ប្រទេសក្រិចមិនសំបូរទៅដោយអគារខ្ពស់ ដូចនៅបណ្ដាប្រទេសក្នុងទ្វីបអាស៊ី ក៏ដូចជាសហរដ្ឋអាមេរិកនោះទេ តែនៅពេលនេះគម្រោងធំមួយ របស់ក្រុមស្ថាបត្យកររបស់ចក្រភពអង់គ្លេស Foster + Partners បានបង្ហាញអំពីការសាងសង់អគារខ្ពស់មួយ ស្ថិតក្នុងទីក្រុង Athens ដែលនឹងក្លាយជាអគារខ្ពស់ជាងគេបំផុតមួយលើផ្ទៃប្រទេស។
ក្រុមស្ថាបត្យករ Foster + Partners បានប្រកាសបង្ហាញអំពីគម្រោងសាងសង់អគារខ្ពស់ជាងគេបំផុតមួយ នៅក្នុងប្រទេសក្រិច ស្ថិតក្នុងទីក្រុង Athens រដ្ឋធានី និងជាបេះដូងរបស់ប្រជាពលរដ្ឋក្រិចទាំងមូល។ អគារនោះមានឈ្មោះថា Marina Tower មានកម្ពស់ ២០០ ម៉ែត្រឡើងទៅលើ មានបន្ទប់អាផាតមិន ២០០ បន្ទប់ សរុប ៤៥ ជាន់ មានទីតាំងស្ថិតនៅក្នុងតំបន់ដីទំហំ ៦២០ ហិចតា ជាទីតាំងផែនការមេ និងជាអតីតអកាសយានដ្ឋានអន្តរជាតិរបស់ក្រិច។
រចនាបទនៃអគារនេះ បានផ្សាភ្ជាប់ទៅនឹងធម្មជាតិ ជាជាងការប្រើប្រាស់ផ្ទាំងកញ្ចក់ ដោយមួយជាន់ៗ មានវេរ៉ង់ដា សម្រាប់ការដាក់តាំងរុក្ខជាតិជាច្រើន។ អាងទឹកត្រូវបានសាងសង់ និងបង្កប់នៅខាងក្នុង ជាន់ខាងលើ ចំកណ្ដាលនៃអគារ ដោយពីមួយជាន់ទៅមួយជាន់មានស្ពានឆ្លងកាត់ ភ្ជាប់សំណង់អគារ ២ ជាមួយគ្នា ធ្វើឱ្យខ្យល់ចេញចូល មានភាពងាយស្រួល និងទទួលបានពន្លឺគ្រប់គ្រាន់សម្រាប់ការរស់នៅប្រចាំថ្ងៃ។ ម្យ៉ាងអគារនេះនៅជិតសមុទ្រ ដូច្នេះអាចទស្សនាទេសភាពទីក្រុង Athens និងសមុទ្រដ៏ធំល្វឹងល្វើយ។
តាមការបញ្ជាក់របស់ក្រុមស្ថាបត្យករ បានឱ្យដឹងដូច្នេះថា គម្រោងសាងសង់អគារខ្ពស់ជាងគេនៅប្រទេសក្រិចនេះ គឺក្នុងគោលបំណងបង្ហាញទៅដល់តំបន់រស់នៅជុំវិញអំពីអគារបៃតង ដែលច្របាច់បញ្ចូលស្នាដៃស្ថាបត្យកម្មសំណង់សម័យថ្មី ទៅនឹងធម្មជាតិ រំលេចជាមួយនឹងសួនច្បាប់នៅគ្រប់ជាន់។ នៅពេលអគារនេះ បានបញ្ចប់ការសាងសង់ អគារ Athens Tower 1 ដែលបច្ចុប្បន្នមានកម្ពស់ ១០៣ ដែលខ្ពស់ជាងគេនៅក្នុងទីក្រុង នឹងក្លាយជាអគារខ្ពស់ជាងគេទី២ វិញ។
អគារ Marina Tower រំពឹងថានឹងអាចបញ្ចប់ការសាងសង់ក្នុងរយៈពេល ៥ ឆ្នាំខាងមុខទៀតនេះ ពោលគឺអាចនៅចុងឆ្នាំ ២០២៦ ជាមួយនឹងអគារខ្ពស់ៗចំនួន ៥ ផ្សេងទៀត តែមានកម្ពស់ទាបជាង។ អគារនេះ នឹងក្លាយជាលំនៅឋានប្រណិត ល្អបំផុតសម្រាប់អ្នកចូលចិត្តរស់នៅជាមួយធម្មជាតិបៃតង និងភាពឯកជនមួយនៅចំកណ្ដាលទីក្រុង ដែលអាចមើលឃើញទេសភាពដ៏ត្រកាល៕