ផ្សារសមុទ្រដំបូងគេនៅកម្ពុជា ដែលមានឈ្មោះថា “ផ្សារផែកោះស្តេច” នឹងបង្ហាញវត្តមាន នៅតំបន់តារាសាគរ ខេត្តកោះកុង!


កោះកុង៖ បើយោងតាមព័ត៌មានដែលទទួលបានពី ទំព័រហ្វេសបុកផ្លូវការរបស់ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២៣ ខែធ្នូ បានឲ្យដឹងពី ការប្រកាសអំពីគម្រោងពាណិជ្ជកម្ម ដែលគ្រប់ដណ្តប់លើផ្ទៃដី ១,៧ ហិចតា នៅតំបន់តារាសាគរ ដែលជាតំបន់អភិវឌ្ឍន៍ខ្នាតធំ ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Coastal City។

ក្នុងគម្រោងអភិវឌ្ឍន៍ដ៏ធំនោះដែរ ក៏ត្រូវបានគេមើលឃើញពី វត្តមាននៃគម្រោងផ្សារសមុទ្រមួយ ដែលត្រូវបានគេស្គាល់ឈ្មោះថា “ផ្សារផែកោះស្តេច” ផងដែរ។

គម្រោងនេះដែរ មានគោលបំណងធ្វើ សមាហរណកម្មវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ ឱ្យទៅជាស្នូលតែមួយ។ វាត្រូវបានរំពឹងថា នឹងក្លាយជាមជ្ឈមណ្ឌលសក្តានុពល សម្រាប់ពាណិជ្ជកម្ម និងជាគោលដៅទេសចរណ៍ ដ៏ពេញនិយម ដោយផ្តល់នូវបទពិសោធន៍ ដែលមិនអាចបំភ្លេចបាន សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ដែលចូលមកកម្សាន្តនៅទីនេះ។ វាក៏ត្រូវបានគេរំពឹងថា នឹងរួមចំណែកយ៉ាងសំខាន់ ដល់កំណើនសេដ្ឋកិច្ចសង្គម និងលើកកម្ពស់វិស័យទេសចរណ៍ ប្រកបដោយចីរភាព ផងដែរ។

គូសបញ្ជាក់ថា ផ្សារនេះស្ថិតនៅក្នុងទីតាំងសំខាន់មួយ ដែលមានឆ្នេរខ្សាច់សស្អាត និងតម្លៃប្រកួតប្រជែង  ដែលធ្វើឱ្យវាក្លាយជាគោលដៅទាក់ទាញ សម្រាប់ទាំងអាជីវកម្មបណ្តាក់ទុន និងសកម្មភាពទេសចរណ៍។

ផ្សារនេះនឹងតភ្ជាប់ទៅកាន់ គោលដៅទេសចរណ៍សំខាន់ៗ ដូចជា ទីលានប្រណាំងឡាន Go Kart កោះស្តេច និងកោះដទៃទៀត ដែលនៅជិតនោះ។ គម្រោងផ្សារផែកោះស្តេច នឹងក្លាយទៅជាគោលដៅទេសចរណ៍ដ៏រស់រវើក ដោយមានហាងចំនួន ៣១០ ទីតាំងដែលរៀបចំឡើង សម្រាប់អាជីវកម្មគ្រប់ប្រភេទ ដើម្បីបម្រើភាពងាយស្រួល សេវាកម្មនិងបដិសណ្ឋារកិច្ចចម្រុះ សម្រាប់ភ្ញៀវទេសចរ ដែលមកទស្សនាខេត្តកោះកុង។

លើសពីនេះ ផ្សារនេះ ក៏ផ្តល់ជូននូវទំហំហាងធំជាងគេ បើធៀបនឹងទីផ្សារផ្សេងទៀត ដែលមានចាប់ពី ១២ ដល់ ១០៨ ម៉ែត្រការ៉េ ដោយបំពេញតាមតម្រូវការចម្រុះ របស់អាជីវករ ជាមួយនឹងតម្រូវការអាជីវកម្ម ផ្សេងៗ។

វាក៏ជាផ្សារដែលពោពេញដោយ បណ្តុំនៃគ្រឿងសមុទ្រស្រស់ៗ ម្ហូបឆ្ងាញ់ប្រចាំតំបន់ កន្លែងលក់ផលិតផល វត្ថុអនុស្សាវរីយ៍ និងផលិតផលសិប្បកម្មសម្បូរបែប ផ្សារផែកោះស្តេចនឹងក្លាយទៅជា ចំណុចទាក់ទាញសំខាន់ សម្រាប់ភ្ញៀវទេសចរទាំងក្នុងស្រុក និងអន្តរជាតិ ដោយជម្រុញវិស័យទេសចរណ៍ និងផ្លាស់ប្តូរជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងតំបន់។

គូសសម្គាល់ផងថា គម្រោងទាំងនេះស្ថិតក្នុងចំណោម ការអភិវឌ្ឍន៍ដ៏សំខាន់បំផុត នៅក្នុងតំបន់តារាសាគរ ដែលនឹងលើកកម្ពស់ សក្តានុពលទេសចរណ៍ និងជំរុញការអភិវឌ្ឍន៍នៃខេត្តកោះកុង ទាំងមូល។

រីឯឲ្យដឹងពី ក្រុមហ៊ុន Coastal City វិញ គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ដំបូងគេ ក្នុងប្រទេសកម្ពុជា ដែលអនុវត្តគម្រោងធំៗដូចជា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ កំពង់ផែអន្តរជាតិតារាសាគរ តំបន់ទេសចរណ៍កំពង់ផែកោះស្តេច ទីលានវាយកូនហ្គោលភ្នំ ផ្លូវក្រាលកៅស៊ូ រួមជាមួយនឹង សណ្ឋាគារប្រណិត និងរមណីយដ្ឋាននានាជាច្រើន ផងដែរ។

ប្រភព៖ Coastal City / រដ្ឋបាលខេត្តកោះកុង
រូបភាព៖ ផ្សារផែកោះស្តេច / Coastal City / DaraSakor