ព្រះសីហនុ៖ នាវាទេសចរណ៍បរទេសមួយគ្រឿង បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត ៦០០នាក់ ស្មើនឹង២២សញ្ជាតិ បានចូលសុំចត ធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេលមួយថ្ងៃ តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព។
បើយោងតាម ការឱ្យដឹងពីមន្ត្រីនគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី ៧កុម្ភៈនេះថា នាវាទេសចរណ៍បរទេស ០១គ្រឿង មានឈ្មោះ SEA BOURN ENCORE សញ្ជាតិ BAHAMAS មានបណ្តោយ ២១០,៥ម៉ែត្រ ទទឹង២៨ម៉ែត្រ ជម្រៅទឹក៦ម៉ែត្រ បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន ៥៩២នាក់ ស្រី៣០៧នាក់ ស្មើនឹង២២សញ្ជាតិ និងមាននាវិកសរុបចំនួន ៤០៤នាក់ ស្រី ១០២នាក់ ស្មើនឹង ៤៧សញ្ជាតិ។
គួរឲ្យដឹងដែរថា នាវាទេសចរណ៍ SEA BOURN ENCORE នេះ បានធ្វើដំណើរចាកចេញពី ប្រទេសថៃចូលសំចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង៦ និង៣០នាទី ព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានគម្រោងចាកចេញពី កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង២០ ថ្ងៃដដែល ឆ្ពោះទៅកាន់កំពង់ផែ ប្រទេសវៀតណាម។
ភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរតាមនាវាទេសចរណ៍បរទេស SEA BOURN ENCORE ដែលមានសញ្ជាតិច្រើនជាងគេមានដូចជា USA ៣៣២នាក់ British ១០៦នាក់ ក្រៅពីនោះមានភ្ញៀវទេសចរសញ្ជាតិផ្សេងៗទៀត។ ក្នុងចំណោមភ្ញៀវទេសចរបរទេសជិត៦០០នាក់ មានភ្ញៀវទេសចរ ចុះពីនាវាចេញទៅទស្សនាអង្គរ ក្នុងខេត្តសៀមរាបចំនួន៦៤នាក់ ស្រី៣៧នាក់ ស្មើនឹង៦សញ្ជាតិ។
ទន្ទឹមនឹងនេះ ក៏មានភ្ញៀវទេសចរបរទេស ធ្វើដំណើរកម្សាន្តតាមឡានក្រុង ទស្សនាក្នុងខេត្តព្រះសីហនុ ដូចជា ភូមិនេសាទទំនប់រលក សង្កាត់លេខ១ ទីប្រជុំជនផ្សារលើ តំបន់មាត់សមុទ្រ រូបសំណាកតោពីរ តំបន់វប្បធម៌មានដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ ក្នុងក្រុងព្រះសីហនុ។ ទៅកម្សាន្តតំបន់អភិឌ្ឍ Boy of light រូបសំណាកព្រះថោងនាងនាគ មជ្ឈមណ្ឌលវិបស្សនាធុរៈគិរីនាគវ័ន (វត្តសមាធិ) ឃុំរាម ស្រុកព្រៃនប់ ជាដើម។
សូមរម្លឹកថា កាលពីថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ មាននាវាទេសចរណ៍បរទេស ចំនួន០២គ្រឿងទៀត បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ២០០០នាក់់ បានចូលចតធ្វើទស្សនកិច្ច តាមច្រកកំពង់ផែសមុទ្រខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាពផងដែរ។
ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ / ក្រសួងព័ត៌មាន