ទីក្រុងនៅអឺរ៉ុប ចំនួន ៥ ដែលគ្មានរថយន្ដធ្វើចរាចរណ៍


ទីក្រុង យើងតែស្រមៃទៅដល់ កន្លែងមានមនុស្សកកកុញ យានយន្ដចរាចរណ៍ តាមដងផ្លូវមមារញឹក និងសកម្មភាពមនុស្សជាច្រើន។ ផ្ទុយទៅវិញ សម្រាប់ទីក្រុងចំនួន ៥ នៅទ្វីបអឺរ៉ុប បានហាមឃាត់នូវ ការប្រើប្រាស់យានយន្ដទាំងស្រុង ឬនៅដោយឡែក តាមតំបន់មួយចំនួន ក្នុងគោលបំណងរក្សាភាពស្ងប់ស្ងាត់ កាប់ន្ថយការបំពុល ដោយឧស្ម័ននិងសម្លេង ព្រមទាំងទាក់ទាញអោយភ្ញៀវទេសចរ ដើរថ្មើរជើង ទស្សនានូវតំបន់អភិរក្ស និងសំណង់ប្រវត្តិសាស្ត្រ ប្រកបដោយសុវត្ថិភាព។

ខាងក្រោមនេះ គឺជាទីក្រុងចំនួន ៥ ដែលមិនមានការប្រើប្រាស់រថយន្ដ៖

១. ទីក្រុង Venice ប្រទេសអ៊ីតាលី

ស្រមៃថាជិះរថយន្ដ ទស្សនាទីក្រុង Venice គឺមិនអាចទៅរួចទេ ប្រសិនបើអ្នកចង់ទេសចរទីក្រុង Venice យើងត្រូវជិះទូកចែវខ្នាតតូច តាមដងប្រឡាយ ជិះកង់ ឬក៏ធ្វើដំណើរថ្មើរជើង។ ទីក្រុង Venice ហ៊ុមព័ទ្ធដោយទឹក និងមានស្ពានជាច្រើន ហើយទីក្រុងនេះ ក៏ពេញនិយមសម្រាប់ជិះ Water-bus ឬទូកទេសចរណ៍ខ្នាតធំ កម្សាន្ដផងដែរ។

២. ទីក្រុង Bruges ប្រទេសប៊ែលហ្សិក

ស្រដៀងទីក្រុង Venice ដែរប៉ុន្តែស្ថិតនៅភាគខាងជើង ទីក្រុង Bruges ប្រទេសប៊ែលហ្សិក បានព្យាយាមកាត់បន្ថយ ចំនួនយានយន្ដ ជំនួសមកវិញនូវ ការសាងសង់ផ្លូវថ្មើរជើង និងបិទចរាចរណ៍ យានយន្ដចាប់ពីពេលថ្ងៃ រហូតដល់ព្រឹក សម្រាប់អោយភ្ញៀវទេសចរ ធ្វើដំណើរកម្សាន្ដថ្មើរជើង ឬជិះទូកតាមប្រឡាយទឹក។ សម្រាប់អ្នកមានលិខិត ភារកិច្ចពិសេស ទើបអាចប្រើប្រាស់យានយន្ដបាន។

៣. ទីក្រុង Dubrovnik ប្រទេសក្រូអាត

ទីក្រុង Dubrovnik ត្រូវបានដាក់អភិរក្សចូលបញ្ជី សម្បត្តិបេតិកភណ្ឌពិភពលោក ដោយទីក្រុងនេះត្រូវហាមឃាត់ ការប្រើប្រាស់រថយន្ដ ជាពិសេសនៅ តំបន់កណ្ដាលក្រុង តាមរយៈការតម្លើងពន្ធលើចំណត និងបិទចរាចរណ៍ សម្រាប់អភិរក្សសំណង់អគារប្រវត្តិសាស្ត្រ និងរក្សាភាពស្ងប់ស្ងាត់ នៅទីក្រុងផងដែរ។

៤. ទីក្រុង Mdina ប្រទេសម៉ាល់តា

ទីក្រុង Mdina ត្រូវបានគេដាក់ឈ្មោះថា “The City of Silence” ដែលកំណត់ច្បាប់ សម្រាប់តែអ្នករស់នៅតិចតួចប៉ុណ្ណោះ ទើបមានសិទ្ធប្រើប្រាស់រថយន្ដបាន។ ច្បាប់នេះ បានជួយថែរក្សាទីក្រុង Mdina អោយរក្សាភាពស្ងប់ស្ងាត់ នៅទីក្រុងចំណាស់នេះ និងអភិរក្សានូវព្រះវិហារ និងក្លាយទៅជាកន្លែងសម្រាក លំហែកាយ ប្រកបដោយបរិយាកាសបរិសុទ្ធ។

៥. ទីក្រុង Zermatt ប្រទេសស្វីស

ទីក្រុង Zermatt ត្រូវបានគេស្គាល់ជា ទីក្រុងពេញនិយមសម្រាប់ ជិះស្គីទឹកកក និងជាទីក្រុងគ្មានរថយន្ដ។ ប្រសិនបើអ្នកចង់ធ្វើដំណើរ ត្រូវថ្មើរជើងចម្ងាយប្រមាណ ៥ គីឡូម៉ែត្រពីតំបន់កណ្ដាលក្រុង ទើបអាចជិះរថភ្លើង និងរថយន្ដក្រុងអគ្គិសនី ដោយឥតគិតថ្លៃ។ ទីក្រុង Zermatt ជាទីក្រុងតូច ចំណាស់ ប៉ុន្តែទាក់ទាញភ្ញៀវទេសចរ មកកម្សាន្ដច្រើន នៅវិស្សមកាល។

 

ប្រភព៖ Envols