មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល៖ កម្ពុជាទទួលបានចំណូលជាង ៥លានដុល្លារក្នុងមួយឆ្នាំ ពីរ៉ែមាស


មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា កម្ពុជាទទួលបានចំណូលជាង ៥លានដុល្លារ/ឆ្នាំ ពីរ៉ែមាស ហើយគិតត្រឹមខែសីហានេះ ក្រុមហ៊ុន Renaissance ផលិតមាសបានចំនួន ២៣២ដុំ ស្មើនឹង ៣.៥៤៣ គីឡូក្រាម ដែលនេះបានបង្ហាញ ពីការអនុវត្តបានល្អ របស់ក្រុមហ៊ុន។  ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីសមិទ្ធផល សម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា មកទល់ពេលនេះ ក្រុមហ៊ុន Renaissance ដែលជាក្រុមហ៊ុនមកពី ប្រទេសអូស្ត្រាលី ផលិតមាសបានចំនួន ២៣២ ដុំ ស្មើនឹង ៣៥៤៣គីឡូក្រាម គិតមកត្រឹមដើមខែសីហានេះ។

ឯកឧត្តម បានបញ្ជាក់ថា ក្រុមហ៊ុនមួយនេះ ក៏បានបង់សួយសារ ចូលរដ្ឋចំនួន ៥លាន១សែនដុល្លារ ផងដែរ។ ក្រៅពីក្រុមហ៊ុនមួយនេះ ក៏មានក្រុមហ៊ុនផលិតរ៉ែមាសចំនួន ៧ទៀត ទទួលបានអាជ្ញាបណ្ណ ធ្វើអាជីវកម្មផលិតរ៉ែមាសនេះ។ ប៉ុន្តែទើបតែមានក្រុមហ៊ុន មកពីអូស្ត្រាលីនេះមួយទេ ដែលផលិតបានរ៉ែមាស ជាង ៣ តោន។

«ទាក់ទងទៅនឹងរ៉ែមាស បងប្អូនបានជ្រាបច្រើនហើយថា សម្តេចតេជោ តែងតែប្រកាស នៅក្នុងព្រឹត្ដិការណ៍ធំៗ ពីមោទនភាពរបស់កម្ពុជា។ មកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Renaissance ដែលជាក្រុមហ៊ុនមកពី ប្រទេសអូស្ត្រាលីនេះ គឺបានផលិតមាសបាន បើគិតជាដុំ ២៣២ដុំ ហើយគិតជាគីឡូក្រាម នឹងបាន ៣.៥៤៣ គីឡូក្រាម មកត្រឹមខែសីហានេះ»។ ឯកឧត្តមបានបន្ថែមទៀតថា បើគិតត្រឹមថ្ងៃទី ៤ខែសីហានេះ មានក្រុមហ៊ុនដែលខម ជាក្រុមហ៊ុនខ្នាតតូចដែរ ដែលបានចាប់ផ្តើម សាកល្បងផលិតមាសបាន ២០គីឡូក្រាម។ ក្រុមហ៊ុននេះ មានគោលដៅ ផលិតឱ្យបានក្នុង១ឆ្នាំ ៣៤០គីឡូក្រាម។

បើគិតជាសួយសារ ចូលរដ្ឋបានប្រហែលជា ៦០ម៉ឺនដុល្លារក្នុងមួយឆ្នាំ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរ៉ែ និងថាមពល ជាសេនាធិការ បានប្រារព្ធ ពិធីបើកដំណើរការ រោងចក្រចម្រាញ់មាសលើកដំបូង របស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited មកពីប្រទេសអូស្រ្តាលី នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី៕