អន្តរជាតិ៖ បន្ទាប់ពីទីផ្សាររថយន្តរបស់ខ្លួន ត្រូវបានធ្លាក់ចុះនៅជុំវិញពិភពលោក ពិសេសនៅខាងប៉ែកខាងអាស៊ី ដោយសារ ក្រុមហ៊ុនផលិតរថយន្តចិន និងអាមេរិក ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះមក ថ្មីៗនេះ ក្រុមហ៊ុន Honda, Nissan, និង Mitsubishi កំពុងស្ថិតក្នុងការសហការគ្នាជាផ្លូវការ ក្រោមក្រុមហ៊ុនកាន់កាប់តែមួយ ដើម្បីដោះស្រាយ ការប្រកួតប្រជែងជាសកល។ ដំណឹងនៃ ភាពជាដៃគូនេះ ត្រូវបានប្រកាសនៅក្នុងសេចក្តីថ្លែងការរួមមួយដោយ ក្រុមហ៊ុន Honda និង Nissan ដែលការរួមបញ្ចូលគ្នានេះ នឹងធ្វើឲ្យប្រេនទាំងបី រួមមួយ និង ក្លាយជាក្រុមហ៊ុនផលិតរថយន្តធំជាងគេទី៣ របស់ពិភពលោក។
ការរួមបញ្ចូលគ្នា ដែលគ្រោងនឹងសម្រេចបាន នៅខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ បង្កើតលើកិច្ចសហការ នាពេលថ្មីៗនេះរវាង Honda និង Nissan រួមទាំងកិច្ចខិតខំប្រឹងប្រែងរួមគ្នា នៅក្នុងបច្ចេកវិទ្យាគ្មានការបំភាយឧស្ម័ន និងបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិផងដែរ។
ដោយឡែក ឥទ្ធិពលនៃភាពជាដៃគូនេះ សម្រាប់ក្រុមហ៊ុន Mitsubishi និងបទពិសោធន៍របស់អតិថិជន Mitzubishi នៅពុំមានភាពច្បាស់លាស់ទេ ដែលវាជារឿងថ្មីៗពេក និងកំពុងស្ថិតក្នុងដំណើរការរួមបញ្ចូល ... ដោយ លោក Toshihiro Mibe ប្រធានគ្រប់គ្រងក្រុមហ៊ុន Honda សង្កត់ធ្ងន់ថា ការពិភាក្សានៅតែ ស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ។
ទោះជាយ៉ាងណាក៏ដោយ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nissan លោក Makoto Uchida បានបង្ហាញពីទំនុកចិត្តលើ សក្តានុពលរបស់សម្ព័ន្ធនៃប្រេនទាំង៣រួម១ ក្នុងការចែកចាយផលិតផលរថយន្ត ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងភាពទាក់ទាញ។ ចាំមើល ថាតើការរួមបញ្ចូលគ្នានេះ គឺអាចគ្រប់គ្រាន់ ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនឈានមុខ លើការផលិតរថយន្តអគ្គិសនី EVs ខ្នាតយក្ស ដូចជា Tesla និង BYD ឬយ៉ាងណាដែរ! លទ្ធផលនឹងបង្ហាញ នៅពេលកិច្ចសហប្រតិបត្តិការ និងការរួមបញ្ជូលនេះ ចាប់ផ្តើមដំណើរការ!!
ប្រភព៖ Technology Innovation