ក្រុមហ៊ុនប្រេងធំជាងគេបំផុតរបស់ចិន ត្រៀមវិនិយោគទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងប្រវត្តិសាស្ត្រ

ប៉េកាំង៖ ក្រុមហ៊ុនប្រេងធំជាងគេបំផុតរបស់ចិន ដែលពិភពលោកស្គាល់ឈ្មោះថា Sinopec ឬហៅពេញថា China Petroleum & Chemical Corp គ្រោងនឹងធ្វើការវិនិយោគក្នុងទំហំទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងប្រវត្តិសាស្ត្រ ទៅលើវិស័យប្រេងបន្ថែមទៀតនៅក្នុងឆ្នាំ២០២២។

ក្រុមហ៊ុនប្រេង Sinopec ខ្នាតយក្សរបស់ចិន គ្រោងនឹងបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងឆ្នាំ២០២២ នេះ ជាមួយនឹងទឹកប្រាក់រហូតដល់ទៅ ១៩៨ ពាន់លានយ័ន ឬស្មើនឹងជាង USD ៣១.១០ ពាន់លានដុល្លារអាមេរិកឯណោះ នៅក្នុងវិស័យអាជីវកម្មប្រេង។ ការចំនាយថវិការបន្ថែមដ៏ច្រើននេះ គឺជាការវិនិយោគធំជាងគេបំផុតមួយក្នុងប្រវត្តិសាស្ត្រ គិតចាប់ពីថ្ងៃដែលក្រុមហ៊ុនមួយនេះចាប់កំណើតមក។

ប្រភពព័ត៌មានទីផ្សារភាគហ៊ុននៃទីក្រុងសៀងហៃ បានឱ្យដឹងថាដំណើរឆ្ពោះទៅមុខក្នុងឆ្នាំ២០២២នេះ និងបន្តចូលឆ្នាំ២០២៣ ខាងមុខក្រុមហ៊ុនប្រេងធំជាងគេរបស់ចិន គ្រោងនឹងវិនិយោគប្រមាណជា USD ១២.៧ ពាន់លានដុល្លារអាមេរិក ទៅលើការបូមប្រេងឆៅនៅក្នុងទីវាល Shubei និង Tahe ជាតំបន់ពោពេញទៅដោយឧស្ម័នធម្មជាតិ នៃខេត្តស៊ីឈ័ន (SiChuan) និងតំបន់មួយនៃប្រទេសម៉ូងហ្គោលី។ ការវិនិយោគនេះ ក៏ដោយសារតែការព្យាករណ៍បង្ហាញថា តម្រូវការប្រេង និងឧស្ម័នធម្មជាតិរបស់ពិភពលោក នឹងបន្តមានទីផ្សារនិងតម្រូវការខ្ពស់។

ការបោះទុនដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងឆ្នាំ២០២២ នេះក៏ជាកត្តាជម្រុញមកពីឆ្នាំ២០២១ ផងដែរ នៅពេល ក្រុមហ៊ុន Sinopec កើបបានប្រាក់ចំនេញជាច្រើនក្នុងប្រវត្តិសាស្ត្រកាលពីឆ្នាំ ២០២១ កន្លងទៅ ដែលតម្លៃប្រេងមានការឡើងថ្លៃខ្ពស់ ធ្វើឱ្យក្រុមហ៊ុនខ្នាតយក្សមួយនេះរកប្រាក់ចំណេញសុទ្ធសាតបានជាង USD ១១ ពាន់លានដុល្លារអាមេរិក។ តាមការវិនិយោគបន្ថែមនេះ Sinopec ព្យាករណ៍ថានឹងអាចបង្កើតការផលិតប្រេងឆៅឱ្យបាន ២៨១.២ លានបារ៉ែល និងផលិតឧស្ម័នធម្មជាតិបាន ១២,៥៦៧ ពាន់លានហ្វីតគូប ក្នុងឆ្នាំ២០២២ ខណៈឆ្នាំ២០២១ កន្លងទៅការផលិតប្រេង និងឧស្ម័នធម្មជាតិមាន ២៩៧.៧៦ លានបារ៉ែល និង ១,១៩៩ ពាន់លានហ្វីនគូប។

ទន្ទឹមនឹងការវិយោគក្នុងតំបន់ថ្មីទាំង ២ខាងលើ Sinopec ក៏បន្តធ្វើការវិនិយោគ និងចំនាយទៅលើប្រតិបត្តិការអាជីវកម្មតាមផ្នែក និងក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងៗទៀតជាធម្មតា ដែលទំហំវិនិយោគសរុបក្នុងឆ្នាំ២០២២ នេះមានប្រមាណ USD ៣១.១០ ពាន់លានដុល្លារអាមេរិក។ យ៉ាងណាក៏ដោយតាមការព្យាករណ៍ទុកជាមុន ការវិនិយោគទៅក្នុងតំបន់ថ្មីទាំង២ ខាងលើ ក៏នឹងជះឥទ្ធិពល និងបញ្ហាប្រឈមផ្សេងៗទៀតផងដែរ ទៅលើតម្លៃប្រេងក្នុងការវិនិយោគ និងប្រតិបត្តិការសម្រាប់អាជីវកម្មនៅបរទេស តែ Sinopec ពុំបានបញ្ជាក់នោះទេថាតើផលប៉ះពាល់នោះនឹងទៅជាយ៉ាងណា៕