រយៈពេល ២ថ្ងៃចុងក្រោយ នៃឆ្នាំ២០២៤ ក្នុងឱកាសឆ្លងឆ្នាំសកល ២០២៥ នេះ កម្ពុជា មានភ្ញៀវទេសចរ ដើរកម្សាន្តជាង ៣,៥៣លាននាក់ នៅទូទាំងប្រទេស!


ភ្នំពេញ៖ យោងតាមរបាយការណ៍ស្ថិតិទេសចរណ៍ របស់មន្ទីរទេសចរណ៍ខេត្តក្រុង នៃក្រសួងទេសចរណ៍ បានបង្ហាញឲ្យដឹងថា ប្រទេសកម្ពុជាបានស្វាគមន៍ ភ្ញៀវទេសចរចំនួនជិត ៣,៥៤លាននាក់ ក្នុងរយៈពេល ២ ថ្ងៃចុងក្រោយនៃឆ្នាំ២០២៤។ ក្នុងនោះដែរ តួលេខដែលទទួលបាននេះ រួមមានជនបរទេសជិត ៥០ ០០០នាក់ ខណៈដែលប្រជាពលរដ្ឋមានចំនួន ៣,៤៩ លាននាក់។

សម្រាប់ ថ្ងៃទី៣០ ខែធ្នូ កម្ពុជាទទួលបាន ភ្ញៀវទេសចរក្នុងស្រុកចំនួន ២១៦ ៣៣១នាក់ និងជនបរទេសចំនួន ១៨ ២៤៩នាក់ ។ ខណៈដែលថ្ងៃទី ៣១ធ្នូ ដែលជាថ្ងៃឆ្លងឆ្នាំសកល ចំនួនភ្ញៀវទេសចរក្នុងស្រុក បានកើនឡើងដល់ ៣ ២៧១ ៧៣៤ នាក់ ខណៈភ្ញៀវទេសចរអន្តរជាតិ កើនឡើងដល់ ២៩ ០១១ នាក់ ក្នុងចំណោមភ្ញៀវទេសចរ ៣ ៣០០ ៧៤៥ នាក់។

ប្រភពដដែលបានបន្ថែមថា ថ្ងៃពិសេសទាំងពីរថ្ងៃនេះ ចំនួនភ្ញៀវទេសចរជាតិ កើនឡើងដល់ ៣ ៤៨៨ ០៦៥ នាក់ និងភ្ញៀវបរទេសកើនឡើងដល់ ៤៧ ២៦០ នាក់ ដែលនាំឱ្យភ្ញៀវទេសចរសរុប កើនដល់ ៣ ៥៣៥ ៣២៥ នាក់។

ក្នុងចំណោមគោលដៅ សក្តានុពលកំពូលទាំងប្រាំ រាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់លេខមួយ ក្នុងបញ្ជី តាមពីក្រោយដោយខេត្តព្រះសីហនុ សៀមរាប បាត់ដំបង និងកំពត ជាដើម។

ជាក់ស្តែង រាជធានីភ្នំពេញបានទាក់ទាញ ភ្ញៀវទេសចរក្នុងស្រុកប្រមាណ ១ ៥៥៥ ០៥៩ នាក់ ដោយបង្ហាញពីប្រជាប្រិយភាពរបស់ខ្លួន ក្នុងចំណោមអ្នកធ្វើដំណើរក្នុងស្រុក។ លើសពីនេះ ភ្នំពេញបានស្វាគមន៍ភ្ញៀវទេសចរបរទេសប្រហែល ១៨ ៤២០ នាក់ ដែលបង្ហាញពីការទាក់ទាញ ដល់ភ្ញៀវអន្តរជាតិ។

ដោយឡែក ក្រុងព្រះសីហនុ បានទាក់ទាញភ្ញៀវទេសចរ ក្នុងស្រុកចំនួន ៤១៥ ៨៨៦ នាក់ និងភ្ញៀវទេសចរបរទេស ប្រហែល ៦ ៩៤៣ នាក់។

ខេត្តសៀមរាបវិញ បានទាក់ទាញភ្ញៀវទេសចរជាតិប្រមាណ ៣២៣ ៤០០នាក់ រួមជាមួយភ្ញៀវបរទេស ១០ ២៦០នាក់។

ខេត្តបាត់ដំបង បានស្វាគមន៍ភ្ញៀវទេសចរក្នុងស្រុកចំនួន ៣២៤ ០៥៣ នាក់ និងភ្ញៀវទេសចរបរទេសប្រមាណ ៧០៧ នាក់។

ចុងក្រោយគឺខេត្តកំពត បានទាក់ទាញភ្ញៀវទេសចរក្នុងស្រុកចំនួន ២២៦ ៧៥៨ នាក់ និងភ្ញៀវបរទេសប្រមាណ ១ ២១៨ នាក់ ផងដែរ។

 

ប្រភព៖ ក្រសួងទេសចរណ៍ / សាទរកម្ពុជា