កោះកុង៖ គិតមកដល់ថ្ងៃទី ៣ខែកុម្ភៈឆ្នាំ២០២៥ នេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ សម្រេចលទ្ធផល ៨៣,១២% ហើយ។
គ្រប់កំណាត់នៃការដ្ឋាន គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) នេះ គឺកំពុងសម្រុកខ្លាំង ដើម្បីធានាសម្រេចវឌ្ឍនភាព តាមការគ្រោងទុក នៅបំណាច់រដូវប្រាំងឆ្នាំ២០២៥ ខាងមុខនេះ។
គួរឲ្យដឹងដែរថា គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ មានប្រវែង ១៤៨,០៣គីឡូម៉ែត្រ ចាប់ពី PK0+000-១៤៨+០៣៨ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល-ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលនឹងត្រូវស្ថាបនាជាប្រភេទផ្លូវ មានក្រាលកម្រាលបេតុងកៅស៊ូ(AC)។
គូសបញ្ជាក់ថា ខ្សែផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ ប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍។ ខ្សែផ្លូវនេះដើរតួនាទី ជាសរសៃឈាមសេដ្ឋកិច្ច ដ៏មានសក្តានុពលរបស់កម្ពុជា ក៏ដូចជាខេត្តកោះកុង ក្នុងការជួយសម្រួល ដល់ការតភ្ជាប់ទំនាក់ទំនង គមនាគមន៍ និងការធ្វើសមាហរណកម្ម តភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅ នៅក្រុងព្រះសីហនុ សម្តៅរួមចំណែក ក្នុងការជម្រុញ ការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច។