ភ្នំពេញ៖ ក្នុងពិធីបើកកិច្ចប្រជុំត្រួតពិនិត្យ លទ្ធផលការងារប្រចាំឆ្នាំ របស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ២១មករាឆ្នាំ២០២៥ កន្លងទៅនេះ បានឲ្យដឹងថា មានមនុស្សជាង ១១ លាននាក់ បានមកទស្សនាទីក្រុងភ្នំពេញ ដែលជារាជធានីនៃកម្ពុជា ដែលមានចំនួនប្រជាជនត្រឹមតែ ២,៤លាននាក់ ខណៈកម្ពុជា ជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនមួយ ក្នុងចំណោមប្រទេសមួយចំនួននៅអាស៊ី ហើយឧស្សាហកម្មទេសចរណ៍ កំពុងមានការកើនឡើងផងដែរ។
ថ្លែងក្នុងឱកាសនោះដែរ ឯ. ឃួង ស្រេង អភិបាលនៃគណៈអភិបាលក្រុងភ្នំពេញ បានបន្ថែមឲ្យដឹងថា ចំនួននោះ គឺជាការកើនឡើង ៦៣% ធៀបនឹងឆ្នាំ២០២៣។ ឯ. អភិបាលក្រុង ក៏បានបានបន្តថា តំបន់រាជធានីកំពុងតែមានការរីកចម្រើន យ៉ាងខ្លាំង។
ឯកឧត្តម បានមានប្រសាសន៍បន្តថា “នៅឆ្នាំ២០២៤ រាជធានីភ្នំពេញ បានឃើញការសាងសង់ អគារលំនៅដ្ឋានថ្មីចំនួន ៤៥៣ អគារខ្ពស់ចំនួន ១ ៨៧៧ ដែលមានកម្ពស់ ៥ ជាន់ ឬលើសពីនេះ និងរោងចក្រចំនួន ៨១១។ អាជ្ញាធរក៏កំពុងពង្រីកសេវាកម្ម យ៉ាងឆាប់រហ័សនៅក្នុងទីក្រុង រួមមានសាលារៀន ការថែទាំសុខភាព បទបញ្ជាអគារ និងការគ្រប់គ្រងកាកសំណល់ ដើម្បីធ្វើឱ្យវាក្លាយជា កន្លែងដ៏ទាក់ទាញសម្រាប់ការរស់នៅផងដែរ។”
ប្រជាជនទីក្រុងភ្នំពេញ មានការកើនឡើងជាលំដាប់ ក្នុងរង្វង់ ៣% ក្នុងមួយឆ្នាំ ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ហើយរយៈពេលប្រមាណ ១ទសវត្សរ៍មុន មានមនុស្សតិចជាង ២លាននាក់ រស់នៅក្នុងរាជធានី។
លើសពីនេះដែរ ផែនការមេរាជធានីភ្នំពេញ ស្តីពីការប្រើប្រាស់ដីធ្លីឆ្នាំ ២០៣៥ ព្យាករណ៍ថានឹងមានប្រជាជនចំនួន ៦ លាននាក់ រស់នៅក្នុងរាជធានីភ្នំពេញ ក្នុងរយៈពេលមួយទសវត្សរ៍ ទៅមុខទៀត។
គួររម្លឹកដែរថា កាលពីឆ្នាំមុន កម្ពុជាបានស្វាគមន៍ ភ្ញៀវទេសចរអន្តរជាតិចំនួន ៦,៧ លាននាក់ ដែលជាការកើនឡើង ២៣% ធៀបនឹងឆ្នាំ ២០២៣ និងលើសពីកម្រិតខ្ពស់ មុនជម្ងឺកូវីដ នៃចំនួន ៦,៦ លាននាក់ ក្នុងឆ្នាំ២០១៩។ កម្ពុជារំពឹងថា នឹងមានភ្ញៀវទេសចរបរទេសជាង ៧,២ លាននាក់ នៅឆ្នាំ២០២៥ នេះបើយោងតាមក្រសួងទេសចរណ៍។
ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ / ក្រសួងទេសចរណ៍