អបអរសាទរ ផ្លូវល្បឿនលឿន (Expressway) ភ្នំពេញ-ព្រះសីហនុ ២ ពាន់លានដុល្លារ បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ!

បច្ចុប្បន្ននេះ ចក្ខុវិស័យនៃការអភិវឌ្ឍន៍ប្រទេសកម្ពុជាបាញ់តម្រង់ទៅកាន់វិស័យ ៤ ធំៗជាអាទិភាព ក្នុងនោះមានការអភិវឌ្ឍន៍ធនធានមនុស្សជាចម្បង ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការផ្គត់ផ្គង់ទឹក និងផ្គត់ផ្គង់ភ្លើង ដែលសុទ្ធសឹងជាអ្វីដែលជម្រុញដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យបានរីកចម្រើនប្រកបទៅដោយនិរន្ដរភាព។ ផ្លូវថ្នល់បានកំពុងតែយកចិត្តទុកដាក់ខ្លាំងបំផុត ដោយយើងបានឃើញការសាងសង់ផ្លូវថ្មីៗ និងជួសជុលឲ្យប្រសើរឡើងជាច្រើនមិនថា ផ្លូវជាតិ ផ្លូវតាមក្រវ៉ាត់ក្រុង និងផ្លូវសេដ្ឋកិច្ច ហើយមកដល់បច្ចុប្បន្ននេះយើងមានផ្លូវល្បឿនលឿន (Expressway) ទៀត។ នេះប្រហែលជាលើកទីមួយហើយដែលយើងបានឃើញកម្ពុជាសាងសង់ផ្លូវល្បឿនលឿន ដែលជាផ្លូវសម្រាប់យានយន្ដអាចបើកបរដល់គោលដៅក្នុងរយៈពេលខ្លី ដោយប្រើល្បឿនលឿន ដោយមិនបារម្ភច្រើនអំពីផ្លូវឆ្លងកាត់ច្រើនឡើយ។

នៅក្នុងថ្ងៃទី ២២ មីនា ២០១៩ នេះកម្ពុជាបានបើកសម្ពោធការដ្ឋានសាងសង់ផ្លូវល្បឿនលឿន (Expressway) ភ្នំពេញ-ព្រះសីហនុ ជាផ្លូវការនៅកំពង់ស្ពឺ ក្រោមអធិបតីដ៏ខ្ពស់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយលោក ខុង សៀនយ៉ូវ (KONG XUANYOU) អនុរដ្ឋមន្ដ្រីក្រសួងការបរទេសចិន ដែលគម្រោងនេះត្រូវបានវិនិយោគដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodia PPSHV Expressway Co., Ltd និងផ្តល់ការប្រឹក្សាបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Minconsult SDN BHD ផងដែរ ហើយត្រូវចំណាយទឹកប្រាក់ចំនួន ២ ពាន់លានដុល្លារក្នុងការសាងសង់ទាំងមូល ដែលការសាងសង់ប្រើប្រាស់រយៈ ៤៨ ខែចាប់ផ្ដើមពីខែមីនា ២០១៩ ទៅដល់ខែមីនា ២០២៣ នឹងបញ្ចប់ជាស្ថាពរ។

ជាទូទៅ ផ្លូវដែលភ្ជាប់រាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ យើងអាចធ្វើដំណើរបានតាមរយៈផ្លូវជាតិលេខ ៤ ដែលជាផ្លូវអាស៊ានលេខ ១១ បានក្នុងរយៈចំងាយ ២៣០ គីឡូម៉ែត្រ។ ការធ្វើដំណើរតាមផ្លូវជាតិលេខ ៤ គេអាចបើកបរក្នុងល្បឿនលឿនបាន ប៉ុន្តែមិនមែនគ្រប់កាលៈទេសៈនោះទេ ដោយសារតែមានទីប្រជុំជនច្រើន និងមានការឆ្លងកាត់ច្រើនផងដែរ ដូចនេះហើយបានជាមានការសាងសង់ផ្លូវល្បឿនលឿន Expressway នេះឡើង ដែលមានបញ្ជៀសបញ្ហាចរាចរនានា អនុញ្ញាតិអោយអ្នកបើកបរនៅក្នុងល្បឿនជាមធ្យមពី ១០០ ទៅដល់ ១២០ គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។

យោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់អំពីលក្ខណៈសម្បត្តិរបស់ផ្លូវល្បឿនលឿន (Expressway) ភ្នំពេញ-ព្រះសីហនុ ដូចខាងក្រោមនេះ ៖

  • ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ នេះ មានប្រវែងសរុប ១៩០គ.ម​ ត្រូវបានតភ្ជាប់ ពីភូមិទី១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិទី១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ឆ្លងកាត់រាជធានីភ្នំពេញ (ប្រវែង ៨,៣០គ.ម) ខេត្តកណ្តាល (ប្រវែង ៩,១០គ.ម) ខេត្តកំពង់ស្ពឺ (ប្រវែង ៨០,៨០គ.ម) ខេត្តកោះកុង (ប្រវែង ១,៩២គ.ម) និងខេត្តព្រះសីហនុ (ប្រវែង ៨៩,៨៩គ.ម)។
  • ផ្លូវនេះមានទទឹងតួផ្លូវសរុប ២៤,៥ ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០សង់ទីម៉ែត្រ ចែកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ហើយគន្លងនីមួយៗមានទទឹង ៣,៧៥ម៉ែត្រ ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរក្នុងល្បឿនរហូតដល់ ១០០គ.ម ទៅ ១២០គ.ម ក្នុងមួយម៉ោង។
  • ផ្លូវល្បឿនលឿននេះ មានរៀបចំខឿនសួនចែកទិសចរាចរណ៍នៅចំកណ្តាលទ្រូងផ្លូវ សាងសង់លូគ្រប់ប្រភេទចំនួន ២៦៣កន្លែង ស្ពានតូចចំនួន ៥កន្លែង (ប្រវែងសរុប ១០៥ម៉ែត្រ) ស្ពានធំ និងស្ពានមធ្យមចំនួន ៨០កន្លែង (ប្រវែងសរុប ៦.០១៥ម៉ែត្រ)។
  • សាងសង់ផ្លូវប្តូរទិសចរាចរណ៍ចំនួន ៦កន្លែង ផ្លូវប្រសព្វចំនួន ២៨កន្លែង ផ្លូវក្រោមផ្លូវល្បឿនលឿនចំនួន ២៣៧កន្លែង និងស្ពានអាកាសចំនួន ២០កន្លែង សាងសង់តំបន់សេវាកម្ម (ចំណតឈប់សម្រាក) ចំនួន ៣កន្លែង ចំណតរថយន្តចំនួន ១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវ ចំនួន ៤កន្លែង។
  • ព្រមទាំងបំពាក់គ្រឿងបរិក្ខារផ្លូវថ្នល់ រួមមាន ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍ជាច្រើនទៀតផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងក្ដីរីករាយក្រៃលែងចំពោះការសម្ពោធការដ្ឋានសាងសង់ផ្លូវល្បឿនលឿន (Expressway) ភ្នំពេញ-ព្រះសីហនុ ក្នុងថ្ងៃនេះ ព្រមទាំងបានបញ្ចាក់ផងដែរថា គម្រោងនៃការសាងសង់ទាំងស្រុងនេះ មិនមែនរដ្ឋាភិបាលកម្ពុជាខ្ចីលុយពីចិននោះទេ ប៉ុន្តែវាជាការវិនិយោគតាមរូបភាព​សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ​ (BOT) ហើយក្រុមហ៊ុន ​មិនបាន​ទាមទារ​នូវ​ការ​ធានា​​​​ឥណទាន​ពី​រាជ​រដ្ឋា​​​ភិបាល​កម្ពុជាឡើយ។ ដូចនេះនូវរាល់ការបើកបរនៅលើផ្លូវល្បឿនលឿននេះ ចាប់ពីភ្នំពេញទៅដល់ខេត្តព្រះសីហនុ គឺត្រូវមានបញ្ជរបង់ប្រាក់ ចំនួន ៨ កន្លែង ប៉ុន្តែក្រោមការយោគយល់របស់ក្រុមហ៊ុនចិន និងរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនបានឯកភាពមិនយកថ្លៃយានយន្តគ្រប់ប្រភេទដែលបើកបរលើផ្លូវល្បឿនលឿននេះ ក្នុងរយៈពេល១ខែដំបូង និងបញ្ចុះតម្លៃ២០% សម្រាប់រយៈពេល១ឆ្នាំបន្ទាប់ពីនោះ។ លើសពីនេះទៀត ក្រុមហ៊ុនបានយល់ព្រមកែសម្រួលកម្រៃសេវាឆ្លងកាត់ក្នុងរយៈពេល ៥ឆ្នាំម្តង នៃប្រតិបតិ្តការអាជីវកម្មរបស់ខ្លួនផងដែរ។

គួរបញ្ជាក់ផងដែរ នៅក្នុងប្រទេសកម្ពុជាយើងមានប៉ូលសេដ្ឋកិច្ចសំខាន់ៗចំនួន ៣ កន្លែងដោយទីមួយគឺទីក្រុងភ្នំពេញ ទីពីរគឺខេត្តព្រះសីហនុ និងទីបីគឺខេត្តសៀមរាប។ ហើយសម្រាប់ខេត្តព្រះសីហនុនេះហើយ ដែលមានទំនិញនាំចេញនាំចូលច្រើនជាងគេ ដោយយើងអាចមើលឃើញតាមរយៈកំពង់ផែ រោងចក្រ សហគ្រាសធំតូចជាច្រើន ដែលធ្វើឲ្យផ្លូវជាតិលេខ ៤ មានភាពមមារញឹកទាំងយប់ថ្ងៃ ដូចនេះសម្រាប់ការអភិវឌ្ឍន៍ផ្លូវបន្ថែមភ្ជាប់ពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ គឺជាដំណោះស្រាយដែលមានប្រសិទ្ធភាពបំផុតក្នុងការពង្រឹងដង្ហើមសេដ្ឋកិច្ចកម្ពុជា ថែមទាំងជួយឲ្យអចលទ្រព្យនៅតាមបណ្ដោយផ្លូវនោះកើនកាន់តែខ្លាំងផងដែរ និងមានការវិនិយោគកាន់តែច្រើនបន្ថែមទៀត។

អញ្ចឹង នេះគឺជាសមិទ្ធផលថ្មីនៅត្រីមាសទី ១ ឆ្នាំ ២០១៩ ដែលកម្ពុជានឹងទទួលបានផ្លូវល្បឿនលឿនដ៏ស្រស់ស្អាតមួយដំបូងបង្អស់នៅរយៈពេល ៤ ឆ្នាំខាងមុខ ដែលទឹកប្រាក់នៃការសង់សង់ទាំងមូលជាការវិនិយោគសុទ្ធសាធ មិនមែនជាកម្ចីនោះទេ។ ចំណែកឯផ្លូវនេះ វានឹងជួយសម្រួលដល់ចរាចរណ៍កាន់តែប្រសើរសម្រាប់អ្នកដំណើរដែលមានគោលដៅ ភ្នំពេញ-ព្រះសីហនុ ដែលយើងអាចបើកបរដល់គោលដៅប្រើរយៈពេលក្រោម ២ ម៉ោង ថែមទាំងកាត់បន្ថយបញ្ហស្ទះ និងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍បានមួយផ្នែកធំទៀតផង។