ភ្នំពេញ៖ បឹងទន្លេសាប ត្រូវបានស្គាល់ថាជា បឹងធម្មជាតិដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ និងត្រូវបានចាត់ទុកថា ជាមូលដ្ឋានគ្រឹះដ៏សំខាន់ នៃអរិយធម៌ខ្មែរ ព្រមទាំងបានផ្តល់អត្ថប្រយោជន៍ ដល់សេដ្ឋកិច្ចជាតិយ៉ាងខ្លាំង ដោយបានរួមចំណែកប្រមាណ ២ពាន់លានដុល្លារក្នុងមួយឆ្នាំ តាមរយៈ ជលផល ការដឹកជញ្ជូន និងទេសចរណ៍ នេះបើយោងតាមប្រសាសន៍ ឯកឧត្តម ឧ.នា រដ្ឋមន្ត្រី សាយ សំអាល់ ដកស្រង់ដោយសារព័ត៌មានក្នុងស្រុក AMS។ ដោយសារតែសារៈសំខាន់ទាំងអស់នេះហើយ រាជរដ្ឋាភិបាល តែងផ្តល់អាទិភាពដល់ ការការពារ និរន្តរភាព ប្រព័ន្ធជីវចម្រុះ នៃបឹងទន្លេសាប។
ឯកឧត្តម ឧ.នា រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បាននិយាយក្នុងកិច្ចប្រជុំមួយថា “រាជរដ្ឋាភិបាលនឹងមិនអនុញ្ញាត ឱ្យមានការដាំដុះស្រូវបន្ថែម លើដីបឹងទន្លេសាបទេ លើកលែងតែតំបន់ដែលបានកំណត់។ ការពង្រីកការធ្វើស្រែចូល ទៅក្នុងទឹកបឹង នឹងនាំឱ្យបាត់បង់ព្រៃឈើលិចទឹក ដែលជាជម្រកដ៏សំខាន់របស់ត្រី។ លើសពីនេះទៀត ប្រសិនបើការធ្វើស្រែចម្ការនៅតែបន្ត នៅតំបន់ព្រៃលិចទឹកទាំងនេះ ភក់របស់បឹងនឹងប្រែទៅជា ខ្សាច់បន្តិចម្តងៗ ដែលបណ្តាលឱ្យមានការរិចរិលនៃបឹង។ បើគ្មានការអន្តរាគមន៍ត្រឹមត្រូវទេ បឹងទន្លេសាបនឹងបាត់បង់ ស្រទាប់ភក់ដ៏សំខាន់របស់វា ហើយនឹងត្រូវបានគ្របដណ្តប់ដោយខ្សាច់។ ដូច្នេះ យើងទាំងអស់គ្នាត្រូវតែ ខិតខំថែរក្សាបឹងទន្លេសាប សម្រាប់កូនចៅជំនាន់ក្រោយ។”
ឯកឧត្តម បានសង្កត់ធ្ងន់ថា បឹងទន្លេសាប គឺជាគ្រឹះនៃអរិយធម៌ខ្មែរ។ ការបាត់បង់បឹង ឬការប្រែក្លាយទៅជាទឹកដែលខ្វះសារធាតុចិញ្ចឹម ស្មើនឹងការបាត់បង់ បេតិកភណ្ឌខ្មែរ។ ដើម្បីដោះស្រាយបញ្ហានេះ ក្រសួង នឹងការពារបឹងទន្លេសាប ដោយចុះបញ្ជីដី ជាផ្លូវការ ដើម្បីការពារកុំឲ្យមានវិវាទដីធ្លី ឬការទន្ទ្រានយកដីបន្តទៀត។
តម្លៃបន្ថែមនៃបឹងទន្លេសាប គឺបឹងនេះ មានតួនាទីយ៉ាងសំខាន់ ក្នុងការថែរក្សាតុល្យភាពទឹក ក្នុងអាកាសធាតុក្នុងតំបន់ ការការពារ និងកាត់បន្ថយទឹកជំនន់ និងគាំទ្រដល់ជីវចម្រុះ ទៀតផង។ ធនធានធម្មជាតិ ដ៏សម្បូរបែប ជាពិសេសព្រៃលិចទឹក ផ្តល់ជម្រកសម្រាប់ពងត្រី និងរួមចំណែកដល់តម្លៃសេដ្ឋកិច្ចប្រហែល ២ពាន់លានដុល្លារក្នុងមួយឆ្នាំៗ នេះបើយោងតាមសម្រង់ឃ្លាពី ឯកសារ “អន្តរាគមន៍លើការគ្រប់គ្រង ធនធានធម្មជាតិនៅតំបន់បឹងទន្លេសាប” ដែលត្រូវបានរៀបចំដោយ ឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររួបនីយកម្ម និងសំណង់។
គូសបញ្ជាក់ផងថា តំបន់បឹងទន្លេសាប គឺគិតចាប់ពីផ្លូវជាតិលេខ៥ និងលេខ៦ ដល់បឹងទន្លេសាប ស្ថិតនៅក្នុងខេត្តចំនួន៦ រួមមាន កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ ហើយចែកចេញជាបីតំបន់ដូចជា
- តំបន់ទី១៖ តំបន់ភូមិ ដែលអ្នករស់នៅមានកម្មសិទ្ធិ,
- តំបន់ទី២៖ តំបន់ការពារចន្លោះតំបន់ទី១ និងតំបន់៣ ដែលអ្នកដាំដុះរយៈពេលវែង អាចប្រើប្រាស់ និងអាស្រ័យផលលើដី
- តំបន់ទី៣៖ ព្រៃលិចទឹកដែល ត្រូវបានការពារយ៉ាងតឹងរ៉ឹង និងហាមប្រាមពី ការធ្វើពាណិជ្ជកម្មនានា។
តំបន់ទី៣ មានផ្ទៃដីជាង ៦៤០ ០០០ ហិកតា ត្រូវបានកំណត់ដោយអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១១ ចំណែកតំបន់ទី១ មានទំហំ ៣៩០ ០០០ ហិកតា និងតំបន់ ២ មានទំហំប្រមាណ ៣៧០ ០០០ ហិកតា។
ប្រភព៖ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់