កំពត៖ កាលពីថ្ងៃទី ៦មករាឆ្នាំ២០២៥ កន្លងទៅនេះ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ AZ Group ដែលមានអាជ្ញាធរកំពង់ផែទេសចរណ៍អន្តរជាតិកំពត ជាតំណាង បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន VireakBuntham Express Co. Ltd. (VET) សម្រាប់សេវាសាឡាងល្បឿនលឿន ទៅកាន់ប្រទេសវៀតណាម និងប្រទេសថៃ។
ក្នុងនោះដែរ អគ្គនាយកក្រុមហ៊ុន VET អ្នកឧកញ៉ា ស៊ួរ វីរៈ បានមានប្រសាសន៍ថា “ភាពជាដៃគូនេះ នឹងលើកកម្ពស់ការអភិវឌ្ឍន៍ និងកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការលើកកម្ពស់ សេវាកម្មបដិសណ្ឋារកិច្ច និងការដឹកជញ្ជូនអ្នកដំណើរ តាមផ្លូវទឹកនៅកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះ មានសារៈសំខាន់ សម្រាប់វិស័យដឹកជញ្ជូន របស់កម្ពុជា ជាពិសេសក្នុងការសម្រួលដល់ ការធ្វើដំណើរភ្ញៀវទេសចរជាតិ និងអន្តរជាតិពីកំពត ទៅកាន់កោះជិតៗ និងតំបន់ផ្សេងទៀត។ វាត្រូវបានរំពឹងថានឹងក្លាយទៅជា កត្តាជម្រុញសេដ្ឋកិច្ច ដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា។”
គួរឲ្យដឹងដែរថា សេវាសាឡាងអន្តរជាតិដំបូងរបស់ VET ទៅកាន់កោះ Phu Quoc (កោះត្រល់) របស់វៀតណាម គ្រោងនឹងបើកដំណើរដំបូងរបស់ខ្លួន នៅថ្ងៃទី ៨មករានេះ។ សាឡាងល្បឿនលឿន ដែលមានសមត្ថភាពដឹកអ្នកដំណើរ ៣០០នាក់ នឹងធ្វើដំណើរ ៤០នាទីចំនួនពីរដងក្នុងមួយថ្ងៃ។ មិនតែប៉ុណ្ណោះ ជនបរទេស រួមទាំងជនជាតិខ្មែរ មិនត្រូវការទិដ្ឋាការ ដើម្បីទៅលេងកោះ Phu Quoc នោះទេ។
បន្ថែមពីនេះដែរ ក្រុមហ៊ុន VET គ្រោងនឹងដាក់ចេញសេវាកម្ម ពីកំពង់ផែទេសចរណ៍អន្តរជាតិកំពត ទៅកាន់ខេត្តត្រាតប្រទេសថៃ រួមជាមួយនឹងខេត្តព្រះសីហនុ និងកោះកុង នៅចុងឆ្នាំនេះ។
គួររម្លឹកដែរថា ក្រុមហ៊ុន VET បានដំណើរការសេវាកាណូតល្បឿនលឿន ពីក្រុងព្រះសីហនុទៅកាន់កោះរ៉ុង កោះរ៉ុងសន្លឹម និងកោះស្តេច អស់រយៈពេល ៨ឆ្នាំមកហើយ។
គូសសម្គាល់បន្ថែមផងថា កំពង់ផែអន្តរជាតិកំពត មានទំហំ ៤,៥ ហិចតា ជាមួយតម្លៃ ១០លានដុល្លារ និងមានចម្ងាយប្រហែល ១០គីឡូម៉ែត្រ ពីខេត្តកំពត ដែលផ្តល់មូលនិធិ ដោយធនាគារអភិវឌ្ឍន៍អាស៊ី ត្រូវបានបញ្ចប់នៅឆ្នាំ២០២២ ប៉ុន្តែបញ្ហាបច្ចេកទេស បានពន្យារពេលបើកដំណើរការ រហូតដល់ខែធ្នូឆ្នាំមុន។
កំពង់ផែទេសចរណ៍ថ្មីនេះ គឺជាកិច្ចសហការក្រោមភាពជាដៃគូរវាងរដ្ឋ និងក្រុមហ៊ុន AZ Group ដែលមានប្រតិបត្តិការ ចាប់ពីការសាងសង់រហូតដល់ សម្ភារៈសំណង់ រ៉ូបូតិច និងការគ្រប់គ្រងគម្រោង។ កំពង់ផែត្រូវបានបើកជាផ្លូវការនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។
ប្រភព៖ កំពង់ផែអន្តរជាតិកំពត / ក្រុមហ៊ុន VireakBuntham Express Co. Ltd. (VET)