ហេតុអ្វីបានជា យន្ដហោះភាគច្រើនមានពណ៌ស?


យន្ដហោះជាទូទៅមានពណ៌ស មិនថាយន្ដហោះដឹកអ្នកដំណើរ ឬយន្ដហោះដឹកទំនិញនោះទេ បើទោះបីជាក្រុមហ៊ុនអាកាសចរណ៍ ប្រើប្រាស់និមិត្តសញ្ញា និងពណ៌តំណាង ក្រុមហ៊ុនរបស់ខ្លួនចម្រុះក៏ដោយ ប៉ុន្តែពណ៌ស នៅតែលាតសន្ទឹងជុំវិញតួយន្ដហោះភាគច្រើនបំផុត។ ដូចនេះ តើហេតុអ្វីបានជាពណ៌ស មានសារៈសំខាន់ចំពោះយន្ដហោះ?

១. ពណ៌ស មានចំណាំងផ្លាតល្អបំផុត សម្រាប់ពន្លឺព្រះអាទិត្យ

ក្នុងការកាត់បន្ថយការស្រូបយក កម្ដៅពីព្រះអាទិត្យ ពណ៌ស គឺជាពណ៌ដែលមាន ចំណាំងផ្លាតល្អបំផុត ដែលអាចអោយយន្ដហោះ រក្សាតុល្យភាពសីតុណ្ហភាព អោយមកកម្រិតទាប កាត់បន្ថយកម្ដៅនៅផ្នែកខាងក្នុង ជាពិសេសនៅពេលហោះហើរនៅទីខ្ពស់ ដោយមិនមានម្លប់ សម្រាប់ការពារពន្លឺ។

២. ពណ៌ស កាត់បន្ថយការចំណាយ

តើអ្នកដឹងទេថា ការចំណាយលើថ្លៃថ្នាំកូត បាញ់ពណ៌លើយន្ដហោះ អាចចំណាយចន្លោះពី ១៥ ម៉ឺន ទៅដល់ ៣០ ម៉ឺនដុល្លារ ក្នុងយន្ដហោះមួយគ្រឿង ហើយអាចបន្ថែមទម្ងន់ អោយយន្ដហោះប្រមាណ ៥៥០ គីឡូក្រាមបន្ថែម។ ចំពោះ ពណ៌ស ជាពណ៌មួយមិនងាយស្លេក និងធានាការប្រើប្រាស់បានយូរ និងជាពណ៌ស្រាលផងដែរ ព្រមទាំងធននិងអាកាសធាតុ មិនថាខ្យល់ ភ្លៀង ឬធ្លាក់ព្រិលឡើយ។

៣. បញ្ជៀសបញ្ហាជាមួយសត្វស្លាប

យន្ដហោះពណ៌ស ងាយស្រួលសម្រាប់ សត្វស្លាបអាចមើលឃើញច្បាស់ និងជៀសបញ្ហានានា ពេលហោះហើរ។ នៅអំឡុងឆ្នាំ ២០១៩ ការប៉ះទង្គិចរវាងយន្ដហោះ នឹងសត្វស្លាប នៅសហរដ្ឋអាមេរិក មានប្រមាណ ១៧ ២២៨ ករណី ហើយការលាបពណ៌យន្ដហោះ ខុសពីពណ៌ស វានឹងបង្កអោយបញ្ហានេះ កើតឡើងច្រើនថែមទៀត ដោយសារតែសត្វស្លាប ប្រសីភ្នែកនិងញាណប្រតិកម្មរហ័ស ជាមួយពណ៌ស។

៤. ពណ៌ស ងាយស្រួលសម្គាល់ កន្លែងបែកបាក់

យន្ដហោះ ជាយាន្ដដែលត្រូវការ តំហែទាំខ្លាំងបំផុត ដោយសារតែវាហោះហើរ នៅលើអាកាស ហើយក៏ពិបាកសម្រាប់ ចុះចតខុសគោលដៅផងដែរ ប្រសិនបើមានបញ្ហា។ ដូចនេះ រាល់ការហោះហើរ ត្រូវប្រាកដថា យន្ដហោះមានដំណើរការល្អ ផ្នែកផ្សេងៗមិនមានបាក់បែក ឬប្រះស្រាំ។ ពណ៌ស គឺជាពណ៌ដែលងាយ កត់សម្គាល់ចំណុចបាក់បែក ប៉ោងហើម ឬវៀច ជាងពណ៌ផ្សេងទៀត។

៥. ពណ៌ស មានតម្លៃទាបជាពណ៌ផ្សេងទៀត

ដូចបានបញ្ជាក់ខាងលើដែរ យន្ដហោះមួយគ្រឿងត្រូវការ ចំណាយលើថ្នាំកូតខ្ពស់ ដូចនេះការជ្រើសរើសពណ៌ស អាចជួយសន្សំសំចៃ ថវិកាបានច្រើន។ ជាក់ស្ដែង យន្ដហោះពាណិជ្ជកម្មខ្នាតមធ្យម អាចចំណាយ ការលាបពណ៌ប្រមាណ ២៤០ លីត្រ យ៉ាងតិចបំផុត ចំណែកយន្ដហោះខ្នាតធំដូចជា Boeing 737 ឬ Airbus A380 អាចប្រើប្រាស់ថ្នាំពណ៌រហូតដល់ ៣ ៦០០ លីត្រ។ ដូចនេះ ការចំណាយលើថ្នាំពណ៌ និងតំហែទាំប្រចាំឆ្នាំ ធ្វើអោយយន្ដហោះពាណិជ្ជកម្ម អាចចំណាយការហោះហើរកាត់តែខ្ពស់។

 

ប្រភព៖ Menkor Aviation