គម្រោងលើកកម្រិត និងជួសជុលថែទាំ ផ្លូវជាតិលេខ២៣ តភ្ជាប់ស្រុកកោះធំ និងស្រុកលើកដែក ខេត្តកណ្ដាល សម្រេចលទ្ធផលបានជាង ៦៩% ហើយ និងគ្រោងបញ្ចប់ឲ្យរួចរាល់ នៅអំឡុងខែមេសា ខាងមុខ!


ខេត្តកណ្តាល៖ កំណាត់ផ្លូវជាតិលេខ២៣ (NR23) ប្រវែង១៩,៨ គីឡូម៉ែត្រ មានទទឹងតួផ្លូវ ១១ម៉ែត្រ ចាប់ពីគល់ស្ពានកោះធំ ត្រើយខាងកើតក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ(PK0+000) ដល់ផ្លូវជាតិលេខ ១៤ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល (PK19+800) បានស្ថាបនាជិតរួចរាល់ ដែលវាជាផ្នែកចម្បង និងយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាល ព្រមទាំងផ្តល់អាទិភាព សម្រាប់សម្រួលដល់ ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនផ្សេងៗ។

គូសសម្គាល់ឲ្យដឹងដែរថា គិតត្រឹមបំណាច់ខែមករា ឆ្នាំ២០២៥ គម្រោងលើកកម្រិត ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ នៃគម្រោងកែលម្អផ្លូវថ្នល់ ជំហានទី២ ការអនុអវត្តគម្រោង សម្រេចបានលទ្ធផលជារួម ៦៩,៤០% ហើយ។ តាមផែនការគម្រោងលើកកម្រិត ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ ដោយឆ្លងកាត់ឃុំចំនួន៤ គឺឃុំជ្រោយតាកែវ ឃុំកំពង់កុង ឃុំលើកដែក និងឃុំពាមរាំង ស្រុកកោះធំ ស្រុកលើកដែក ខេត្តកណ្តាល នឹងត្រូវបញ្ចប់នៅថ្ងៃអំឡុងខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។

ជាក់ស្តែង នៅក្នុងគម្រោងលើកកម្រិត ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ រួមមាន៖ ការពង្រីកផ្លូវឱ្យមានទទឹងកាន់តែធំ, ការងារសាងសង់ និងជួសជុលដោយចាក់ក្រាលកៅស៊ូ AC, ការរចនាចិញ្ចើមផ្លូវ, ការរៀបចំប្រព័ន្ធលូបង្ហូរទឹក (U-drain) ត្រង់ចំណុចសំខាន់ៗ, ការរៀបចំជើងទេរដែលមានភាពធន់ទៅនឹងការបម្រែបម្រួលអាកាសធាតុ និងភាតរៈបរិស្ថាន (Climate Friendly) និងការងារថែទាំខួបសម្រាប់រយៈពេល ៣ ឆ្នាំបន្ទាប់ពីការងារសាងសង់ ត្រូវបានបញ្ចប់។

 

ប្រភព៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល