ភាគខាងត្បូងរាជធានីភ្នំពេញ កំពុងក្លាយជាតំបន់អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធអាទិភាពមួយ របស់រាជរដ្ឋាភិបាល អាស្រ័យកត្តាកំណើនប្រជាសាស្ត្រ ទិសដៅនៃអាកាសយានដ្ឋានអន្តរជាតិថ្មី ស្រូបទាញការធ្វើដំណើរ និងទាក់ទាញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជិត ២ ពាន់លានដុល្លារ ក្នុងនោះហេដ្ឋាចនាសម្ព័ន្ធចំនួន ៣ ត្រៀមសម្ពោធប្រើប្រាស់ នៅឆមាសទី១ ឆ្នាំ២០២៥ ខាងមុខ។
១. អាកាសយានដ្ឋានអន្តរជាតិតេជោ (លេខកូដអាកាសយានដ្ឋាន TIA)
ត្រៀមសម្ពោធនៅឆមាសទី១ ឆ្នាំ២០២៥ ក្នុងដំណាក់កាលទី១ គម្រោងនេះត្រូវចំណាយថវិកា ១,៥ ពាន់លានដុល្លារ ដោយពង្រីកផ្ទៃដីដល់ទំហំ ២ ៦០០ ហិកតា និងស្ថិតក្នុងចំណោម អាកាសយានដ្ឋានមានផ្ទៃដី ធំបំផុតមួយលើពិភពលោក។ ហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន អន្តរជាតិតេជោ ក្រុងតាខ្មៅ ស្ថិតនៅក្នុងកម្រិត 4F ដែលមានស្ថានីយ៍អ្នកដំណើរទំហំ ២៤៣ គីឡូម៉ែត្រការ៉េ អគារស្ថានីយ៍អ្នកដំណើរ VIP នៅដោយឡែក ទីលានចំណតយន្ដហោះទំហំ ១៨៩ ហិកតា មានទីតាំងចំណតយន្ដហោះដាក់អ្នកដំណើរសរុប ៣២ កន្លែង (១៦ កន្លែងក្នុងដំណាក់កាលទី១) ប៉មពិនិត្យចរាចរណ៍យន្ដហោះ ១១៨ ម៉ែត្រ។
អាកាសយានដ្ឋានអន្តរជាតិតេជោ មានសមត្ថភាពទទួលយន្ដហោះខ្នាតធំ Airbus A380-800 និង Boeing 747-800 រំពឹងអាចទទួលអ្នកដំណើរបាន ១៣ លាននាក់ក្នុងមួយឆ្នាំ នៅឆ្នាំ២០៣០ និងឡើងដល់ ៣០ លាននាក់ នៅឆ្នាំ២០៥០។
២. ស្ពានអាកាសមរតកតេជោ
ជាស្ពានអាកាស ២ ជាន់ដំបូងបង្អស់ នៅប្រទេសកម្ពុជា ហេដ្ឋារចនាសម្ព័ន្ធមួយនេះ ត្រូវបានចំណាយថវិកាសាងសង់ ៣៦,៧ លានដុល្លារ សម្រាប់ដោះស្រាយការធ្វើដំណើរ និងចំណុចប្រសព្វផ្លូវដ៏ស្មុគស្មាញ និងមហាវិថីសំខាន់ៗនៃតំបន់ក្បាលថ្នល់។ គម្រោងបានចាប់ផ្ដើម សាងសង់កាលពីខែ សីហា ឆ្នាំ២០២២ ត្រូវបានម៉ៅការដោយក្រុមហ៊ុន OCIC និងត្រៀមដាក់សម្ពោធប្រើប្រាស់ ជាផ្លូវការនៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ ចំណុចពិសេសរបស់ស្ពានអាកាសនេះ គឺការសាងសង់ ស្ពានអាកាសទោល តភ្ជាប់រវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចហ៊ុនសែន ហើយហួសទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ និងការសាងសង់ស្ពានអាកាសរង្វង់មូល ដើម្បីប្ដូរទិសចរាចរណ៍ នៅចំណុចប្រសព្វមហាវិថីចំនួន ៤ រួមមាន មហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចហ៊ុនសែន មហាវិថីយុទ្ធពលខេមរភូមិន្ទ (២៧១) និងផ្លូវជាតិលេខ១។
៣. ស្ពានអាកាសរំលងផ្លូវជាតិលេខ២
ស្ថិតនៅក្នុងគម្រោង សម្រួលការធ្វើដំណើរ ពីអាកាសយានដ្ឋានអន្តរជាតិតេជោ មកកាន់រាជធានីភ្នំពេញ គម្រោងស្ពានអាកាសនេះ ត្រូវបានសាងសង់នៅខែមិថុនា ឆ្នាំ២០២៣ វិនិយោគដោយក្រុមហ៊ុន OCIC និងចំណាយថវិកាប្រមាណ ១៦ លានដុល្លារ និងបញ្ចប់ នៅក្នុងរយៈពេល ១២ ខែ ពោលគឺនៅឆមាសទី១ ឆ្នាំ២០២៥។ ចំណុចពិសេសស្ពាននេះ វាគឺជាស្ពានអាកាសភ្លោះ ជាផ្លូវឯកទិសដំបូងគេ នៅកម្ពុជា តភ្ជាប់ពីមហាវិថីសម្តេចហ៊ុនសែន ឬផ្លូវ៦០ ម៉ែត្រ មកកាន់ផ្លូវអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយរំលងផ្លូវជាតិលេខ២ និងមានបណ្ដោយតួស្ពាន ២៨១ ម៉ែត្រ ទទឹង ៩,៥ ម៉ែត្រ អាចបើកបរបាន ២ គន្លងរថយន្ដ (៣,៥ ម៉ែត្រ ចំនួន ២ គន្លង) និង ១ គន្លងម៉ូតូ (២ ម៉ែត្រ)។
៤. ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា
ស្ពានចាក់អង្រែក្រោម-ព្រែកប្រា គឺជាការពង្រាយបណ្ដាញ ហេដ្ឋារចនាសម្ព័ន្ធធ្វើដំណើរ នៅតំបន់អភិវឌ្ឍថ្មី ដែលមានផ្លូវតភ្ជាប់ ចាប់ពីខណ្ឌដង្កោ ឆ្លងកាត់មហាវិថីសម្ដេចហ៊ុនសែន (ផ្លូវ៦០ ម៉ែត្រ) និងផ្សាទំនើបអ៊ីអនម៉លមានជ័យ ហួសមកឆ្លងទន្លេបាសាក់ តភ្ជាប់សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដែលនឹងទ្រៀមសាងសង់ផ្លូវថ្មី តភ្ជាប់ទៅដល់ផ្លូវជាតិលេខ១ ដោយឆ្លងកាត់គម្រោង របស់បុរីប៉េងហួត តំបន់បឹងស្នោ ប្រៀបដូចជាផ្លូវក្រវាត់ក្រុង ភាគខាងត្បូងរាជធានីភ្នំពេញ។
យ៉ាងណាមិញ គម្រោងស្ពានចាក់អង្រែក្រោម-ព្រែកប្រា ត្រូវបានម៉ៅការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ គ្រោងបញ្ចប់នៅឆ្នាំ២០២៧ ដោយគ្រោង ចំណាយថវិកាប្រមាណ ៦០,២ លានដុល្លារ ដោយសាងសង់ស្ពានបេតុងភ្លោះ ប្រវែង ៨៤៥ ម៉ែត្រ ទទឹង ២៧ ម៉ែត្រ អ៊ុតកៅស៊ូ AC និងសាងសង់ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤ ម៉ែត្របន្ថែមទៀត។ ស្ពាននេះ នឹងជំរុញដល់ការតភ្ជាប់ផ្លូវថ្មីៗ ដោយឆ្លងកាត់ចំនួន ៣ ខណ្ឌ នៅភាគខាងត្បូងរាជធានីភ្នំពេញ។
ប្រភព៖ CPR + ក្រសួងសាធារណការ និងដឹកជញ្ជូន