ឆ្នេរ២៧០០ម៉ែត្រ នៅខេត្តកែប និងឆ្នេរព្រែកត្រែង នៅខេត្តព្រះសីហនុ នឹងត្រូវបានលើកកម្ពស់គុណភាព កែប្រែសោភ័ណភាព ទៅជាឆ្នេរកម្សាន្តសាធារណៈដ៏សំបូរបែប នៅកម្ពុជា!


ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានតំបន់ឆ្នេរនៃខេត្តព្រះសីហនុ កំពត និងកែប បានកំពុងបន្តកែប្រែស្ថានភាព លើកកម្ពស់សោភ័ណភាព ឆ្នេរ២៧០០ម៉ែត្រ ស្ថិតក្នុងខេត្តកែប និងផ្តួចផ្តើម លើកកម្ពស់គុណភាព "ឆ្នេរព្រែកត្រែង" នៃខេត្តព្រះសីហនុ ផងដែរ។

គួរឲ្យដឹងផងថា គម្រោងលើកកម្ពស់សោភ័ណភាព ឆ្នេរ២៧០០ម៉ែត្រ ត្រូវបានឱ្យឈ្មោះថា "ឆ្នេរតេជោសន្តិភាពកែប" ជាគម្រោងអភិវឌ្ឍន៍រមណីយដ្ឋាន ឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ស្ថិតនៅក្នុងសង្កាត់ព្រៃធំ ក្រុងកែប។

គម្រោងនេះ នឹងលើកកម្ពស់គុណភាពឆ្នេរ២៧០០ម៉ែត្រ នេះ ឱ្យក្លាយទៅជាឆ្នេរខ្សាច់កម្សាន្ត តែមួយគត់ ដែលនឹងឆ្លើយតបបាន ទៅនឹងការរំពឹងទុក របស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាកម្សាន្តនៅឆ្នេរសមុទ្រកម្ពុជា។

ដោយឡែក សម្រាប់ ឆ្នេរព្រែកត្រែង នៃខេត្តព្រះសីហនុ ស្ថិតនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ នឹងក្លាយជាគោលដៅទេសចរណ៍ ដ៏ទាក់ទាញមួយទៀត នៅក្នុងខេត្តព្រះសីហនុ ក៏ដូចជាតំបន់ឆ្នេរសមុទ្រ  ដែលនឹងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនា សម្រាកលម្ហែ នៅតំបន់ឆ្នេរ ក៏ដូចជានៅកម្ពុជា។

ក្រសួងបានបញ្ជាក់ថា បន្ទាប់ពីគម្រោងអភិវឌ្ឍនេះ បានបញ្ចប់ជាស្ថាពរ ឆ្នេរទាំងពីរនេះ នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ទាំងភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ ហើយថែមទាំងបង្កើត ឱកាសការងារ និងបង្កើតមុខរបរបន្ថែមទៀត សម្រាប់ប្រជាជននៅក្នុងតំបន់ ដែលនឹងផ្តល់ ប្រាក់ចំណូលច្រើនជាងមុន និងធ្វើឱ្យជីវភាពរស់នៅ កាន់តែល្អប្រសើរមួយកម្រិតថែមទៀត។

គូសសម្គាល់ផងថា គម្រោងលើកកម្ពស់ គុណភាពអភិវឌ្ឍរមណីយដ្ឋាន ឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ "ឆ្នេរតេជោសន្តិភាពកែប" និង "ឆ្នេរព្រែកត្រែង" ជាគម្រោងនៃកិច្ចសហប្រតិបត្តិការរដ្ឋ និងវិស័យឯកជនលើកដំបូង ក្នុងការអភិវឌ្ឍឆ្នេរកម្សាន្តសាធារណៈ។

ប្រភព៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់