ការនាំចេញផលិតផលកម្ពុជា ទៅកាន់ទីផ្សារប្រទេសជប៉ុន កើនឡើងបានខ្ទង់ ១០% បើធៀបនឹងឆ្នាំមុន


ភ្នំពេញ៖ ការនាំចេញផលិតផល ជាច្រើនប្រភេទរបស់កម្ពុជា ចូលទៅកាន់ទីផ្សាររបស់ប្រទេសជប៉ុន មានការកើនឡើងប្រសើរជាងឆ្នាំមុន ហើយឆ្នាំក្រោយក៏អាចនឹង បន្តមានភាពវិជ្ជមានផងដែរ ប្រសិនបើស្ថានភាពសកលលោក ល្អប្រសើរជាងឆ្នាំ ២០២២ នេះ។

យោងតាមទិន្នន័យបូកសរុប របស់អង្គការពាណិជ្ជកម្មខាងក្រៅរបស់ជប៉ុន ហៅកាត់ថា (JETRO) បានឱ្យដឹងថា ទំហំពាណិជ្ជកម្ម ដែលកម្ពុជា បាននាំចូលទៅក្នុង ទីផ្សារពាណិជ្ជកម្មរបស់ជប៉ុន ក្នុងរយៈពេល ១០ខែ កន្លងទៅនេះ សម្រេចបានជាទឹកប្រាក់ ១ ៦៥៨ ពាន់លានដុល្លារអាមេរិកឯណោះ ពោលគឺ គិតចាប់ពីខែមករា ដល់ខែតុលា កន្លងទៅ។

ការនាំចេញនេះ បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ កន្លងទៅឃើញថា មានការកើនឡើង ១០,៧% ដែលការនាំចេញ ភាគច្រើនរបស់កម្ពុជា គឺជាផលិតផលវាយនភណ្ឌ  កាតាប គ្រឿងសង្ហារឹម ស្បែកសត្វ ម្រិច ផលិតផលសម្រស់ សំភារៈការិយាល័យ ខណៈនាំចូលពីជប៉ុនវិញរួមមាន រថយន្ត គ្រឿងបន្លះ ផលិតផលអេឡិកត្រូនិច គ្រឿងសង្ហារឹម ប្លាស្ទិក និងសាច់ក្រណាត់ជាដើម។

ទន្ទឹមនឹងការកើនឡើងនេះ រដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ ក៏បានលើកឡើងអំពីការរៀបចំ ឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ជប៉ុន នាថ្ងៃអនាគតខាងមុខនេះ ផងដែរ ដើម្បីជាប្រយោជន៍ សម្រាប់ប្រទេសជាតិទាំង ២ ពិសេសគឺលទ្ធភាព ពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែប្រសើរឡើង ជាងពេលបច្ចុប្បន្ន។ ក្រសួងពាណិជ្ជកម្ម ក៏បានកំពុងរៀបចំផែនការ ក្នុងការរៀបចំក្រុមការងារបច្ចេកទេស ដើម្បីធ្វើឱ្យគម្រោងមួយនេះ ដំណើរការផងដែរ។

គួរបញ្ជាក់ថា សព្វថ្ងៃនេះ កម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ ចិន និងកូរ៉េខាងត្បូងរួចហើយ ដោយក្នុងនោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង បានចូលជាធរមាន កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ដោយសង្ឃឹមថា ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ នឹងកាន់តែមានទំហំ ប្រសើរឡើងថែមមួយកម្រិតទៀត៕