រាជរដ្ឋាភិបាលកម្ពុជា បានបន្ដចាត់ទុកវិស័យទេសចរណ៍ ជាវិស័យចម្បងមួយ ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងជាផ្នែកដ៏សំខាន់មួយ ក្នុងការជម្រុញកំណើនថវិកាជាតិ ការវិនិយោគ និងបង្កើតការងារ ជូនប្រជាពលរដ្ឋ។ ហេតុនេះ ទើបរាជរដ្ឋាភិបាល នៅក្នុងអាណត្តិទី៧នេះ បានបង្កើតស្ថាប័នថ្មីមួយ គឺក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ហៅកាត់ថា ក.ផ.ផ ក្នុងគោលដៅជម្រុញបន្ថែម ពីការផ្សព្វផ្សាយអភិរូហ៍នៃវប្បធម៌ខ្មែរ ទាក់ទាញទេសចរអន្តរជាតិបន្ថែមទៀត។
ឯកឧត្តម អ៊ិត វិជិត នាយកប្រតិបត្តិ នៃ ក.ផ.ផ ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BBC ប្រចាំចក្រភពអង់គ្លេស បានបង្ហាញថា កម្ពុជា ប្រៀបដូចជាត្បូងពេជ្រ លាក់ខ្លួននៅអាស៊ីអាគ្នេយ៍ ដែលមានសក្ដានុពលខ្ពស់ លើវិស័យទេសចរណ៍ដ៏សម្បូរបែប ដែលរួមមាន សម្បត្តិបេតិកភ័ណ្ឌ សំណង់ប្រាសាទបុរាណ បេតិកភណ្ឌធម្មជាតិ ឆ្នេរសមុទ្រស្រស់ស្អាត វប្បធម៌ផូផង់ ម្ហូបអាហារអត្តសញ្ញាណ និងស្នាមញញឹមប្រកបដោយ ភាពកក់ក្ដៅនៃប្រជាជនកម្ពុជា។
ឯកឧត្តម បានបញ្ជាក់ថា រយៈពេលជិត ៣ ទសវត្សកន្លងមកនេះ ភ្ញៀវទេសចរអន្តរជាតិបានស្គាល់កម្ពុជា ត្រឹមតែប្រាសាទអង្គរវត្តប៉ុណ្ណោះ ប៉ុន្តែកម្ពុជាមានផលិតផលទេសចរណ៍ជាច្រើនទៀត ដូចនេះគោលដៅរបស់ ក.ផ.ផ នឹងជម្រុញការផ្សព្វផ្សាយ ផលិតផលទេសចរណ៍វប្បធម៌ ជាពិសេសទេសចរណ៍សហគមន៍ ទៅដល់ពិភពលោក អោយបានស្គាល់កម្ពុជា កាន់តែច្បាស់។ ឯកឧត្តម បានបន្ថែមថា នេះគឺជាពេលវេលាល្អ សម្រាប់កម្ពុជា ផ្សព្វផ្សាយអភិរូហ៍នៃវប្បធម៌ខ្មែរ ស្របពេលដែរនិន្នាការ ទេសចរអន្តរជាតិ កំពុងចាប់អារម្មណ៍ ចូលចិត្តគោលដៅទេសចរណ៍ មិនមានមនុស្សអូអរច្រើន ទេសចរណ៍ធម្មជាតិ ទេសចរណ៍វប្បធម៌ និងទេសចរណ៍បែបសហគមន៍។ ដូចនេះ កម្ពុជា អាចទាញប្រយោជន៍ពី វិស័យទេសចរណ៍ និងការបង្ហាញអត្តសញ្ញាណវប្បធម៌ជាតិ ស្របពេលជាមួយគ្នា ទាំងនេះគឺជាការអភិវឌ្ឍប្រកប ដោយចីរភាព និងការបន្ថែមចូលជាតិ ដោយឧស្សាហកម្មគ្មានផ្សែង។
បន្ថែមពីនេះ កម្ពុជា បាននិងកំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឥតឈប់ឈរសម្រាប់ បម្រើវិស័យទេសចរណ៍ ជាក់ស្ដែងកាលពីមុនយើង អាចទៅកាន់តំបន់ឆ្នេរសមុទ្រ ខេត្តព្រះសីហនុ ដោយចំណាយពេល ៥ ទៅ ៦ ម៉ោង បច្ចុប្បន្ន យើងអាចធ្វើដំណើរត្រឹមតែ ២ ម៉ោងកន្លះប៉ុណ្ណោះ តាមរយៈផ្លូវល្បឿនលឿន។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប ទើបបើកដំណើរការ កាលពីឆ្នាំ២០២៣ មានសមត្ថភាពទទួល អ្នកដំណើរបានច្រើនជាងមុន និងអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រៀមបើកដំណើរការនៅខែកក្កដា ឆ្នាំ២០២៥ នឹងមានលទ្ធភាពតភ្ជាប់ ជើងហោះហើរត្រង់ ពីសហគមន៍អឺរ៉ុប មកកាន់កម្ពុជា។
សូមបញ្ជាក់ថា កម្ពុជា ទទួលបានកិត្តិនាមជាទិសដៅ ទេសចរណ៍វប្បធម៌ ឈានមុខគេនៅអាស៊ី រយៈពេល ៣ ឆ្នាំជាប់គ្នា តាំងពីឆ្នាំ ២០២២-២០២៤ ពីពានរង្វាន់ទេសចរណ៍ពិភពលោក World Travel Awards ដែលសម្បូរទៅដោយទិសដៅ ទេសចរណ៍វប្បធម៌ សម្បតិបេតិកភណ្ឌពិភពលោក និងបេតិកភណ្ឌអរូបី។
ប្រភព៖ ហ្វេសបុកផេក សម្តេចធិបតី នាយករដ្ឋមន្ត្រី