ខេត្តកំពត ជាទីតាំងសម្រាកលំហែចុងសប្ដាហ៍ ដ៏ពេញនិយម ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តបានច្រើន!


មានចម្ងាយប្រហែល ១៥០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ធ្វើដំណើរត្រឹមតែ ៣ ម៉ោងប៉ុណ្ណោះ ខេត្តកំពត បានក្លាយទៅជាទីតាំងសម្រាក លំហែកាយចុងសប្ដាហ៍ដ៏ពេញនិយម សម្រាប់អ្នករស់នៅរាជធានីភ្នំពេញ ដែលផ្ដល់ជូននូវទស្សនីយភាពក្រុងកំពត សម្បូរដោយសំណង់ស្ថាបត្យកម្មបារាំង តំបន់ជួរភ្នំបូកគោ មានអាកាសធាតុត្រជាក់ តំបន់សម្រាកលំហែ តាមមាត់ព្រែក ញ៉ាំអាហារលើទូក តំបន់ស្រែអំបិល តំបន់ព្រៃកោងកាង តាមសហគមន៍ និងអាចហួសមកកាន់ខេត្តកែបទស្សនា ផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយ។

តើគួរដើរទស្សនាអ្វីខ្លះនៅខេត្តកំពត?

ការធ្វើដំណើរកម្សាន្ដខេត្តកំពត ចុងសប្ដាហ៍ជាបទពិសោធន៍យ៉ាងល្អមួយ ម្យ៉ាងខេត្តកំពតស្ថិត នៅមិនឆ្ងាយប៉ុន្មាននោះទេ ម្យ៉ាងទៀតខេត្តកំពត សម្បូរធនធានធម្មជាតិ និងទេសភាពស្រស់ស្អាត អាចអោយយើងសម្រាកលំហែ ក្រោយពីបញ្ចប់ការងារពេញមួយសប្ដាហ៍។

សម្រាប់ការទស្សនាខេត្តកំពត យើងអាចមានជម្រើសច្រើនដូចខាងក្រោម៖

១. ដំណើរកម្សាន្ដក្រុងកំពត និងមាត់ព្រែក៖ សម្រាប់ការធ្វើដំណើរដល់ក្រុងកំពត អ្នកមិនអាចរំលងនូវ ការថតរូបស្អាតៗជាមួយនឹងរង្វង់ មូលធុរេន រូបសេះសមុទ្របាញ់ទឹក និងនាឡិកាយក្សកម្ពស់ ៣៥ ម៉ែត្រ។ នៅក្នុងក្រុងកំពត យើងនឹងបានឃើញស្ថាបត្យកម្មសំណង់ សម័យបារាំងជាច្រើន ដោយសារតែខេត្តកំពត ត្រូវបានជ្រើសរើស ជាតំបន់រដ្ឋបាលនៅជាប់តំបន់ព្រំដែន តាំងពីសតវត្សទី១៩។ បច្ចុប្បន្ន សំណង់អគារបារាំងទាំងនោះ បានប្រែក្លាយទៅជាអគារដ្ឋបាលខេត្ត ភោជនីយដ្ឋាន ហាងកាហ្វេ និងហាងលក់ទំនិញជាដើម។

ស្ពានឥន្ធនូ ដែលបានសាងសង់រួចតាំងពីឆ្នាំ ១៩២៥ អាយុកាលជាង ១០០ ឆ្នាំមកហើយ ជាទីតាំងមួយដែលទាក់ភ្នែក ពេលអ្នកបានទៅដល់តំបន់មាត់ព្រែកទឹកឈូ។ ស្ថិតនៅតាមមាត់ព្រែកទឹកឈូ នៅពេលល្ងាច លោកអ្នកអាចសម្រាកលំហែនៅតំបន់ឆ្នេរខ្សាច់ដែលបង្កើតថ្មី ជិះទូកកម្សាន្ដតាមដងព្រែក និងអាចសម្រាកនៅបឹងកាឡូ តាមតំបន់មាត់ព្រែក។ បន្ថែមពីនេះ លោកអ្នកអាចទស្សនា ស្រែអំបិលខេត្តកំពត ញ៉ាំកាហ្វេតាមមាត់ទឹក និងដើរផ្សារ ទិញគ្រឿងសមុទ្រជាច្រើនទៀត។ ចំណាយពេល ២ ថ្ងៃនៅក្រុងកំពត ពិតជាសាកសម សម្រាប់អ្នកចំណាយចុងសប្ដាហ៍។

២. ដំណើរកម្សាន្ដពីជើងភ្នំបូកគោ និងកំពូលភ្នំបូកគោ៖ តំបន់ភូមិក្តាត ឃុំព្រែកត្នោត ស្រុកទឹកឈូក ស្ថិតនៅចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីក្រុងកំពត ជាទីតាំងសម្រាកលំហែ ដ៏ល្អបំផុតស្ថិតនៅជើងភ្នំបូកគោ ដែលមានទេសភាពជើងភ្នំ និងសមុទ្រដ៏ធំល្វឹងល្វើយ អំណោយផលបំផុត សម្រាប់ការទស្សនាថ្ងៃលិច និងជួបជុំមិត្តភក្ដិនៅទីវាល ដុតភ្លើង អាំងសាច់ គ្រឿងសមុទ្រ និងច្រៀងលេងកម្សាន្ដ។

ថ្ងៃបន្ទាប់ យើងអាចធ្វើដំណើរឡើងភ្នំបូកគោ ពីព្រឹកព្រលឹមទទួលយកអ័ព្ស និងចាប់ពពកពីជើងភ្នំ រហូតដល់កំពូលភ្នំ ជាមួយសីតុណ្ហភាពដ៏ត្រជាក់។ នៅលើភ្នំបូកគោ ទីតាំងដែលពេញនិយមបំផុត គឺតំបន់អគារស្ថានីយភ្នំបូកគោ វត្តសំពៅប្រាំ ព្រះវិហារកាតូលិក ថ្មលយ និងព្រះរាជដំណាក់ព្រះបាទមុនីវង្ស។ បន្ទាប់ទៀត យើងអាចហួសទៅតំបន់ថ្មដុះ វាលស្រែ១០០ ទស្សនាផ្កាបំពង់ឡោម បឹងបូកគោ តំបន់ពពកវិល និងអាចហួសទៅលេង ទឹកធ្លាក់ភ្នំបូកគោបន្ថែមទៀត។ចំណាយពេល ២ ថ្ងៃនៅកំពូលភ្នំ និងជើងភ្នំបូកគោ ពិតជាបទពិសោធន៍ ធ្វើដំណើរយ៉ាងល្អ។

៣. គេចពីមនុស្សច្រើន មកកាន់តំបន់ភ្នំ៖ ស្ថិតនៅបែកខាងកើតនៃខេត្តកំពត មានតំបន់ភ្នំដុះជាច្រើនបានបញ្ចេញ សម្រស់ទាក់ទាញភ្ញៀវទេសចរ មកកម្សាន្ដ ភ្នំកំពង់ត្រាច និងភ្នំដំរី ជាទីតាំងដ៏ពេញនិយម សម្រាប់ភ្ញៀវទេសចរ មានភ្នំថ្មកំបោរធំៗ ទស្សនារូងប្រចៀវ ល្អាងតូចធំ ទំនប់ទឹក និងទីតាំងសក្ការៈបូជា​ របស់ប្រជាជនតំបន់នោះផងដែរ។

ហួសពីភ្នំទាំង ២ យើងអាចមកទស្សនាដំណាំម្រេចកំពត La Platation កំពុងក្លាយជារមណីយដ្ឋាន ដ៏ទាក់ទាញសម្រាប់កសិ-ទេសចរណ៍ ជាមួយការណែនាំដោយឥតគិតថ្លៃ ទស្សនាបច្ចេកទេសដាំ ប្រភេទម្រេច ភ្លក់រសជាតិម្រេច មានភោជនីយដ្ឋាន និងកាហ្វេរសជាតិម្រេចផងដែរ។

ជាចុងក្រោយ យើងអាចឈៀងចូលមកលេងក្រុងកែប ឬអាចមកសម្រាកនៅតំបន់ព្រៃកោងកាង សហគមន៍នៅមាត់ព្រែក។ ចំណាយពេល ២ ថ្ងៃនៅតំបន់ភាគខាងកើតខេត្តកំពត ជាទីតាំងស្ងប់ស្ងាត់ និងការដើរបែបសហគមន៍។

 

ប្រភព៖ CPR