នេះជាប្រាសាទរូងភ្នំ ដែលធំជាងគេបំផុត ក្នុងពិភពលោក មានអាយុកាលរាប់រយឆ្នាំ និងបានជាប់ឈ្មោះក្នុង បញ្ជីស្ថាបត្យកម្មអស្ចារ្យមួយផងដែរ


បើនិយាយអំពីប្រទេស Slovenia ជាប្រទេសមួយដែលពោពេញ ដោយធម្មជាតិ ប្រវត្តិសាស្រ្តយូរលង់ និងធម្មជាតិពាសពេញប្រទេស រួមទាំងរំលេច ភាពអស្ចារ្យនៃប្រាសាទជាច្រើន ដែលបានបន្សល់ទុក និងថែរក្សា រហូតមកទល់សព្វថ្ងៃនេះ។ សម្រាប់អត្ថបទនេះ យើងនឹងណែនាំមិត្តអ្នកអាន ឱ្យបានស្គាល់នូវប្រាសាទមួយ ស្ថិតក្នុងប្រទេសនេះ ដែលមានការសាងសង់ឡើង នៅក្នុងរូងភ្នំតែម្តង ហើយបានជាប់ឈ្មោះជា ប្រាសាទរូងភ្នំ ដែលធំជាងគេបំផុត ក្នុងពិភពលោក បើយោងតាម កំណត់ត្រាពិភពលោក Guinness World Record បានចេញផ្សាយ។

ប្រាសាទរូងភ្នំនេះ មានឈ្មោះថា Predjama សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ របស់ប្រាសាទនេះ បង្កើតឡើងជាពិសេស ដើម្បីរក្សាសុវត្ថិភាព ពីការឈ្លានពានរបស់សត្រូវ ដោយការរចនាបែប ការពារសុវត្ថិភាពច្រើនជាង សោភ័ណ្ឌភាព។ ភ្នំនេះមានកម្ពស់ជិត 122 ម៉ែត្រ ហើយត្រូវបានគេទម្លុះ និងបង្កើតជាប្រាសាទឡើង មានអាយុកាលច្រើនជាង 800 ឆ្នាំមកហើយ។ នៅក្នុងរូងភ្នំ មានការទម្លុះបានយ៉ាងទូលាយ មានជណ្តើរឆ្លង ទៅបន្ទប់នីមួយៗ គ្រប់ដណ្តប់ដោយឈើ និងមានសុវត្ថិភាព។ ចំពោះបរិយាកាសនៅខាងក្នុង ត្រូវបានអ្នកទេសចរ ដែលបានទៅដល់ទីនោះ រៀបរាប់ថា មានសំណើម, ត្រជាក់ និងពិបាក ក្នុងការរស់នៅណាស់។

តាមប្រភពដដែលបានបញ្ជាក់ថា ប្រាសាទនេះមិនមែន សម្រាប់ស្តេចអង្គណាឡើយ តែជាកន្លែងលាក់ខ្លួនរបស់ Erazem Lueger ត្រូវបានស្គាល់ថាជា Erasmus កូនប្រុសរបស់ Nikolag Lueger ជាអធិរាជអភិបាលនៃទីក្រុង Trieste ក្នុងប្រទេសអ៊ីតាលី។ ព្រោះតែ Erasmus ប្រព្រឹត្តិអំពើរឃាតកម្ម ដោយការសងសឹក ទើបបានគេច និងលាក់ខ្លួន នៅជាន់ក្រោមដី នៃប្រាសាទនេះ បានយ៉ាងសុវត្ថិភាព និងទទួលបានអាហារ ដោយលួចលាក់ និងបញ្ចូនតាមបំពង់តភ្ជាប់ ទៅរូងក្រោមដីនេះ ដោយមិនមានការចាប់អារម្មណ៍ ពីទាហានដែលតាមចាប់រូបគេ បានរយៈពេលច្រើនខែ ទើបចុងក្រោយគាត់ ត្រូវបានអ្នកបំរើម្នាក់ក្បត់ និងត្រូវទាហានចាប់គាត់បាន ហើយបានបាញ់សម្លាប់ នាពេលនោះមក។

សព្វថ្ងៃនេះ ប្រាសាទនេះបានក្លាយជា ទីជម្រករបស់សត្វប្រជៀវ ដោយអ្នកទេសចរអា ចឃើញសត្វប្រជៀវ ជាច្រើននៅក្នុងអំឡុងរដូវក្តៅ ចាប់ពីខែមិថុនា ដល់ខែសីហា។ នេះក៏ជាកន្លែង ទេសចរណ៍ប្រវត្តិសាស្រ្តមួយ របស់ប្រទេស Slovenia ដែលនៅតែត្រូវបានថែរក្សា និងអភិរក្សបានយ៉ាងល្អ សម្រាប់ទាក់ទាញភ្ញៀវទេសចរ គ្រប់ទិសទីទៅទស្សនា។