អូស្ត្រាលី ផ្ដល់ជំនួយលើកកម្ពស់ វិស័យកសិ-ឧស្សាហកម្មកែច្នៃនៅកម្ពុជា


ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានបង្ហាញថា រដ្ឋាភិបាលអូស្ត្រាលី បាននឹងកំពុងផ្ដល់ជំនួយ ដល់ការលើកកម្ពស់វិស័យកសិ-ឧស្សាហកម្មកែច្នៃនៅកម្ពុជា តាមរយៈកម្មវិធី CAVAC (Cambodia-Australia Agricultural Value Chain) អូស្ត្រាលី កំពុងផ្ដល់នូវធនធានថ្មី គាំទ្រដល់ទំនើបកម្ម នៃវិស័យកសិកម្មកម្ពុជា និងការអភិវឌ្ឍន៍សួនកសិ-ឧស្សាហកម្ម (API) ដែលអាចជំរុញបានច្រើន នូវសមត្ថភាពនៃការកែច្នៃ ព្រមទាំងជួយបង្កើនភាពធន់ និងការអភិវឌ្ឍន៍ដែល មានលក្ខណៈបរិយាប័ន នៅកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចសិក្សា នៅតាមសួនកសិ-ឧស្សាហកម្ម AIP (Agro-Industry Park) ដែលបានរៀបចំដោយកម្មវិធី CAVAC មានការចូលរួម ដោយគណៈកម្មាធិការដឹកនាំ AIP អ្នកតំណាងក្រសួងការបរទេស និងពាណិជ្ជកម្មរបស់រដ្ឋាភិបាលអូស្ត្រាលី រួមជាមួយសមាជិកក្រុម អ្នករៀបចំគម្រោង ដំណើរទស្សនកិច្ចនេះ បានចុះទៅកាន់តំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្មទាំង ៤ ដែលមាននៅក្នុងខេត្តកណ្ដាល កំពង់ស្ពឺ និងខេត្តព្រះសីហនុ។

លើសពីនេះទៀត អូស្ត្រាលី ក៏បានគាំទ្រដល់ប្រតិភូ ជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនជាង ២០ រូបដើម្បីធ្វើទស្សនកិច្ច នៅប្រទេសហូឡង់ ដើម្បីសិក្សាពីគំរូសួនកសិ-ឧស្សាហកម្ម ដើម្បីលើកកម្ពស់វិស័យកសិ-កែច្នៃ ពាណិជ្ជកម្ម និងការវិនិយោគ នៅប្រទេសកម្ពុជា ផងដែរ។

ស្ថានទូតអូស្ត្រាលី បានមើលឃើញថា ផលិតផលកសិកម្មសរុបរបស់កម្ពុជា មានត្រឹមតែ ១០% ប៉ុណ្ណោះ ដែលត្រូវបានកែច្នៃក្នុងស្រុក ឱកាសសម្រាប់ការរីកចំរើន នៃវិស័យកសិកម្មក្នុងប្រទេសកម្ពុជា នៅអាចមានទំហំធំ តាមរយៈកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ លើកម្មវិធី ខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) នេះ។

ដំណើរទស្សនកិច្ចនេះផងដែរ បានជួយសមាជិក គណៈកម្មាធិការ AIP ទាំងអស់ ទទួលបានការយល់ដឹង កាន់តែប្រសើរឡើង អំពីទម្រង់ប្រតិបត្តិការបច្ចុប្បន្ន បញ្ហាប្រឈម និងឱកាស នៃប្រតិបត្តិការតំបន់។ ការយល់ដឹងទាំងនេះនឹង ជួយណែនាំសមាជិក គណៈកម្មាធិការ អំពីការអភិវឌ្ឍ នាពេលអនាគតនៃ AIPs នៅកម្ពុជា។