នៅពេលលឺដល់ឈ្មោះ Donald Trump យើងគ្រប់គ្នាដែលស្គាល់ថាជាអតីត និងអនាគតប្រធានាធិបតីទី ៤៥ និងទី៤៧ របស់សហរដ្ឋអាមេរិក និងជាវិនិយោគិន ផ្នែកអចលនទ្រព្យដ៏ធំមួយរូបផងដែរ។ ប៉ុន្តែអ្នកមានដឹងទេថាលោក Donald Trump មានអាជីវកម្មជាច្រើនទៀត ដូចជា GoTrump.com គេហទំព័រទេសចរណ៍, Trump Ice ជាក្រុមហ៊ុនទឹកពិសារបរិសុទ្ធ, Trump Steaks and Trump Vodka ភោជនីយដ្ឋានសាច់ និងយីហោស្រា, Trump Plaza Hotel and Casino ជាកាស៊ីណូនិងសណ្ឋាគារ, និង Trump Shuttle ជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ ផងដែរ។
ក្រុមហ៊ុនអាកាសចរណ៍ Trump Shuttle ត្រូវបានបើកដំណើរការអំឡុងឆ្នាំ ១៩៨៨ ជាក្រុមហ៊ុនដែលលោក Donald Trump បានទិញពីក្រុមហ៊ុនអាកាសចរណ៍ Eastern Air Lines ក្នុងតម្លៃ ៣៦៥ លានដុល្លារ ប្រែក្លាយពីក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប មកជាក្រុមហ៊ុនអាកាសចរណ៍កម្រិតខ្ពស់ ដែលប្រើប្រាស់យន្ដហោះខ្នាតធំ Boeing 727s សម្រាប់ដឹកអ្នកដំណើរ នៅតំបន់ឆ្នេរខាងកើត ដែលបានតភ្ជាប់ ការហោះហើររវាងទីក្រុងញ៉ូវយ៉ក ទីក្រុង Boston និងរដ្ឋធានី Washington D.C។
បើកដំណើរការបានត្រឹមតែ ៤ ឆ្នាំប៉ុណ្ណោះ ក្រុមហ៊ុន Trump Shuttle ត្រូវបានបរាជ័យ នៅឆ្នាំ១៩៩២ ដោយបញ្ហាបាន កើតឡើងដោយសារ ការធ្លាក់ចុះនៃចំនួនអ្នកដំណើរ ចាប់ពីខែវិច្ឆិកា ឆ្នាំ១៩៨៩ សហរដ្ឋអាមេរិចចាប់ផ្ដើមធ្លាក់ទៅក្នុងវិបត្តិសេដ្ឋកិច្ច រហូតដល់ខែសីហា ឆ្នាំ១៩៩០ ប្រទេសអ៊ីរ៉ាក់ បានឈ្លានពានប្រទេសគុយវ៉ែត បណ្ដាលអោយ តម្លៃប្រេងសាំងឡើងថ្លៃខ្ពស់។ ចាប់ពីឆ្នាំ ១៩៨៩ ក្រុមហ៊ុន Trump Shuttle បានធ្លាក់ចុះចំណូលយ៉ាងគំហុក និងបើកក្រុមហ៊ុនហោះហើរ ខ្នាតតូចថ្មីមួយ គឺក្រុមហ៊ុន Trump Air នៅឆ្នាំ ១៩៨៩ ជាប្រភេទឧទ្ធម្ភាគចក្រ ជួលការហោះហើរពីអាកាសយានដ្ឋាន LaGuardia Airport មកកាន់អគារ Wall Street Heliport នៅសង្កាត់ Manhattan ទីក្រុងញ៉ូវយ៉ក។
ក្រោយពីបានខាតបង់ ទឹកប្រាក់ជាច្រើន ក្រុមហ៊ុន Trump Shuttle និង Trump Air ត្រូវបានលក់ទៅឱ្យ ក្រុមហ៊ុនអាកាសចរណ៍ថ្មី Shuttle Inc. ក្នុងឆ្នាំ១៩៩២ និងបានប្រែឈ្មោះថ្មីថា USAir Shuttle រហូតដល់ឆ្នាំ ១៩៩៧ ក្រុមហ៊ុននេះ ក៏បានប្រែទៅ US Airways Shuttle និងត្រូវបានលក់ ទៅអោយក្រុមហ៊ុន American Airlines នៅឆ្នាំ២០១៥ ហើយបានប្រែក្លាយមកជាក្រុមហ៊ុន American Airlines Shuttle ប្រតិបត្តិការមកដល់សព្វថ្ងៃ។
ប្រភព៖ The Sydney Morning Herrald