តើកម្ពុជា មានផ្លូវអាស៊ានហាយវ៉េ ប៉ុន្មានខ្សែ?


ផ្លូវអាស៊ានហាយវ៉េ (Asian Highway) សំដៅទៅលើហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវបានសាងសង់ក្នុងគោលបំណង តភ្ជាប់រវាងប្រទេសពហុភាគី ក្នុងក្របខណ្ឌទំនាក់ទំនងអាស៊ី ដែលគម្រោងតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធនេះ ត្រូវបានអនុវត្តចាប់ពីឆ្នាំ២០១០ ក្នុងគោលបំណងពង្រីក បណ្ដាញគមនាគមន៍ ពង្រីកពាណិជ្ជកម្មក្នុងតំបន់ កាត់បន្ថយគម្លាត ការអភិវឌ្ឍន៍ប្រទេសក្នុងតំបន់ និងបង្កើននូវសុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាព ក្នុងការដឹកជញ្ជូនតាមផ្លូវគោក តាមច្រករបៀងរវាងប្រទេសអាស៊ាន និងអាស៊ីទាំងមូល។

តើកម្ពុជា មានផ្លូវអាស៊ានហាយវ៉េ ណាខ្លះ?

១. ផ្លូវអាស៊ានហាយវ៉េលេខ១ (AH1)

ផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ៥ គឺជាកំណាត់ផ្លូវអាស៊ានហាយវ៉េលេខ១ (AH1) ដើរតួនាទីយ៉ាងសំខាន់សម្រាប់តភ្ជាប់ ការធ្វើដំណើរក្នុងតំបន់ ចាប់ពីទីក្រុងហូជីមិញ-ភ្នំពេញ-បាងកក។ ផ្លូវអាស៊ានហាយវ៉េលេខ១ (AH1) ត្រូវបានចាប់ផ្ដើមពីទីក្រុងតូក្យូ ប្រទេសជប៉ុន រហូតទៅដល់ទីក្រុងអ៊ីស្ដានប៊ូល ប្រទេសតួកគី ដែលមានប្រវែងសរុប ២០ ៥៥៧ គីឡូម៉ែត្រ។ ដោយឡែក ប្រទេសកម្ពុជា បានកំណត់យកផ្លូវជាតិលេខ១ មានប្រវែង ១៦៧ គីឡូម៉ែត្រ រាជធានីភ្នំពេញ-ក្រុងបាវិត និងផ្លូវជាតិលេខ៥ មានប្រវែង ៤០៧ គីឡូម៉ែត្រ រវាងរាជធានីភ្នំពេញ-ក្រុងប៉ោយប៉ែត សម្រាប់តភ្ជាប់បណ្ដាញហេដ្ឋារចនាសម្ព័ន្ធអាស៊ី។

២. ផ្លូវអាស៊ានហាយវ៉េលេខ១១ (AH11)

ផ្លូវអាស៊ានហាយវ៉េលេខ១១ មានប្រវែងសរុប ១ ៥៦៧ គីឡូម៉ែត្រ តភ្ជាប់ចាប់ពី រដ្ឋធានីវៀងច័ន្ទន៍ ប្រទេសឡាវ មកដល់ខេត្តព្រះសីហនុ ប្រទេសកម្ពុជា ដើម្បីដឹកជញ្ជូនទំនិញចូល ទៅកាន់ឈូងសមុទ្រថៃ។ ផ្លូវអាស៊ានហាយវ៉េលេខ១១ (AH11) បានឆ្លងកាត់ប្រទេសកម្ពុជា តាមរយៈផ្លូវជាតិលេខ៤ ភ្នំពេញ-ព្រះសីហនុ មានប្រវែង ២៣០ គីឡូម៉ែត្រ ឆ្លងកាត់ផ្លូវជាតិលេខ៦A ភ្នំពេញ-ស្គន់ ប្រវែង ៩០ គីឡូម៉ែត្រ និងឆ្លងកាត់ទាំងស្រុង នូវផ្លូវជាតិលេខ៧ ស្គន់-ស្ទឹងត្រែង ដល់ព្រំប្រទល់ប្រទេសឡាវ ដែលមានប្រវែងសរុប ៥០៩ គីឡូម៉ែត្រ។

៣. ផ្លូវអាស៊ានហាយវ៉េលេខ២២ (AH22)

ផ្លូវអាស៊ានហាយវ៉េលេខ២២ គឺជាផ្លូវរបៀងតាម ក្រវ៉ាត់ព្រំដែនប្រទេសកម្ពុជា គិតចាប់ពីខេត្ត Qui Nhơn ប្រទេសវៀតណាម រហូតមកដល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ផ្លូវអាស៊ានហាយវ៉េនេះ ត្រូវបានឆ្លងកាត់ផ្លូវជាតិនៃប្រទេសកម្ពុជា ជាច្រើនខ្សែ គិតចាប់ពីច្រកព្រំដែនអូយ៉ាដាវ ទៅកាន់ក្រុងបានលុង ខេត្តរតនគិរី និងបន្តមកកាន់ខេត្តស្ទឹងត្រែង តាមរយៈផ្លូវជាតិលេខ៧៨, បន្តពីខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ និងខេត្តសៀមរាប តាមរយៈផ្លូវជាតិលេខ៦៤, និងបន្តពីខេត្តសៀមរាប មកបញ្ចប់នៅក្រុងសិរីសោភ័ណ តាមផ្លូវជាតិលេខ៦។

4. ផ្លូវអាស៊ានហាយវ៉េលខ ១២៣ (AH123)

ផ្លូវអាស៊ានហាយវ៉េលេខ១២៣ គឺជាផ្លូវរបៀងតាមឈូងសមុទ្រថៃ រហូតទៅដល់សមុទ្រ Andaman Sea ប្រទេសមីយ៉ាន់ម៉ា ដោយគិតចាប់ពីខេត្តព្រះសីហនុ រហូតទៅដល់ខេត្ត Dawei ប្រទេសមីយ៉ាន់ម៉ា។ ផ្លូវអាស៊ានហាយវ៉េលេខ១២៣ (AH123) បានឆ្លងកាត់ប្រទេសកម្ពុជា តាមរយៈផ្លូវជាតិលេខ៤៨ (ស្រែអំបិល-ក្រុងខេមរភូមិន្ទ) ដោយមានប្រវែង ១៤៨ គីឡូម៉ែត្រ បច្ចុប្បន្នកំពុងត្រូវបានស្ដារឡើងវិញ ក្រោមកិច្ចសហការរវាង រាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋកូរ៉េ។

 

ប្រភព៖ CPR