ពាក់កណ្ដាលចុងខែកក្កដា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានសម្រេចអនុម័តជាស្ថាពរនូវគម្រោងវិនិយោគបង្កើតរោងចក្រ និងកសិដ្ឋានចំនួន ៥ កន្លែងក្នុងរាជធានីភ្នំពេញ ខេត្តតាកែវ និងកំពង់ចាម សរុបជាទឹកប្រាក់ ៤៨.៩ លានដុល្លារ ដែលបង្កើតការងារបានចំនួន ៤,៣៩០ កន្លែង។
១. ក្រុមហ៊ុន MANN LONG SHOES Co., LTD សំណើរសុំវិនិយោគបង្កើតរោងចក្រផលិតស្បែកជើងដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ ៦ ភូមិឈើទាល ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ១០.៣ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣,៣៧៩ កន្លែង។
២. ក្រុមហ៊ុន HE CHENG XING PACKAGING (CAMBODIA) CO., LTD សំណើរសុំវិនិយោគបង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំងនៅភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៣ លានដុល្លារ និងបង្កើតការងារបានចំនួន ១៨០ កន្លែង។
៣. ក្រុមហ៊ុន KANG HWA E& C (Cambodia) Co., Ltd សំណើរសុំវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមសត្វ (គោ មាន់ ទា) និងរោងចក្រកែច្នៃ និងបង្កើតស្ថានីយ៍ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យកម្លាំង ៤.៥ មេហ្គាវ៉ាត់ (សម្រាប់ប្រើប្រាស់ក្នុងកសិដ្ឋាន) ដែលមានទីតាំងនៅភូមិកកោះ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ៣១.៧ លានដុល្លារ និងបង្កើតការងារបាន ១៤៤ កន្លែង។
៤. ក្រុមហ៊ុន CORIUM LEATHER (Cambodia) Co., Ltd សំណើរសុំវិនិយោគបង្កើតរោងចក្រកែច្នៃស្បែកសត្វគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្លា ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ២.៥ លានដុល្លារ និងបង្កើតការងារបាន ២៩១ កន្លែង។
៥. ក្រុមហ៊ុន IGTM (Cambodia) Co., Ltd សំណើរសុំវិនិយោគរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានទុនវិនិយោគ ២.១ លានដុល្លារ និងអាចបង្កើតការងារបាន ៣៩៦ កន្លែង។