សៀមរាប៖ យោងតាមព័ត៌មាន ដែលទទួលបានពីអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ២៣ តុលាឆ្នាំ២០២៤ នេះបានឲ្យដឹងថា បន្ទាប់ពីបញ្ចប់ការជួសជុល ពង្រឹងប្រាង្គកណ្តាលតួកណ្តាល របស់ប្រាសាទបាទជុំរួចមក ពេលនេះ ក្រុមអ្នកជំនាញរបស់ អាជ្ញាធរជាតិអប្សរា បន្តការងារជួសជុលជណ្តើរ នៅទិសខាងកើត ដែលមានស្ថានភាពខូចខាត ដោយហែកចេញពីគ្នា និងផ្នែកខ្លះនៃសំណង់ របស់រចនាសម្ពន្ធជណ្តើរមិនមានស្ថេរភាព ជាដើម។
ក្នុងនោះដែរ កញ្ញា ដយ ពេជ្រជឺរ៉ា ដែលជា វិស្វករ និងអ្នកគ្រប់គ្រងការដ្ឋាន ជួសជុលប្រាសាទបាទជុំ បានឱ្យដឹងថា ការខូចខាតរចនាសម្ពន្ធជណ្តើរនេះ គឺបណ្តាលមកពី អាយុសម្ភារៈសំណង់ ថ្មបាយក្រៀមពុកផុយ កង្វះការថែទាំយូរអង្វែង បណ្តាលឱ្យដើមឈើ ដុះចាក់ឬសញែកថ្ម។ ទីតាំងផ្នែកជណ្តើរនេះ ធ្លាប់បានជួសជុលនៅសម័យបារាំង។ ប៉ុន្តែ ដោយសារអាយុកាល និងវិវត្តជាច្រើនឆ្នាំកន្លងមក បានធ្វើឱ្យរចនាសម្ពន្ធជណ្តើរនេះ បានរងការខូចខាតជាថ្មី។
អ្នកជំនាញរូបនេះ បានបញ្ជាក់ថា ទៅលើការជួសជុល គឺក្រុមការងារបានវិភាគទៅលើ ចំណុចខូចខាតមួយចំនួនដែល ជាផ្នែកត្រូវរុះរើ និងជួសជុលឡើងវិញ។ បន្ទាប់មកចុះបញ្ជីថ្ម និងរុះរើថ្មដែលហែកកចេញពីគ្នា សម្អាតកំណកដី ឬសឈើ ព្រមទាំងពង្រឹងថ្ម ដែលបែកបាក់ឬខូចខាត ហើយទើបរៀបផ្គុំ ទៅតាមទីតាំងដើមនៃរចនាសម្ពន្ធ កាំជណ្តើរឡើងវិញ។ កិច្ចការនេះ គ្រោងនឹងបញ្ចប់នៅដំណាច់ខែតុលា ឆ្នាំ២០២៤ ខាងមុខ។
ក្រោយពីបញ្ចប់ការជួសជុល ទីតាំងនេះនឹងមានសុវត្ថិភាព ទាំងរចនាសម្ពន្ធសំណង់ជណ្តើរ ស្ថិតនៅគង់វង្សយូរអង្វែងបន្តទៀត និងសម្រួលដល់ភ្ញៀវទេសចរដើរឡើង-ចុះ ដើម្បីទស្សនានៅ ប្រាសាទបាទជុំនេះផងដែរ។
ប្រភព៖ អាជ្ញាធរជាតិអប្សរា