ភ្នំពេញ៖ កាលពីថ្ងៃទី ១៥ កុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ អគារមហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល តម្លៃជាង៦លានដុល្លារ របស់សាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលបានសាងសង់ លើផ្ទៃដីប្រមាណ ៦ហិកតា មានទីតាំងស្ថិតនៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានសម្ពោធបើកដំណើរការ ជាផ្លូវការហើយ។
គួរឲ្យដឹងដែរថា នៅក្នុងពិធីសម្ពោធនេះ ត្រូវបានប្រារព្ធឡើងក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អមជាមួយនឹងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងអស្សរជនជាន់ខ្ពស់ផងដែរ។
គួរបញ្ជាក់ដែរថា មហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលនេះ គឺជាសាខាថ្មីមួយផ្សេងទៀត របស់សាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលទើបតែទទួលបានចំណាត់ថ្នាក់ ចូលក្នុងបញ្ជីឈ្មោះរបស់គណៈកម្មការ ចំណាត់ថ្នាក់សាកលវិទ្យាល័យពិភពលោក (World University Rankings for Innovations) ក្នុងរយៈពេល ៣ឆ្នាំជាប់ៗគ្នា។
ជាក់ស្តែង ស្ថិតក្នុងមហាវិទ្យាល័យសេដ្ឋកិច្ច បច្ចេកវិទ្យាឌីជីថលថ្មីនេះ មានអគារសិក្សាថ្មី១ខ្នង (កម្ពស់៤ជាន់ មាន១៥បន្ទប់) សាងសង់លើផ្ទៃដីទំហំ ៦ហិកតា ដោយប្រើរយៈពេលជិត ៥ឆ្នាំ សម្រាប់រៀបចំការអភិវឌ្ឍន៍ ដោយសម្រេចបានជំហានទី១ និងបានប្រើប្រាស់ថវិកាសរុប អស់ចំនួនជាង ៦លានដុល្លារ ក្នុងនោះរួមមាន៖ រៀបចំជាអភិវឌ្ឍផ្នែករឹង ហេដ្ឋារចនាសម្ពន្ធ័រូបវន្ត និងផ្នែកទន់ និងការរៀបចំអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗ ស្របតាមនិន្នាការថ្មី។
គួររំលឹកទៀតថា មហាវិទ្យាល័យថ្មីនេះ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា។
គូសសម្គាល់ដែរថា អ្វីដែលជាអាទិភាពនៃ មហាវិទ្យាល័យមួយនេះគឺផ្តោតលើ “បច្ចេកវិទ្យាឌីជីថល” ដែលជាការឆ្លើយតប ទៅនឹងបដិវត្តឧស្សាហកម្ម ទី៤ និងបរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា ដើម្បីឆ្ពោះទៅសម្រេចមហិច្ឆតា នៃចក្ខុវិស័យកម្ពុជា ដែលជាប្រទេសមាន ប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០។
ជាមួយនឹងការសម្ពោធ អគារមហាវិទ្យាល័យថ្មី សាខាវាលស្បូវ នៅថ្ងៃ ១៥ កុម្ភៈនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានចូលរួមជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់ និស្សិតជ័យលាភីប្រមាណជាង ៥ពាន់នាក់ របស់សាកលវិទ្យាល័យជាតិគ្រប់គ្រង ព្រមទាំងបានជូនពរនិស្សិតទាំងអស់នោះ ឲ្យទទួលបាននូវភាពជោគជ័យ ជាបន្តបន្ទាប់ទៀតផងដែរ។