ប្រទេសន័រវេស កំពុងសិក្សាលើគម្រោង សាងសង់ផ្លូវក្រោមទឹក មានឈ្មោះថា the Rogfast ដែលមានតម្លៃប្រមាណ ៤៦ ពាន់លានដុល្លារ មានប្រវែង ២៥,៧ គីឡូម៉ែត្រ និងជម្រៅ ៣៩៦ ម៉ែត្រ ត្រៀមនឹងក្លាយ ទៅជាផ្លូវក្រោមទឹកដ៏វែងបំផុត និងជម្រៅជ្រៅបំផុត លើពិភពលោក សម្រាប់តភ្ជាប់ការធ្វើដំណើររវាងទីក្រុង Randaberg និងទីក្រុង Bokn ភាគខាងជើងប្រទេសន័រវេស។
បច្ចុប្បន្ន ការធ្វើដំណើររវាទីក្រុង Randaberg និងទីក្រុង Bokn គេត្រូវចំណាយពេលជិត ២១ ម៉ោង តាមរយៈផ្លូវហាយវ៉េលេ E39 តាមបណ្ដោយឆ្នេរសមុទ្រ មានចម្ងាយ ១ ០៩៤ គីឡូម៉ែត្រ ឬតាមរយៈការជិះសាឡង់ឆ្លងកាត់សមុទ្រ។
ដូចនេះ គម្រោងផ្លូវក្រោមទឹក the Rogfast ដែលគ្រោងបញ្ចប់នៅត្រឹមឆ្នាំ២០៣៣ ត្រៀមនឹងផ្លាស់ប្ដូរការធ្វើដំណើរទាំងស្រុង រវាងទីក្រុងទាំង២ ដែលអ្នកបើកបរអាច ប្រើពេលត្រឹមតែ ៣៥ នាទីប៉ុណ្ណោះ ដើម្បីឆ្លងកាត់ផ្ទៃសមុទ្រភាគខាងជើងប្រទេសន័រវេស ជាមួយនឹងផ្លូវកាត់ជិត ប្រកបដោយទំនុកចិត្ត និងមានប្រសិទ្ធភាព។
លោក Oddvar Kaarmo ប្រធានគ្រប់គ្រងគម្រោងផ្លូវក្រោមទឹក the Rogfast បានបញ្ជាក់ថា ការជ្រើសរើសសាងសង់ផ្លូវក្រោមទឹក ជាជាងការសាងសង់ស្ពាន គឺដោយសារតែផ្លូវឆ្លងសមុទ្រនេះ មានចម្ងាយឆ្ងាយ បូកផ្សំនឹងអាកាសធាតុត្រជាក់ ធ្លាក់ព្រិល ស្ថិតនៅភាគខាងជើងទ្វីបអឺរ៉ុប ដែលអាចជាបញ្ហាចោទ លើអាកាសធាតុ សម្រាប់ការធ្វើដំណើរដោយឆ្លងកាត់ស្ពាន ឬសាឡង់។ លើសពីនេះ ផ្លូវក្រោមទឹក អាចធានារក្សានូវផ្លូវទឹក ធ្វើដំណើររបស់នាវា និងរក្សាគុណភាពផ្ទៃសមុទ្រផងដែរ។
ក្រោយពីបើកដំណើរការផ្លូវក្រោមទឹក the Rogfast នៅឆ្នាំ២០៣៣ គេរំពឹងថានឹងអាចមាន អ្នកដំណើរឆ្លងកាត់ប្រមាណ ៦ ០០០ យានយន្ដក្នុងមួយថ្ងៃ ដោយតម្លៃឆ្លងកាត់ ប្រមាណ ៣០ អឺរ៉ូ ឬប្រហែល ៣៧,៥ ដុល្លារអាមេរិក។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នប្រទេសន័រវេស មានផ្លូវក្រោមទឹកវែងបំផុតលើ ពិភពលោកស្រាប់ទៅហើយ ដោយផ្លូវក្រោមទឹក Lærdal tunnel មានប្រវែង ២៥ គីឡូម៉ែត្រ បើកប្រើប្រាស់តាំងពីឆ្នាំ២០០០ ត្រូវបានតភ្ជាប់ ការធ្វើដំណើររវាងទីក្រុង Lærdal ទៅកាន់ទីក្រុង Aurland។
ប្រភព៖ World Highways