ថ្មីៗនេះក្រសួងទេសចរណ៍ បានដាក់គោលដៅទេសចរណ៍ធំៗនៅខេត្តមណ្ឌលគិរី ចំនួន ៦ ទីតាំង ចូលទៅក្នុងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (ឆ្នាំ២០២០-២០៣៥)។ បើយោងតាមប្រសាសន៍ ឯកឧត្តម ជុក ជំនោរ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំខាងលើនេះ អង្គប្រជុំបានពិគ្រោះ និងលើកឡើងយោបល់ជាច្រើន ដើម្បីជាធាតុចូលបន្ថែមពាក់ព័ន្ធនឹងវិស័យទឹកស្អាត អគ្គិសនី កសិកម្ម រ៉ែ អាកាសយានដ្ឋាន សហគ្រាសធនតូច និងមធ្យមហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំនូវនវានុវត្តន៍ អាកាសធាតុ សោភ័ណភាពវាលស្មៅ និងព្រៃព្រឹក្សា ទីក្រុងវៃឆ្លាតជាដើម ដើម្បីឲ្យខេត្តមណ្ឌលគិរី ក្លាយទៅជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិ។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឲ្យដឹងថា ការបំពេញធាតុចូលទាំងនោះគឺដើម្បីចូលរួមអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តមណ្ឌលគិរីឲ្យកាន់តែមានភាពល្អប្រសើរ សំដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកាន់តែមណ្ឌលគិរីឲ្យបាន ៩ សែននាក់ និងភ្ញៀវទេសចរជាតិ ២ លាននាក់ នៅត្រឹមឆ្នាំ២០៣៥។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា នៅក្នុងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរីនេះ បានកំណត់គោលដៅទេសចរណ៍ធំៗចំនួន ៦ ទៅតាមទីតាំងភូមិសាស្ត្រ និងសក្ដានុពលផ្សេងគ្នា ក្នុងនោះរួមមាន៖
១. តំបន់អេកូទេសចរណ៍ក្នុងដែនជម្រកសត្វព្រៃ៖ ដោយសារនៅក្នុងមណ្ឌលគិរីមានដែនជម្រកសត្វព្រៃចំនួន ៥ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន និងពោរពេញដោយសក្ដានុពលសម្រាប់អភិវឌ្ឍន៍អេកូទេសចរណ៍។
២. តំបន់របៀងអេកូទេសចរណ៍ និងទេសចរណ៍ជនជាតិដើមភាគតិច៖ ប៉ូលទេសចរណ៍ទាំង ២ នេះនឹងត្រូវភ្ជាប់ពីតំបន់ប៊ូស្រា ទៅកាន់តំបន់ដាក់ដាំ។
៣. តំបន់ក្រុងសែនមនោរម្យ៖ នឹងអភិវឌ្ឍក្រុងនេះទៅជាតំបន់អភិវឌ្ឍន៍ពហុបំណង ដែលមានសកម្មភាពកម្សាន្ដផ្សេងៗមានលក្ខណៈសម្បូរបែប។
៤. តំបន់ប្រជុំជនស្រុកកោះញែក៖ មានសក្ដានុពលជាតំបន់កសិទេសចរណ៍ ពិសេសអាចរៀបចំជាចំណតយន្ដហោះលើទឹក (Water Plan) នៅទន្លេស្រែពក នៃស្រុកកោះញែក។ ថ្វីត្បិតទន្លេស្រែពកមិនអំណោយផលដល់ការធ្វើនាវាចរទេសចរណ៍ ឬដឹកជញ្ជូនមិនបានក៏ពិតមែន (ដោយសារសម្បូរថ្មប៉ប្រះទឹក) តែគេអាចរៀបចំជាចំណតយន្ដលើទឹកដូចបណ្ដាប្រទេសមួយចំនួន ដែលអាចឱ្យយន្ដហោះ ហោះហើរមកកាន់តំបន់បឹងទន្លេសាប ឬទៅកាន់កោះរ៉ុងបាន។
៥. តំបន់អាកាសយានដ្ឋានមណ្ឌលគិរី៖ ស្ថិតនៅស្រុកអូរាំង នឹងត្រូវអភិវឌ្ឍជាទីក្រុងរណបនៃក្រុងសែនមនោរម្យ។
៦. តំបន់សមាហរណកម្មច្រកទ្វារព្រំដែន៖ នៅខេត្តមណ្ឌលគិរី មានច្រកទ្វារព្រំដែនទ្វេភាគីជាមួយវៀតណាមចំនួន ៤ កន្លែង ដែលអាចជំរុញឲ្យមានសកម្មភាពអភិវឌ្ឍន៍ និងទេសចរណ៍តាមច្រកព្រំដែននេះ។
ក្រោយទទួលបានការផ្ដល់យោបល់ខាងលើនេះ ក្រុមការងារជំនាញនៃអន្តរក្រសួង នឹងសរសេរបន្ថែមនូវធាតុចូលសំខាន់ៗមួយចំនួនទៀត ដើម្បីរៀបចំសេចក្ដីព្រាងចុងក្រោយ នឹងបន្ដដាក់ជូនគណៈកម្មការអភិវឌ្ឍទេសចរណ៍ថ្នាក់ជាតិ នៅចុងខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីឯកភាពពីគណៈកម្មការនេះហើយ នឹងបន្ដដាក់ឆ្លងរាជរដ្ឋាភិបាលនៅដើមឆ្នាំ២០២១ ខាងមុខ។