ព្រលានយន្តហោះអន្តរជាតិតារាសាគរ ខេត្តកោះកុង តម្លៃខ្ទង់ ២០០លានដុល្លារ បានបើកដំណើរការជាផ្លូវការ ជាមួយជើងហោះហើរក្នុងស្រុក នៅថ្ងៃ ២៦ធ្នូនេះ


ខេត្តកោះកុង៖ បើយោងតាម ពិធីក្រុងពាលីនៅ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី២៥ ធ្នូ ២០២៤ កន្លងទៅបានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរតម្លៃ ២០០លានដុល្លារ ស្ថិតនៅក្នុងខេត្តកោះកុង ត្រូវបានសម្ពោធបើកស្វាគមន៍ ការហោះហើរក្នុងស្រុកជាលើកដំបូង ជាលក្ខណៈជួលមកកាន់ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នេះហើយ។

មុនពេលសម្ពោធ បើកស្វាគមន៍ការហោះហើរ ក្នុងស្រុកដំបូងនេះ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ត្រូវបានធ្វើការតេស្តសាកល្បង ដើម្បីត្រួតពិនិត្យឧបករណ៍ (Flight Engineering Inspection and Calibration) រយៈពេល២ថ្ងៃ កាលពីថ្ងៃទី២៩ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅដែរ ដើម្បីឈានទៅបើកឲ្យប្រតិបត្តការ សម្រាប់ការហោះហើរយន្តហោះ ប្រភេទស្រាលខ្នាតតូចក្នុងស្រុក។

គួររម្លឹកឲ្យដឹងដែរថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ត្រូវបានសាងសង់លើផ្ទៃដី ២១៨ហិចតា ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ជាវិនិយោគដោយក្រុមហ៊ុនចិន Union Development Group ក្នុងទំហំទឹកប្រាក់២០០លានដុល្លារ (ដំណាក់កាលទី១) ។

បច្ចុប្បន្នអាកាសយានដ្ឋាននេះ សាងសង់បានប្រមាណ ១០០% និងមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ ក្នុងការធ្វើការប្រតិបត្តិការហោះហើរក្នុងស្រុក។

ក្នុងនោះដែរ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល រំពឹងថានឹងមានការតភ្ជាប់ ជើងហោះហើរទៀងទាត់ ប្រចាំសប្ដាហ៍ រវាងរាជធានីភ្នំពេញ-តារាសាគរ រវាងព្រះសីហនុ-តារាសាគរ ចាប់ពីចុងខែធ្នូ ឆ្នាំ២០២៤ នេះតទៅ ខណៈដែលអាកាសយានដ្ឋាន អន្តរជាតិតារាសាគរ មានសមត្ថភាពអាច ទទួលអ្នកដំណើរបានដល់ ៧ លាននាក់ ក្នុងមួយឆ្នាំ ក្នុងរយៈពេលមធ្យម ចន្លោះពីឆ្នាំ២០២៥-២០៣០ និងអាចឡើងដល់ ២០ លាននាក់ក្នុងរយៈពេលវែង ចន្លោះពីឆ្នាំ២០៣០ ទៅដល់ ២០៥០។

ប្រភព៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល