គិតត្រឹមឆ្នាំ២០២៤ ប្រទេសចិន នៅតែឈានមុខគេ លើការអភិវឌ្ឍផ្លូវរថភ្លើងល្បឿនលឿន ហើយផ្លូវរថភ្លើងល្បឿនលឿនចិន មានច្រើនលើស ផ្លូវរថភ្លើងប្រទេសទាំងអស់ លើពិភពលោកបូកបញ្ចូលគ្នា ទៅទៀត ពោលគឺក្ដោបយក ២/៣ នៃផ្លូវរថភ្លើងល្បឿនលឿនទាំងអស់ លើពិភពលោក។ ប្រទេសចិន មានផ្លូវរថភ្លើងល្បឿនលឿន ប្រមាណ ៤៦ ០០០ គីឡូម៉ែត្រ កំពុងប្រតិបត្តិការ និងមានប្រវែង ១៣ ០០០ គីឡូម៉ែត្របន្ថែមទៀត កំពុងសាងសង់។
ខាងក្រោមនេះ គឺជាប្រទេសមានផ្លូវល្បឿនលឿនវែងបំផុត លើពិភពលោក៖
• ប្រទេសចិន មានប្រវែង ៤៦ ០០០ គីឡូម៉ែត្រ
• អេស្ប៉ាញ មានប្រវែង ៣ ៩៦៦ គីឡូម៉ែត្រ
• ជប៉ុន មានប្រវែង ៣ ០៦៧ គីឡូម៉ែត្រ
• បារាំង មានប្រវែង ២ ៨០០ គីឡូម៉ែត្រ
• ចក្រភពអង់គ្លេស មានប្រវែង ២ ២១៤ គីឡូម៉ែត្រ
• អាល្លឺម៉ង់ មានប្រវែង ១ ៦៥៨ គីឡូម៉ែត្រ
• ហ្វាំងឡង់ មានប្រវែង ១ ១២០ គីឡូម៉ែត្រ
• អ៊ីតាលី មានប្រវែង ១ ១១៧ គីឡូម៉ែត្រ
• តួកគី មានប្រវែង ១ ០៩៣ គីឡូម៉ែត្រ
• កូរ៉េខាងត្បូង មានប្រវែង ៨៨៧ គីឡូម៉ែត្រ
គួរកត់សម្គាល់ថា នៅសហរដ្ឋអាមេរិក ទោះបីជាមានចំនួនប្រជាជនច្រើន ប៉ុន្តែសហរដ្ឋអាមេរិក មិនមានការអភិវឌ្ឍ ផ្លូវរថភ្លើងល្បឿនលឿន ប្រើប្រាស់ច្រើននោះទេ បច្ចុប្បន្នមានត្រឹមតែ ៧៣៥ គីឡូម៉ែត្រប៉ុណ្ណោះ ស្ថិតនៅក្នុងទីក្រុង Denver, Las Vegas, Phoenix, Michigan, Illinois និងទីក្រុង Salt Lake City។ ដោយឡែក នៅអាស៊ីអាគ្នេយ៍ មានតែប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះ ដែលមានរថភ្លើងល្បឿនលឿនប្រើប្រាស់ ដែលធ្វើដំណើរ ពីរដ្ឋធានីហ្សាកាតា ទៅកាន់ទីក្រុងបានដុង មានប្រវែង ១៤៣ គីឡូម៉ែត្រ។
ចំពោះទូររថភ្លើងល្បឿនលឿន ប្រទេសចិន នៅតែឈានមុខគេដដែល ដោយរថភ្លើងល្បឿនលឿនចិន អាចរត់បាននៅក្នុង ល្បឿនអតិបរមាដល់ ៣៥០ គីឡូម៉ែត្រ/ម៉ោង ខណៈដែលប្រទេស ជាច្រើនទៀតនៅអឺរ៉ុប ជប៉ុន និងកូរ៉េខាងត្បូង មានរថភ្លើងល្បឿនលឿន រត់ត្រឹមល្បឿនអតិបរមាក្រោម ៣០០ គីឡូម៉ែត្រ/ម៉ោង ចំណែកនៅសហរដ្ឋអាមេរិក រថភ្លើងល្បឿនលឿនមាន សមត្ថភាពរត់បានក្នុងល្បឿនអតិបរមា ១១០ គីឡូម៉ែត្រ/ម៉ោង។
ប្រភព៖ World Population Review