បន្ទាយមានជ័យ៖ គិតមកត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥ នេះ កំណាត់ចុងក្រោយ ផ្លូវជាតិលេខ៥ សិរីសោភ័ណ-ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យប្រវែង ៣៥,១៤គីឡូម៉ែត្រ សម្រចបានលទ្ធផលជារួម ២៩%ហើយ។
គួរឲ្យដឹងផងថា កំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) គឺជាកំណាត់ចុងក្រោយ នៃគម្រោងស្តារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៥ ដោយគ្រោងនឹងបញ្ចប់ ក្នុងអំឡុងឆ្នាំ២០២៦ ខាងមុខនេះ។
ដូចគ្នានេះដែរ ឯ. អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក៏បានអ្នកប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) មេត្តាប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវបើកបរ ក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ និងបើកបរក្នុងល្បឿនសមល្មម កាត់បន្ថយការហុយធូលី លើបងប្អូនប្រជាពលរដ្ឋ នៅតាមដងផ្លូវ។
ឯ. អភិបាលខេត្ត ក៏សូមឲ្យប្រជាពលរដ្ឋរស់នៅ តាមសងខាងផ្លូវ និងប្រជាពលរដ្ឋធ្វើដំណើរ មានការយោគយល់ អធ្យាស្រ័យខ្ពស់ ក្នុងពេលដំណើរការដ្ឋានពង្រីក និងលើកកម្រិតគុណភាព កំណាត់ផ្លូវជាតិលេខ៥ កំពុងដំណើរការមមាញឹកនេះ។