ផ្លូវឡូរីជិត ១០គ.ម និងផ្លូវរូងក្រោមដីចំនួន ៦កន្លែងទៀត នៅឯរមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ គ្រោងបើកដំណើរការនៅចុងឆ្នាំ ២០២៤ នេះ


កំពង់ស្ពឺ៖ បើយោងតាមប្រភពបង្ហើបពី តំបន់អភិវឌ្ឍន៍រមណីយដ្ឋានកសិ-ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ស្ថិតក្នុងខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ផ្លូវឡូរីប្រវែង ៩ ៦០០ម៉ែត្រ នៅតំបន់រមណីយដ្ឋាន អភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ របស់ ឯ.ឧ បណ្ឌិត ម៉ុង ឬទ្ធី នឹងបើកដំណើរការជូន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជិះលេងកម្សាន្តនៅចុងឆ្នាំ២០២៤ នេះ។

ដោយឡែក ក្រៅពីផ្លូវឡូរីនេះ ក៏មានផ្លូវរូងក្រោមដីចំនួន ៦កន្លែងទៀត ដែលមានប្រវែងសរុបប្រមាណ ៣០០ម៉ែត្រ គ្រោងនឹងដាក់ដំណើរការ នៅចុងឆ្នាំនេះផងដែរ។

បើតាមប្រសាសន៍លើកឡើងរបស់ ឯ.ឧ បណ្ឌិត ម៉ុង ឬទ្ធី បានឱ្យដឹងកាលពី អំឡុងខែតុលា ឆ្នាំ២០២៣ ថា គម្រោងសាងសង់នេះ ត្រូវការរយៈពេលសាងសង់ចាប់ពី ១០ ទៅ ១២ខែ ដោយសារ ការសាងសង់ត្រូវឆ្លងកាត់ ជ្រោះ ដងអូរ ជាច្រើនកន្លែង។

ក្រោយសាងសង់ចប់ គម្រោងនេះ នឹងដាក់ឱ្យដំណើរការឡូរីចំនួន ៥០គ្រឿង ជាបឋមសិន សម្រាប់ភ្ញៀវជិះលេងកម្សាន្ត។