ឥទ្ធិពលសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន នៅតំបន់អាស៊ីអាគ្នេយ៍ ចាប់ផ្ដើមធ្លាក់ចុះ?


ប្រទេសជប៉ុនដែលជា ក្បាលម៉ាស៊ីនជំរុញ សេដ្ឋកិច្ចសកលលោកមួយដែរនោះ  នៅពេលនេះហាក់បីដូចជា កំពុងបាត់បង់ឥទ្ធិពលរបស់ខ្លួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាបណ្ដើរៗហើយ។ ខណៈដែលប្រទេសចិន បានបង្កើនល្បឿនទៅមុខ យ៉ាងឆាប់រហ័ស និងបានឆក់យកតំណែង នាំមុខប្រទេសជប៉ុន ក្នុងការធ្វើពាណិជ្ជកម្មជាមួយ បណ្ដាប្រទេសសមាជិក ប្រជាជាតិអាស៊ីអាគ្នេយ៍។ ចំពោះមូលហេតុ ដែលធ្វើឲ្យប្រទេសចិន អាចវ៉ាដាច់ប្រទេសជប៉ុនបែបនេះ ក៏ដោយសារតែ ក្នុងអំឡុងពេលវិបត្ដិជំងឺកូវីដ-១៩ ប្រទេសជប៉ុន បានបិទខ្ទប់ព្រំដែន និងផ្លូវទឹករបស់ខ្លួន ដែលជាចរន្ដធ្វើពាណិជ្ជកម្ម យ៉ាងសំខាន់រវាងតំបន់អាស៊ីអាគ្នេយ៍។

ដោយឡែក បើយើងក្រលេកទៅមើល ឥទ្ធិពលសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន កាលពីក្នុងឆ្នាំ 2003 ឃើញថា ទំហំពាណិជ្ជកម្មរវាងជប៉ុន និងអាស៊ាន គឺធំជាងប្រទេសកូរ៉េខាងត្បូង ដល់ទៅបីដងឯណោះ ហើយអំឡុងពេលនោះ ប្រទេសជប៉ុន បានប្រកួតប្រជែង ជាមួយសហរដ្ឋអាមេរិក យ៉ាងស្វិតស្វាញ សម្រាប់ដណើ្ដមយក តំណែងកំពូល ជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត របស់អាស៊ាន អស់រយៈពេល 5 ឆ្នាំ រហូតដល់ឆ្នាំ 2008 មុនពេលដែលប្រទេសចិន បានបង្កើនតម្លៃពាណិជ្ជកម្មរបស់ខ្លួន។ បន្ទាប់មកនៅឆ្នាំ 2009 សេដ្ឋកិច្ចរបស់ប្រទេសចិន ក៏ចាប់ផ្ដើមនាំមុខប្រទេសជប៉ុនវិញ ហើយរហូតមកដល់ឆ្នាំ 2021 ថ្មីៗនេះ ចិនស្ទើរតែនាំមុខគេបីដង ក្នុងការធ្វើពាណិជ្ជកម្ម នៅតំបន់អាស៊ីអាគ្នេយ៍។

ការវិនិយោគផ្ទាល់ប្រចាំឆ្នាំ របស់ជប៉ុន ក្នុងតំបន់អាស៊ីអាគ្នេយ៍ មានចំនួនសរុប 14.85 ពាន់លានដុល្លារ ក្នុងឆ្នាំ 2012 ដែលជាទំហំធំទី 3 បន្ទាប់ពីការវិនិយោគក្នុងតំបន់ និងសហរដ្ឋអាមេរិក ក៏ប៉ុន្តែចំនួននេះ បានធ្លាក់ចុះមកនៅចំណាត់ថ្នាក់ទី 6 វិញ ដែលមានចំនួនត្រឹម 8.52 ពាន់លានដុល្លារប៉ុណ្ណោះ កាលពីក្នុងឆ្នាំ 2020។ ហេតុផលមួយទៀត ដែលធ្វើឲ្យឥទ្ធិពល សេដ្ឋកិច្ចជប៉ុនធ្លាក់ចុះ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏អាចបណ្ដាមកពីកត្តា លំហូរចូលនៃប្រជាជនជប៉ុន មកកាន់បណ្ដាប្រទេសអាស៊ាន មានការធ្លាក់ចុះផងដែរ។ ជាក់ស្ដែង ក្នុងឆ្នាំ 2020 មានប្រជាជនជប៉ុន ប្រមាណតែជាង 10% ប៉ុណ្ណោះ ដែលចូលមកធ្វើពាណិជ្ជកម្ម នៅតំបន់អាស៊ាន ដែលស្មើនឹងការធ្លាក់ចុះ 6%។

សរុបមក យោងតាមការស្ទង់មតិឆ្នាំ 2022 ដោយវិទ្យាស្ថាន ISEAS Yusof Ishak របស់ប្រទេសសិង្ហបុរី បានឲ្យដឹងថា មានអ្នកជំនាញគោលនយោបាយសេដ្ឋកិច្ច និងអ្នកដឹកនាំគំនិត ក្នុងបណ្តាប្រទេសអាស៊ានតែ 2.6% ប៉ុណ្ណោះ ដែលបានលើកឡើងពី ប្រទេសជប៉ុនថាជា "មហាអំណាចសេដ្ឋកិច្ច ដ៏មានឥទ្ធិពលបំផុត" ខណៈដែលប្រទេសចិន មានការគាំទ្រ និងត្រូវចាត់ទុកថាជា អ្នកមានឥទ្ធិពលសេដ្ឋកិច្ច ក្នុងតំបន់អាស៊ីអាគ្នេយ៍ រហូតដល់ 77% នៃការស្ទង់មតិ។