គម្រោងអគារខ្ពស់ៗបំផុត ដែលកំពុងសាងសង់ និងត្រៀមបញ្ចប់ក្នុងពេលខាងមុខ


ស្របពេលដែលចំនួនប្រជាជន បន្ដកើនឡើងជុំវិញពិភពលោក ការអភិវឌ្ឍទីក្រុងប្រឈម នឹងការប្រកួតប្រជែង ដើម្បីស្វែងរកដំណោះស្រាយ នូវការផ្ដល់លំនៅដ្ឋាន និងកន្លែងធ្វើការ សម្រាប់ប្រជាជនរាប់ពាន់លាននាក់ ក្នុងទីក្រុង។

អគារខ្ពស់ ត្រូវបានស្ថាបត្យករ ប្រើប្រាស់ដើម្បីជាមធ្យោបាយដោះស្រាយ សំណង់ក្នុងទីក្រុងយ៉ាងមានប្រសិទ្ធភាព ដែលផ្ដល់នូវអគារលំនៅដ្ឋាន អគារការិយាល័យ អគារពាណិជ្ជកម្ម ទីតាំងកម្សាន្ដប្រកបដោយ ភាពច្នៃប្រឌិត និងហាងទំនិញជាដើម។

ខាងក្រោមនេះ គឺជាអគារខ្ពស់ៗបំផុត ដែលកំពុងស្ថិតក្នុងការសាងសង់៖

១. អគារ Burj Binghatti Jacob & Co Residences
មានកម្ពស់ ៥៩៥ ម៉ែត្រ ស្ថិតនៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត អារ៉ាប់រួម មានចំនួន ១០៥ ជាន់ គឺជាអគារប្រើប្រាស់ចម្រុះ និងជាអគារលំនៅដ្ឋានកម្រិតខ្ពស់។ សំណង់នេះ បានសាងសង់ឡើង ក្នុងឆ្នាំ២០២២ គ្រោងនឹងបញ្ចប់នៅត្រឹមឆ្នាំ២០២៦។

២. អគារ Six Senses Residences

មានកម្ពស់ ៥១៧ ម៉ែត្រ ស្ថិតនៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត អារ៉ាប់រួម មានចំនួន ១២៥ ជាន់ ត្រូវបានរចនាប្លង់ដោយ ក្រុមហ៊ុនស្ថាបត្យកម្ម Woods Bagot បានបើកការដ្ឋានសាងសង់ កាលពីឆ្នាំ២០២៤ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨ គឺជាអគារលំនៅដ្ឋានកម្រិតខ្ពស់។

៣. អគារ China International Silk Road Center

ស្ថិតនៅក្នុងទីក្រុង Xi’an ខេត្ត Shaanxi ត្រូវបានសាងសង់នៅ ភូមិភាគកណ្ដាលប្រទេសចិន តំណាងដល់ការធ្វើពាណិជ្ជកម្មផ្លូវសូត្រ។ អគារនេះ មានកម្ពស់ ៤៩៨ ម៉ែត្រ មានចំនួន ១០១ ជាន់ គឺជាអគារការិយាល័យ និងសណ្ឋាគារ ដែលបានរចនាប្លង់ដោយក្រុមហ៊ុនស្ថាបត្យករ Skidmore, Owings & Merrill ដែលបានចាប់ផ្ដើម សាងសង់កាលពីឆ្នាំ ២០១៩។

៤. អគារ Tianfu Center

ស្ថិតនៅទីក្រុង Chengdu ប្រទេសចិន មានកម្ពស់ ៤៨៩ ម៉ែត្រ មានចំនួន ៩៥ ជាន់ ត្រូវបានរចនាដោយ ក្រុមហ៊ុនស្ថាបត្យកម្ម Kohn Pedersen Fox Associates គឺជាអគារការិយាល័យ និងពាណិជ្ជកម្ម ដែលបានចាប់ផ្ដើមសាងសង់កាលពីឆ្នាំ២០១៩ គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៧។

៥. អគារ Rizhao Center

ស្ថិតនៅទីក្រុង Rizhao Center ប្រទេសចិន មានកម្ពស់ ៤៨៥ ម៉ែត្រ មានចំនួន ៩៤ ជាន់ ត្រូវបានរចនាដោយ ក្រុមហ៊ុនស្ថាបត្យកម្ម Beijing Tsinghua Tongheng Planning & Design Institute Co., Ltd ដែលបានចាប់ផ្ដើមសាងសង់នៅឆ្នាំ ២០១៩ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨ ជាអគារប្រើប្រាស់ចម្រុះ មានការិយាល័យ លំនៅដ្ឋាន និងសណ្ឋាគារ។

៦. អគារ North Bund Tower

មានកម្ពស់ ៤៨០ ម៉ែត្រ ស្ថិតនៅទីក្រុងសៀងហៃ ប្រទេសចិន មានចំនួន ៩៧ ជាន់ គឺជាអគារប្រើប្រាស់ចម្រុះមានទាំង អាផាតមិន សណ្ឋាគារ ការិយាល័យ និងកន្លែងកម្សាន្ដមើលទេសភាព។ អគារនេះ បានរចនាប្លង់ដោយក្រុមហ៊ុន Kohn Pedersen Fox Associates ចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២០ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០៣០។

៧. អគារ Torre Rise

ស្ថិតនៅទីក្រុង Monterrey ប្រទេស Mexico អគារនេះមានកម្ពស់ ៤៧៥ ម៉ែត្រ មានចំនួន ៨៨ ជាន់ ដែលប្រើប្រាស់សម្រាប់ការិយាល័យ លំនៅដ្ឋាន សណ្ឋាគារ និងហាងទំនិញ។ ត្រូវបានរចនាដោយក្រុមហ៊ុន Pozas Arquitectos ចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២០ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦។

៨. អគារ Wuhan CTF Finance Center

ស្ថិតនៅទីក្រុង Wuhan ប្រទេសចិន មានកម្ពស់ ៤៧៥ ម៉ែត្រ មានចំនួន ៨៤ ជាន់ ប្រើប្រាស់ជាអគារពាណិជ្ជកម្ម និងការិយាល័យ។ អគារនេះ ត្រូវបានរចនាប្លង់ដោយក្រុមហ៊ុន Ronald Lu & Partners ដែលបានសាងសង់កាលពីឆ្នាំ២០១២ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៩។

៩. អគារ Suzhou CSC Fortune Center

ស្ថិតនៅទីក្រុង Suzhou ប្រទេសចិន មានកម្ពស់ ៤៦០ ម៉ែត្រ មានចំនួន ១០០ ជាន់ នឹងត្រូវប្រើប្រាស់ជាអគារលំនៅដ្ឋាន និងការិយាល័យ។ អគារនេះ ត្រូវបានរចនាដោយក្រុមហ៊ុន Skidmore, Owings & Merrrill ដែលបានចាប់សាងសង់នៅឆ្នាំ២០២២ គ្រោងបញ្ចប់នៅឆ្នាំ ២០២៨។

១០. អគារ International Land-Sea Center

ស្ថិតនៅទីក្រុង Chongqing ប្រទេសចិន មានកម្ពស់ ៤៥៨ ម៉ែត្រ មានចំនួន ៩៨ ជាន់ នឹងត្រូវប្រើប្រាស់ជា អគារការិយាល័យ និងសណ្ឋាគារ។ អគារនេះ ត្រូវបានរចនាដោយក្រុមហ៊ុន Kohn Pedersen Fox Associates ដែលចាប់ផ្ដើមសាងសង់កាលពីឆ្នាំ ២០០៧ គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៥។

 

ប្រភព៖ Archdaily