អារ៉ាប់រំពឹងថានឹងចំនាយជាង ៤ ពាន់លានដុល្លារ ដើម្បីកសាង និងរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស

ឌូប៉ៃ៖ ពីមួយឆ្នាំទៅមួយឆ្នាំ រដ្ឋាភិបាលរបស់អារ៉ាប់ បានសម្រេច អានុម័តនូវការចំនាយជាច្រើន ស្របតាមវិស័យនីមួយៗ ហើយក្នុងនោះហេដ្ឋារចនាសម្ព័ន្ធនៅតាមទីក្រុង ជាយក្រុង ឬនៅតាមបណ្ដាទីកន្លែងឆ្ងាយៗផ្សេងទៀត នៅទូទាំងប្រទេសត្រូវធ្វើការកែតម្រូវ ជួសជុល និងកសាងថ្មីជាដើម។ សម្រាប់ឆ្នាំ ២០២១ នេះ អារ៉ាប់រំពឹងថា នឹងចំនាយប្រមាណ ១៥ ពាន់លានឌឺហាម (Dirham) ឬប្រមាណ ៤ ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការរៀបចំ និងចាត់ចែងទៅលើហេដ្ឋារចនាសម្ព័ន្ធលើផ្ទៃប្រទេស។

ប្រភពព័ត៌មានក្នុងស្រុករបស់ប្រទេសមហាសេដ្ឋីប្រេងកាតមួយនេះ បានចេញផ្សាយឱ្យដឹងថា ឆ្នាំ២០២១ រដ្ឋាភិបាល រំពឹងថា នឹងចំនាយថវិការឱ្យបានច្រើន ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុង តំបន់សំខាន់ៗ ឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត ដោយប្រើប្រាស់ថវិការជាតិប្រមាណ ៤ ពាន់លានដុល្លារ។ ការប្រើប្រាស់ថវិការដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក៏រួមមានគោលបំណង ធ្វើការទាក់ទាញវិនិយោគិនអន្តរជាតិ ឱ្យមកបោះទុនវិនិយោគនៅតាមទីក្រុងសំខាន់ៗរបស់អារ៉ាប់ ក៏ដូចជាតំបន់ឧស្សាហកម្មជាច្រើន។

លោក Rayyan Nagadi ប្រធានមជ្ឈមណ្ឌលជាតិឯកជនភាវូបនីយកម្ម បានបញ្ជាក់ថា ការចំនាយថវិការជាតិដ៏ច្រើន ក្នុងការរៀបចំ កសាងហេដ្ឋារចនាសម្ព័ន្ធនៅលើផ្ទៃប្រទេស រដ្ឋនឹងសហការណ៍ជាមួយនឹងដៃគូ មកពីវិស័យឯកជន ដើម្បីពង្រឹងទៅដល់ល្បឿននៃការបំពេញកិច្ចការងារ ជាពិសេសធានាបាននូវគុណភាពប្រើប្រាស់បានយូអង្វែង។ ម្យ៉ាងទៀត ឆ្នាំ ២០២១ នេះ អារ៉ាប់ គ្រោងនឹងបញ្ចប់ ផែនការសំខាន់ៗជាច្រើន ដែលបានប្រកាសកាលពីឆ្នាំ ២០១៧ ដោយរំពឹងថា អាចនឹងបញ្ចប់នាឆ្នាំនេះ ខណៈឆ្នាំទៅមិញជួបវិបត្តិកូវីដ ១៩។

លោកបានបន្ថែមថា នៅក្នុងឆ្នាំ២០២២ និងឆ្នាំ ២០២៣ ខាងមុខ អារ៉ាប់រួម នឹងមានហេដ្ឋារចនាសម្ព័ន្ធកាន់តែល្អប្រសើរ ក្រោមការយកចិត្តទុកដាក់ពីរដ្ឋាភិបាល ដើម្បីជម្រុញ និងបង្កើតឱ្យមានភាពទាក់ទាញ ទៅកាន់ពិភពលោក ដើម្បីទាញភ្ញៀវទេសចរណ៍ វិនិយោគិន មកអារ៉ាប់ឱ្យបានកាន់តែច្រើន។ បច្ចុប្បន្ននេះ រដ្ឋាភិបាលមានផែនការមេរួចរាល់ហើយ ដោយសម្រេចថាផ្នែកណាមានអាទិភាព ដើម្បីឈានដល់ការសម្រេច និងបញ្ចប់ការសាងសង់ ឬស្ថាបនាជាស្ថាពរ៕