ប្រការដែលត្រូវដឹង ប្រសិនបើអ្នកមានគម្រោង ចង់ចូលទៅទស្សនា ក្នុងប្រាសាទបុរាណ នៅលើកោះបាលី របស់ឥណ្ឌូនេស៊ី!


ទីកន្លែងសក្ការៈបូជា ឬបរិវេណប្រាសាទបុរាណបែបហិណ្ឌូ នៅលើកោះបាលី គឺជាផ្នែកដ៏សំខាន់មួយបំផុត នៅលើកោះមួយនេះ ដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើន ទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិមកពីជុំវិញពិភពលោក។

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងនាមជាទីកន្លែងសក្ការៈ និងទីបរិសុទ្ធ នៅបរិវេណនេះតែងតែមានច្បាប់ ឬវិន័យជាក់លាក់ណាមួយ ដែលភ្ញៀវទាំងអស់ត្រូវតែគោរព ប្រតិបត្តិតាម ពេលដែលចូលមកទស្សនា។ កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ អជ្ញាធរតំបន់កោះបាលី បានប្រទះឃើញពីការរំលោភច្បាប់ ធ្វើឡើងដោយជនជាតិឆេក (Czech) ឈ្មោះ Zdenek Slouka ដែលត្រូវបានគេចាប់បាន នៅលើវីដេអូដោយប្រើទឹកបរិសុទ្ធ ដែលហូរចេញពីអាងទឹក (នៅលើអាសនៈ) នៅឯប្រាសាទ Pura Beji របស់ Ubud មកលាងលើខ្លួនប្រាណ ខាងក្រោម នៃមិត្តស្រីរបស់គាត់ នាង Sabina Dolezalova។

វាជារឿងដ៏អសីលធម៌មួយបានកើតឡើង នៅលើប្រាសាទបរិសុទ្ធនេះ ព្រមទាំងបានធ្វើឲ្យច្បាប់នៅទីនេះ កាន់តែរឹងបន្តឹងបន្ថែមទៀត។

គ្រោងមកធ្វើការកម្សាន្តនៅលើកោះបាលីឆាប់ៗនេះមែនទេ? នេះគឺជាចំណុចសំខាន់ៗទាំងពីរ ដែលអ្នកគួរតែដឹង មុននឹងអ្នកអាចមកដល់ទីកន្លែងសក្ការៈទាំងនេះ។

បើយោងតាមលោក I Gede Pitana សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Udayana បានលើកឡើងទៅកាន់ Kompas Travel (ក្រុមហ៊ុនទេសចរណ៍) ឲ្យដឹងថាចំណុចទាំងពីរនោះមានដូចជាៈ

១. ប្រាសាទត្រូវបានបែកចែកជាបីផ្នែក

- ផ្នែកដំបូងគឺ Hutama Mandala ឬ (Utama Mandala) ឬត្រូវបានស្គាល់ម៉្យាងទៀតជាផ្នែកទំនាបកណ្តាល។ មានតែអ្នកដែលចង់បន់ស្រន់ទេ ដែលត្រូវបានអនុញ្ញាតឲ្យចូលមកបាន។ ក្នុងនេះក៏មានផងដែរ នូវស្នាដៃសិល្បៈដ៏ពិសិដ្ឋ រូបចម្លាក់ និងនិមិត្តរូប នៃអាទិទេពហិណ្ឌូ ដែលត្រូវបានបង្ហាញពី ព្រះនានានៅក្នុងហិណ្ឌូសាសនា (Balinese Hinduism)។

- ផ្នែកបន្ទាប់គឺ Madya Mandala គឺជាកន្លែងរក្សារូបសិល្បៈចម្លាក់ពាក់កណ្តាលដ៏ពិសិដ្ឋផងដែរ ដូចជាកូនសត្វ របាំងមុខ និងបារ៉ុង តំណាងឲ្យ សត្វតោ ឬសិង្ហ។ ទីនេះក៏ជាកន្លែងសម្រាប់ចម្អិនម្ហូប ក្នុងការសែនជាដង្វាយផ្សេងៗ ហើយក៏មិនខុសពីផ្នែកទីមួយដែរ ដែលត្រូវបានអនុញ្ញាតឲ្យចូលសម្រាប់ អ្នកមានបំណងចង់បន់ស្រន់ប៉ុណ្ណោះ។

- ផ្នែកទីបី គឺជាផ្នែកខាងក្រៅប្រាសាទដែលមានឈ្មោះថា Nista Mandala។ មនុស្សគ្រប់គ្នាអាចចូលមកកាន់ផ្នែកនេះបាន រួមទាំងអ្នកដែលចូលមកត្រឹមទស្សនាធម្មតា និងមិនមានគំនិតបន់ស្រន់ ដូចជាភ្ញៀវទេសចរជាដើម។ ប៉ុន្តែយ៉ាងណាក៏ដោយ វាក៏នៅមានច្បាប់ខ្លះៗ សម្រាប់ទុកអនុវត្តនៅក្នុងបរិវេណ Nista Mandala នេះផងដែរ។

២. ច្បាប់ពិសេសសម្រាប់អ្នកទេសចរ នៅប្រាសាទ

យោងទៅតាមលោក Pitana ច្បាប់ដំបូងសម្រាប់អ្នកដែលចង់ ទៅទស្សនានៅ Pura អ្នកមិនត្រូវកខ្វក់ (សំដៅលើការប្រឡាក់រូបរាងខាងក្រៅ ឬមានចិត្តគំនិតមិនបរិសុទ្ធ) ដែលត្រូវបានគេស្គាល់ថា Cuntaka ជាពាក្យនៅក្នុងភាសាបាលី (Balinese Language)។

Cuntaka ក៏សម្តៅទៅលើស្ត្រីដែលកំពុងតែមករដូវ, មនុស្សដែលមានសមាជិកគ្រួសារដែលទើបតែស្លាប់ ឬអ្នកដែលកំពុងតែមានរបួសដាច់សាច់ចេញឈាម ឬអ្នកដែលទើបតែសម្រាលកូនដោយការវះកាត់ និងមានស្នាមកាំបិតថ្មីៗ…។

ច្បាប់មួយទៀត គឺជាការស្លៀកពាក់ឲ្យបានសមរម្យ មិនមានម៉ូដឬលេងម៉ូដខ្លាំងពេក ការរៀបចំ ឬធ្វើម៉ូដសក់ឲ្យបានត្រឹមត្រូវ មិនហួសហេតុពេក។

លោក Pitana បាននិយាយថា “តាមពិតគ្រប់ប្រាសាទទាំងអស់នៅលើកោះបាលី អ្នកអាចជួលក្រណាត់បាលី ឬកន្សែងរោម (shawl) សម្រាប់គ្របឬពាក់បានមួយជាន់ទៀតបាន បើសិនជាអ្នកពាក់ខោខូវប៊យ ចូលទៅកាន់បរិវេណប្រាសាទ”។

ច្បាប់ចុងក្រោយដ៏សំខាន់មួយទៀតនោះ គឺជាការរក្សាសុជីវធម៌ ក្នុងការសន្ទនាឲ្យបានត្រឹមត្រូវ មិនត្រូវប្រើពាក្យអសុរសដាក់គ្នា ឬនិយាយលឺៗពេកឡើយ ព្រោះតែទីកន្លែងសក្ការៈបរិសុទ្ធទៀមទារ ឲ្យមានការគោរព និងរក្សាសណ្តាប់ធ្នាប់ព្រមទាំងភាពស្ងៀមស្ងាត់ជានិច្ច។

 

ប្រភព៖ BaliExplored & CPR