចំពីគម្រោងទាំងនេះហើយឬនៅ? 

 

ប្រភពមកពីhttps://www.forbes.com/sites/stephenchen/2019/07/22/why-money-is-the-last-thing-you-need-to-think-about-as-you-approach-retirement/#703a8b107423