ភ្នំពេញ៖ បើយោងតាមការចុះផ្សាយនាពេលថ្មីៗនេះ ដោយរដ្ឋបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឲ្យ ក្រុមហ៊ុនឯកជនចំនួន ៤ វិនិយោគទឹកប្រាក់សរុបចំនួន ២៤.៨៥៣.៩១១ ដុល្លារអាមេរិក ក្នុងការសាងសង់រោងចក្រថ្មីចំនួន ៤ នៅខេត្តកំពង់ស្ពឺ។
ក្នុងនោះដែរ រោងចក្រទាំង ៤ នេះត្រូវបានគេរំពឹងថា នឹងអាចបង្កើតការងារថ្មីបានជាង ១២០០ កន្លែងសម្រាប់ពលរដ្ឋក្នុងតំបន់ ផងដែរ។
គូសសម្គាល់ដែរថា ការសម្រេចនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំ-ច្រកចេញ-ចូលតែមួយ ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និង ឯកឧត្តម សុខ ភា អភិបាលរងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៤ ឧសភា កន្លងទៅថ្មីៗនេះ។
ជាក់ស្តែង គម្រោងវិនិយោគថ្មីទាំង ៤ នោះ រួមមានដូចជា៖
១/ ក្រុមហ៊ុន PARTY A RENEWABLE RESOURCE (CAMBODIA ) CO,. LTD., គ្រោងវិនិយោគបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម ដោយប្រមូលវត្ថុធាតុដើមចាស់ៗ ក្នុងស្រុកមកផលិត។
២/ ក្រុមហ៊ុន REDLEAF INDUSTRY (CAMBODIA) CO.,LTD., គ្រោងវិនិយោគបង្កើត រោងចក្រផលិតថ្នាំលាបពណ៌គ្រប់ប្រភេទ ម្សៅការពារច្រេះ និងម្សៅបៀក។
៣/ ក្រុមហ៊ុន ZENITH LIGHTING (CAMBODIA) CO.,LTD., គ្រោងវិនិយោគបង្កើត រោងចក្រផលិតអំពូលគ្រប់ប្រភេទ។
៤/ ក្រុមហ៊ុន FLYCAT ELECTRICAL (CAMBODIA) CO.,LTD., គ្រោងវិនិយោគបង្កើត រោងចក្រផ្គុំដំឡើងឧបករណ៍បរិក្ខាពេទ្យ (ឧបករណ៍សំអាតមាត់ ធ្មេញ)។
យ៉ាងណា បើតាមលោក សុខ ភា អភិបាលរងខេត្តបានឲ្យដឹងថា គម្រោងទាំងនេះនឹងមាន ទីតាំងស្ថិតនៅក្នុងស្រុកសំរោងទង និងស្រុកគងពិសី។