ខេត្តរតនគិរីរំពឹងថា នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ កំណើនភ្ញៀវទេសចរទៅកំសាន្តនឹងកើនឡើង ៥ ទៅ ៦%


រតនគិរី៖ ខេត្តមួយស្ថិតនៅ ភូមិភាគឦសាន្ត នៃប្រទេសកម្ពុជា គឺខេត្តរតនគិរី ដែលខេត្តនេះកំពុងរំពឹងថា នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខ ចំនួនភ្ញៀវទេសចរ ដែលទៅកំសាន្ត នឹងមានការកើនឡើង ប្រសើរជាងឆ្នាំមុនៗ ស្របពេលដែលខេត្ត សំបូរទៅដោយ រមណីយដ្ឋានធម្មជាតិមួយនេះ កំពុងតែមានសក្ដានុពល និងមានលទ្ធភាព ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ កាន់តែប្រសើរឡើង។

មន្ទីរទេសចរណ៍ខេត្តរតនគិរី រំពឹងថានាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្នុងខែកញ្ញា ឆ្នាំ២០២២ ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងចេញដំណើរកំសាន្ត នៅលើផ្ទៃប្រទេស នឹងមានចំនួនច្រើន ហើយក្នុងនោះ ការមកកំសាន្តនៅ ខេត្តភាគឦសាន្តមួយនេះ ក៏នឹងមានការកើនឡើង កាន់តែប្រសើរជាង ឆ្នាំមុនផងដែរ។ ក្នុងនោះការមកដល់ នឹងមានចំនួនច្រើន នាសប្ដាហ៍ចុងក្រោយនៃខែនេះតែម្ដង ដោយសាររយៈពេល ឈប់មានដល់ទៅ ៣ថ្ងៃ ជាប់ៗគ្នា គិតចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦។

តាមការបញ្ជាក់របស់ លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្ត បានបង្ហាញក្ដីរំពឹងថា បច្ចុប្បន្នមន្ទីរទេសចរណ៍ រួមជាមួយនឹងអាជ្ញាធរខេត្ត បានរៀបចំហេដ្ឋារចនាសម្ព័ន្ធ នៅទូទាំងខេត្ត និងតាមរមណីយដ្ឋាននានា រួចជាស្រេច ធ្វើយ៉ាងណាឱ្យមាន ភាពស្រស់ស្អាត និងសោភ័ណភាពល្អ សម្រាប់ត្រៀមសា្វគមន៍ ភ្ញៀវទេសចរ នាឱកាសកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌខាងមុខ។ លោកបន្តថា តាមការព្យាករណ៍ នឹងមានភ្ញៀវទេសចរ កើនឡើងចន្លោះពី ៥% ទៅ ៦% មកសម្រាកលេងកម្សាន្ត។ ការកើនឡើងនេះ ក៏ដោយសារជំងឺកូវីដ-១៩ មានការធូរស្រាល ហើយខេត្តមាន តំបន់ជាគោលដៅទេសចរណ៍ រហូតដល់ ៣០កន្លែង សម្រាប់ទាក់ទាញ អ្នកទេសចរ ពិសេសជាខេត្ត ដែលមានខ្យល់អាកាសបរិសុទ្ធ និងធនធានធម្មជាតិដ៏ល្អ។

គួររំលឹកផងដែរថា នាឱកាសពិធីបុណ្យភ្ជុំបិណ្ណ នាឆ្នាំ២០២១ កន្លងទៅ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានធ្វើដំណើរកំសាន្ត ទៅខេត្តរតនគិរី មានចំនួនតែ ៧.៥៨២នាក់តែប៉ុណ្ណោះ បើធៀបទៅនឹង រយៈពេលដូចគ្នា កាលពីឆ្នាំ២០២០ ឃើញថាមានការធ្លាក់ចុះ ដល់ទៅ ៤៤,០២% ដោយសារតែ បញ្ហាជំងឺកូវីដ-១៩។ យ៉ាងណាមិញ សម្រាប់ស្ថានភាពបច្ចុប្បន្ន គួបផ្សំនឹងការរៀបចំខេត្ត មានភាពល្អប្រសើរផងនោះ ខេត្តរតនគិរីរំពឹងថា ចំនួននេះនឹងកើនឡើង ខ្ពស់ជាងឆ្នាំមុន ដែលនឹងរួមចំណែក ទៅដល់សេដ្ឋកិច្ចរបស់ខេត្ត និងដោះស្រាយបញ្ហាជីវភាព របស់ប្រជាពលរដ្ឋផងដែរ៕