ភ្នំពេញ៖ បើតាមក្នុងកិច្ចប្រជុំគណៈប្រតិភូគណៈកម្មការទី៣ នៃព្រឹទ្ធសភា ស្តីអំពីវឌ្ឍនភាពការងាររបស់ក្រសួងធនធានទឹក និងឧតុនិយម កាលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ កន្លងទៅនេះ ឯ. ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងឲ្យដឹងថា កម្ពុជា បានបង្កើនលទ្ធភាព ស្រោចស្រពលើ ផ្ទៃដីកសិកម្មបានចំនួន ១.៩៦៩.៨៤៣ហិកតា គិតត្រឹមឆ្នាំ២០២៤ (ក្នុងនោះស្រូវរដូវវស្សាចំនួន ១.៣៨៧.០៥១ហិកតា និងស្រូវរដូវប្រាំងចំនួន ៥៨២.៧៩២ហិកតា) ខណៈរដ្ឋាភិបាលកម្ពុជាប្តេជ្ញាជំរុញបន្តការជួសជុល ស្តារឡើងវិញ និងសាងសង់ថ្មីនូវ ប្រព័ន្ធធារាសាស្ត្រគ្រប់ខ្នាត ដើម្បីបម្រើដល់ ការរស់នៅរបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស។
ឯកឧត្តម បានមានប្រសាសន៍បន្ថែមថា ក្រសួងបានបន្តការជួសជុល ស្តារឡើងវិញ និងសាងសង់ថ្មីនូវ ប្រព័ន្ធធារាសាស្ត្រគ្រប់ខ្នាត ប្រព័ន្ធការពារទឹកជំនន់ និងទំនប់ការពារទឹកប្រៃ ដែលបានជួយកាត់បន្ថយ គ្រោះមហន្តរាយធម្មជាតិ និងធានាដល់សន្តិសុខទឹក ព្រមទាំងធ្វើការផ្គត់ផ្គង់ទឹក សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ និងការងារបង្កបង្កើនផលស្រូវ និងដំណាំគ្រប់ប្រភេទ ផងដែរ។
គួរឲ្យដឹងដែរថា គិតមកដល់ពេលនេះ នៅទូទាំងប្រទេសកម្ពុជា មានរាជធានី-ខេត្តចំនួនពីរ មិនមានអាងស្ដុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រគឺ រាជធានីភ្នំពេញ និងខេត្តប៉ៃលិន។
ចំណែកខេត្តចំនួន ២៣ របស់កម្ពុជា បច្ចុប្បន្នមានអាងស្ដុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រសរុបចំនួន ១.៥៦២ ដែលក្នុងនោះអាងស្តុកទឹក និងអាងទឹកចុះបញ្ជីរួច មានចំនួន១៩៧ ស្មើនឹង ១៣%។ ដោយឡែក អាងស្តុកទឹក និងអាងទឹកកំពុងដំណើរការចុះបញ្ជី មានចំនួន ២៧៣ ស្មើនឹង ១៧% និងអាងស្តុកទឹក និងអាងទឹកមិនទាន់បានចុះបញ្ជី មានចំនួន ១០៩២ ស្មើនឹង ៧០%។
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម