ភ្នំយ៉ាត គឺជារមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្រ្តមួយ នៅក្នុងខេត្តប៉ៃលិន ស្ថិតនៅជាប់ផ្លូវជាតិលេខ៥៧ និងនៅជិតវត្តរតនសោភ័ណ ហៅវត្តកោងកាង គឺជាបេះដូងនៃខេត្តប៉ៃលិន។ ប្រជាពលរដ្ឋ, អ្នកដំណើរ ទាំងឡាយដែលចេញ-ចូល មកខេត្តប៉ៃលិន តែងតែឆ្លងកាត់តាមជើងភ្នំយ៉ាត និងគយគន់សំណង់ប្រវត្តិសាស្រ្ត ព្រមទាំងចូលអុជធូប ដាក់កម្រងផ្កា ថ្វាតជូនលោយាយយ៉ាត ដើម្បីសុំសេចក្តីសុខសប្បាយ ក្នុងការធ្វើដំណើរទៅមក ទាំងដំណើរទីជិតនិងទីឆ្ងាយ។
ដីនៅលើភ្នំនេះ គឺជាដីរ៉ែធម្មជាតិ មានប្រាកដដោយត្បូង មានតម្លៃយ៉ាងច្រើនផងដែរ។ នៅលើកំពូលភ្នំយ៉ាត មានវត្តអារាមមួយឈ្មោះថា វត្តគិរីរតនារាមភ្នំយ៉ាត ឬហៅថា វត្តភ្នំយ៉ាត និងមានសំណង់បូរាណ, សំណង់ថ្មីៗ និងអាស្រមជាច្រើន ដូចជាព្រះចូឡាមុនីចេតិយ តូច-ធំ, អាស្រមលោកយាយយ៉ាត រូបសំណាកព្រះពុទ្ធផ្ចាញ់មារកម្ពស់២១ម៉ែត្រ សំណង់ប្រាសាទ ៨ទិស-ព្រះសិអារ្យមេត្រី អាស្រមព្រះគោ-ព្រះកែវ ជាដើម។ នៅនឹងជើងភ្នំយ៉ាត ក៏មានអាស្រមលោកយាយយ៉ាតផងដែរ ពិសេសអាស្រមធំរបស់ លោកយាយយ៉ាត នៅភាគខាងកើតនៃភ្នំយ៉ាត ដែលមានរូបសំណាក លោកយាយយ៉ាត ធ្វើអំពីថ្មភ្នំព្រះវិហារ ឆ្លាក់ដោយវិចិត្រករខ្មែរ នៅស្រុកសន្ទុក ខេត្តកំពង់ធំ មានទម្ងន់ជាង ៣៣តោន។ ប្រជាពលរដ្ឋ អ្នកដំណើរ និងភ្ញៀវទេសចរទាំងឡាយ ដែលមកលេងកម្សាន្ត នៅក្នុងខេត្តប៉ៃលិន រមែងតែងតែចូលមកអុជធូប បួងសួងសុំសេចក្តីសុខសប្បាយ ពីលោកយាយយ៉ាត ដោយពួកគាត់យល់ថា លោកយាយយ៉ាត មានបារមីស័ក្តិសិទ្ធ នៅក្នុងតំបន់នេះ។
ការដែលនាំឱ្យមានជំនឿគោរព ខ្លាចរអានូវបុណ្យបារមី របស់យាយយ៉ាត ដ្បិតមានរឿងតំណាលមកថា ក្នុងឆ្នាំ១៩២២ មានជនអន្តោប្រវេសន៍មួយក្រុម បានមករស់នៅ ប្រកបរបរជីកត្បូង និងបរបាញ់សត្វនៅ តំបន់នេះ ហើយបានកសាងអាស្រមមួយ នៅលើកំពូលភ្នំយ៉ាត។ ទីនេះជាកន្លែងសក្ការៈបូជា ដែលស័ក្តិសិទ្ធ និងជាបេះដូងរបស់ខេត្តប៉ៃលិន សព្វថ្ងៃ។ រឿងនេះបាននិយាយ តំណាលអំពីប្ដីប្រពន្ធមួយគូ មានឈ្មោះយ៉ាតដូចគ្នា ដែលទាំងពីរនាក់ ជាអ្នកជីកត្បូងនៅតំបន់ភ្នំយ៉ាតនេះ។ បន្ទាប់ពីពួកគេបានមានអាយុ កាន់តែវ័យចំណាស់រៀងៗខ្លួនទៅ ពួកគេបានសញ្ជឹងគិតជាមួយគ្នា ផ្តើមគំនិតកសាងអាស្រមមួយនៅលើភ្នំ សម្រាប់គោរពបូជា គឺនៅលើភ្នំយ៉ាត នាពេលសព្វថ្ងៃនេះឯង។ កាលនោះដែរ អ្នកភូមិផ្សេងទៀត បានទិញកាំភ្លើង ដើម្បីការពារទ្រព្យសម្បត្តិ របស់ពួកគេ និងបរបាញ់សត្វព្រៃ។ ដោយសារការបរបាញ់នេះហើយ ធ្វើឱ្យព្រលឹងអារុក្ខអារក្ស អ្នកតាព្រៃភ្នំ មានការខឹងសម្បា និងបានបង្ហាញខ្លួន ឱ្យប្ដីប្រពន្ធទាំងពីរនាក់នោះឃើញ ដើម្បីនាំដំណឹង ទៅប្រាប់អ្នកភូមិផ្សេងទៀត ដោយនិយាយថា ប្រសិនបើអ្នកភូមិឈប់បាញ់សត្វ ព្រលឹងនោះនឹងជូនត្បូងពេជ្រ មានតម្លៃដល់ពួកគេ ហើយព្រលឹងនោះ ក៏បានបញ្ជាពួកគេឱ្យសម្ដែងនូវរបាំ ក្ងោកជូនទស្សនា ជារៀងរាល់ថ្ងៃ នៅអាស្រមលើកំពូលភ្នំយ៉ាតនេះ។ តមកអាស្រមនោះក៏បានក្លាយមក ជាវត្តភ្នំយ៉ាត សព្វថ្ងៃរៀងមក។
នេះគឺជាប្រវត្តិនៃ បូជនីយដ្ឋានសក្ការៈភ្នំយ៉ាត ដែលប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ តែងមានជឿ និងគោរព ប្រណិប័តជាតំណរ តរៀងមកទល់នឹងសព្វថ្ងៃ។ ម្យ៉ាងទៀតបច្ចុប្បន្ននេះ ភ្នំយ៉ាតគឺជារមណីយដ្ឋានដ៏ចម្បង មួយនៃខេត្តប៉ៃលិន ដែលស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋ បានយកចិត្តទុកដាក់រៀបចំថែមទៀតផង។ ប្រមុខរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់បញ្ចូល «ភ្នំយ៉ាត» ជាតំបន់បេតិកភណ្ឌវប្បធម៌ធម្មជាតិ តាមការស្នើសុំពី ក្រសួងបរិស្ថានថ្មីៗនេះ។ យោងតាមសេចក្ដីប្រកាសឲ្យដឹងថា ការសម្រេចបង្កើតទៅជា តំបន់បេតិកភណ្ឌធម្មជាតិ ដើម្បីការពារតួនាទី ប្រព័ន្ធអេកូឡូស៊ី សម្រាប់ជាប្រយោជន៍របស់ មនុស្សគ្រប់ជំនាន់ កម្រិតដល់ការប្រើប្រាស់ ធនធានជីវៈចម្រុះ ធនធានធម្មជាតិ ធនធានវប្បធម៌ និងមុខងារនៃតំបន់នេះ ក៏ដូចជាការការពារ សោភ័ណភាព ទេសភាព ធម្មជាតិ និងតម្លៃធម្មជាតិ នៃតំបន់សម្រាប់បម្រើ ដល់ការកម្សាន្ត ការទស្សនា ការអប់រំ ការសិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រ និងជំនឿដែលគ្រប់សកម្មភាពទាំងនេះ ពុំបង្កការគំរាមកំហែង ដល់បរិស្ថាន ធម្មជាតិ និងវប្បធម៌នៅក្នុងមូលដ្ឋាន។
គួររំលឹកដែរថា ភ្នំយ៉ាតធ្លាប់ជាតំបន់សង្គ្រាម ដ៏ឈឺចាប់ក្នុងសម័យខ្មែរក្រហម ដែលភ្នំនេះ មានទីតាំងស្ថិតនៅក្នុងក្រុងប៉ៃលិន ខាងស្តាំដៃតាមបណ្ដោយផ្លូវលេខ ៥៧។ ភ្នំយ៉ាត ជាវត្តចាស់សាងសង់ឡើង ជារបៀបវត្តកូឡា ក្នុងឆ្នាំ១៩២២ និងមានផ្ទៃដីទំហំ ៣១.៩៥១ ហិកតា មានកំពស់ ៦០ម៉ែត្រ បណ្តោយ ៧០០ម៉ែត្រ ទទឹង ៣០០ម៉ែត្រ។ នៅលើភ្នំយ៉ាតគេឃើញមាន សំណង់បូរាណដូចជា ចេនឡាមណីចេតិយតូច-ធំ និង អាស្រមជាច្រើន។ ភ្នំយ៉ាតមានផ្លូវឡើងចំនួនពីរ គឺមួយឡើងដោយថ្មើរជើង និងមួយទៀតសម្រាប់រថយន្ត និងម៉ូតូ។ ភ្នំយ៉ាត មានកាំជណ្តើរចំនួន ៤២កាំ ដែលកាំជណ្តើរនីមួយៗ មានកម្ពស់ ២៥សង់ទីម៉ែត្រ៕