គម្រោងអគារខ្ពស់ កំពុងរីកលូតលាស់ខ្លាំងនៅប្រទេសអារ៉ាប៊ី សាអ៊ូឌីត ដែលបានបង្ហាញ គម្រោងសាងសង់អគារខ្ពស់ៗ និងទីក្រុងជាច្រើន ជាក់ស្ដែងអគារ Jeddah Tower ដែលមានកម្ពស់ជាង ១០០០ ម៉ែត្រ អគារមានរាងគូប ៤០០ ម៉ែត្រគ្រប់ជ្រុងទាំងអស់ឈ្មោះថា Mukaab និងសំណង់ទីក្រុង The Line មានប្រវែង ១៧០ គីឡូម៉ែត្រ ជាដើម។
ថ្មីៗនេះប្រទេសអារ៉ាប៊ី សាអ៊ូឌីត បានបង្ហាញគម្រោងសាងសង់ អគារខ្ពស់មួយទៀតឈ្មោះថា Rise Tower ខ្ពស់ដាច់គេបំផុតលើពិភពលោក មានកម្ពស់ដល់ ២០០០ ម៉ែត្រ ស្ថិតនៅភាគខាងជើងទីក្រុងរីយ៉ាដ ដែលអាចចំណាយថវិកាប្រមាណ ៥ ពាន់លានដុល្លារ គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០៦០។ គម្រោងនេះ ត្រូវបានបង្ហាញ Concept ដោយ លោក Mohammed al-Qahtani នាយកប្រតិបត្តិក្រុមហ៊ុនស្ថាបត្យកម្ម Saudi Arabia Holding Company និងអភិវឌ្ឍដោយ មូលនិធិវិនិយោគសាធារណៈ (Public Investment Fund) ប្រទេសអារ៉ាប៊ី សាអ៊ូឌីត។
មានកម្ពស់រហូតដល់ ២០០០ ម៉ែត្រ អគារ Rise Tower នឹងខ្ពស់ជាងអគារ Burj Khalifa ដល់ ១១៨០ ម៉ែត្រ និងខ្ពស់ជាងអគារ Jeddah Tower រហូតដល់ ១០០០ ម៉ែត្រ សំណង់អគារដ៏ធំមហិមានេះ នឹងមានកម្ពស់ ៦៧៨ ជាន់ ស្ថិតនៅតំបន់ទីក្រុងអភិវឌ្ឍថ្មីទំហំ ៣០៦ គីឡូម៉ែត្រការ៉េ ហៅថាជាទីក្រុងអនាគត ឬ City of the future។
តើគេអាចសង់អគារកម្ពស់ ២ គីឡូម៉ែត្រ បានដែរឬទេ? ចម្លើយនៅមិនទាន់អាចបញ្ជាក់ បាននៅឡើយ ពីព្រោះបច្ចុប្បន្ន អគារ Burj Khalifa បានគ្រងដំណែងជាអគារខ្ពស់បំផុត លើលោករយៈពេល ១៥ ឆ្នាំមកហើយ ដែលមានកម្ពស់ ១៦៣ ជាន់អគារ និងមានជណ្ដើរយន្ដប្រវែងខ្ពស់បំផុត លើលោក។ យ៉ាងណាមិញ ប្រទេសអារ៉ាប៊ី សាអ៊ូឌីត កំពុងសាងសង់សំណង់ អច្ឆរិយជាច្រើនមានដែលមានទំហំធំៗ ប្រជែងជាមួយប្រទេសអេមីរ៉ាត អារ៉ាប់រួម (UAE) ដូចជាអគារខ្ពស់បំផុតលើលោក ទីក្រុងវែងបំផុតលើលោក អគារទំហំធំបំផុត លើលោកជាដើម។
ប្រភព៖ Time Out