CDC ៖ គម្រោងព្រែកជីកហ្វូណនតេជោ បន្ទាប់ពីសាងសង់រួចរាល់ នឹងជួយជម្រុញ សកម្មភាពដឹកជញ្ជូន របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ រហូតដល់ ៩០%!


ភ្នំពេញ៖ ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងភាព ជាដៃគូរដ្ឋនិងឯកជន ដែលនឹងត្រូវសាងសង់ នាពេលឆាប់ៗនេះ នឹងជម្រុញសកម្មភាពដឹកជញ្ជូន របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) រហូតដល់ ៩០% នេះបើយោងតាមការបញ្ជាក់ពី របាយការណ៍របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

របាយការណ៍ដដែល បានឱ្យដឹងថា បច្ចុប្បន្ននេះ ៦៧% នៃទំនិញនាំចេញរបស់កម្ពុជាឆ្លងកាត់ PAS និង ៣៣% តាមរយៈកំពង់ផែស្វយ័តភ្នំពេញ (PPAP) ឆ្លងកាត់កំពង់ផែ ក្នុងប្រទេសវៀតណាម មុនពេលទៅដល់ទីផ្សារអន្តរជាតិ។

ក្នុងនោះដែរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទីមួយ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានបង្ហាញរបាយការណ៍ នៃការសិក្សាចុងក្រោយបង្អស់ លើគម្រោងព្រែកជីក ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃ ៣ឧសភា កន្លងទៅនេះ។

ឯកឧត្តម បានមានប្រសាសន៍ថា នៅពេលដែលព្រែកជីក ចាប់ផ្តើមដំណើរការ ការដឹកជញ្ជូនទំនិញទាំងអស់ នឹងធ្វើឡើងតាមរយៈ ព្រែកជីកហ្វូណនតេជោ ទៅកាន់កំពង់ផែទឹកជ្រៅ ក្នុងខេត្តព្រះសីហនុ ដែលនឹងជម្រុញសកម្មភាព ដឹកជញ្ជូនរបស់ PAS កើនឡើងពី ៦៧% ដល់ ៩០% នាពេលបច្ចុប្បន្ននេះ។

ឯកឧត្តម បន្ថែមថា សកម្មភាពដឹកជញ្ជូននៅ PPAP នឹងថយចុះពី ៣៣% មកត្រឹម ១០% ហើយ ១០%នេះ នឹងត្រូវធ្វើឡើងតាមរយៈ កំពង់ផែរបស់ប្រទេសវៀតណាម ដោយផ្តល់ជម្រើស ដល់ក្រុមហ៊ុននាំចេញដើម្បីជ្រើសរើស។ ឯកឧត្តម បានបន្តថា “គម្រោង PPP នេះផ្តល់អត្ថប្រយោជន៍ជាច្រើន សម្រាប់ប្រទេសកម្ពុជា ជាពិសេសការចំណាយទាប និងកាត់បន្ថយពេលវេលាដឹកជញ្ជូន”។

គួរឲ្យដឹងដែរថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងតភ្ជាប់ផ្លូវទឹក ទៅកាន់សមុទ្រនៃប្រទេសកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែងប្រហែល ១៨០ គីឡូម៉ែត្រ។

គម្រោងនេះត្រូវបានគេរំពឹងថា នឹងចំណាយប្រាក់ប្រហែល ១,៧ ពាន់លានដុល្លារ ហើយត្រូវបានសិក្សាយ៉ាងល្អិនល្អន់។