ពោធិ៍សាត់៖ ស្ពានលេខ២៨ នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ កម្ពស់ ៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា សម្រេចការសាងសង់ ៩៣% ហើយ មានន័យថា បាំងតែជាង១ខែទៀតប៉ុណ្ណោះ ស្ពាននេះនឹងត្រូវដាក់ឱ្យប្រើប្រាស់សាកល្បង នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ គឺមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋខ្មែរយើង។
គួរឲ្យដឹងផងថា ស្ពានលេខ២៨ គឺជាផ្នែកមួយ នៃគម្រោងផ្លូវជាតិលេខ១០ (អតីតផ្លូវជាតិ១៥៥១) ប្រវែងសរុប ១៩៨,៥១ គ.ម (PK០០០+០០០ - PK១៩៨+៥១៨) ចាប់ពីផ្លូវជាតិលេខ ៥៧-៧ ត្រង់ PK ៣៥+៩០០ ស្ថិតក្នុងភូមិបញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ ៤៨ត្រង់ PK១+៧០០ ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីជាសក្ខីភាព នៃវឌ្ឍនភាពគម្រោងមួយនេះ កាលពីថ្ងៃអាទិត្យទី២ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅនេះ បានអញ្ជើញចុះពិនិត្យការងារសាងសង់ផ្លូវជាតិលេខ១០ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ដែលទទួលបន្ទុកការងារ និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ។